ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីថៃថ្មី លោក Srettha នឹងមិនទៅចូលរួម កិច្ចប្រជុំកំពូលអាស៊ាន នៅឥណ្ឌូណេស៊ី ឡើយ

BY
Khmerpress
September 4, 2023
នាយករដ្ឋមន្ត្រីថៃថ្មី លោក Srettha នឹងមិនទៅចូលរួម កិច្ចប្រជុំកំពូលអាស៊ាន នៅឥណ្ឌូណេស៊ី ឡើយ

(បាងកក)៖ ក្រសួងការបរទេសថៃ​ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះបានឱ្យដឹងថាលោកនាយករដ្ឋមន្ត្រី Srettha Thavisin នឹងមិនទៅចូលរួមកិច្ចប្រជុំ កំពូលអាស៊ានក្នុងទីក្រុងហ្សាការតា នៃប្រទេសឥណ្ឌូណេស៊ី ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែញ្ញានេះនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ ងារសារព័ត៌មាន Reuters។

លោក Srettha Thavisin បានជាប់ឆ្នោតក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃ កាលពីខែសីហាកន្លងទៅ ហើយគណៈរដ្ឋមន្ត្រីរបស់លោកក៏ត្រូវបានអនុម័តទទួលស្គាល់ ពីព្រះមហាក្សត្រថៃផងដែរកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។ លោក Srettha និងគណៈរដ្ឋមន្ត្រីរបស់លោកនឹងត្រូវស្បថចូលកាន់តំណែងនៅចំពោះមុខព្រះមហាក្សត្រថៃ Maha Vajiralongkorn នៅថ្ងៃអង្គារសប្ដាហ៍នេះ ក៏ដូចជានឹងត្រូវធ្វើសុន្ទរកថាស្ដីពីគោលនយោបាយនៅឯសភាជាតិ ហើយបន្ទាប់ពីនោះ ទើបពួកគេអាចចាប់ផ្ដើម ពេញមុខនាទីទៅតាមតួនាទីជាផ្លូវការ។

គួរបញ្ជាក់ថា បើតាមក្រសួងការបរទេសថៃ លេខាធិការអចិន្ត្រៃយ៍ លោក Sarun Charoensuwan នឹងត្រូវចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងហ្សាការតា ដោយតំណាងឱ្យលោក Srettha។ តែមិនមានការបញ្ជាក់ថាតើហេតុអ្វីបានជាលោកនាយករដ្ឋមន្ត្រី Srettha អវត្តមាននោះទេ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: