ព័ត៌មានអន្តរជាតិ

សេតវិមាន៖ ជំទាវទី១ ឆ្លងកូវីដ១៩ ខណៈលោក ចូ បៃដិន មានលទ្ធផលតេស្ដអវិជ្ជមាន

BY
Khmerpress
September 5, 2023
សេតវិមាន៖ ជំទាវទី១ ឆ្លងកូវីដ១៩ ខណៈលោក ចូ បៃដិន មានលទ្ធផលតេស្ដអវិជ្ជមាន

(វ៉ាស៊ីនតោន)៖ ជំទាវទី១របស់សហរដ្ឋអាមេរិក លោកស្រី Jill Biden បានធ្វើតេស្ដវិជ្ជមានកូវីដ១៩ តែប៉ុន្មានថ្ងៃប៉ុណ្ណោះមុននឹងស្វាមីគឺលោក ចូ បៃដិន ដែលធ្វើតេស្ដចេញលទ្ធផលអវិជ្ជមាន ត្រូវធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូល G20 នៅក្នុងប្រទេសឥណ្ឌា។ នេះបើតាមសេតវិមាន ដកស្រង់ចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៥ ខែកញ្ញា ឆ្នាំ២០២៣។

ភរិយាលោក បៃដិន គឺលោកស្រី Jill Biden មានអាយុ ៧២ឆ្នាំ ត្រូវបានក្រុមគ្រូពេទ្យបញ្ជាក់ថាមានរោគសញ្ញាស្រាលប៉ុណ្ណោះ ហើយកាលពីខែសីហា ឆ្នាំ២០២២ លោកស្រីក៏ធ្លាប់បានឆ្លងកូវីដ១៩ផងដែរ។ ចំណែក លោក ចូ បៃដិន មានអាយុ៨០ឆ្នាំ បានធ្វើតេស្ដវិជ្ជមានកូវីដ១៩ លើកចុងក្រោយបំផុត កាលពីខែកក្កដា ឆ្នាំ២០២២។

គួរបញ្ជាក់ថា ភ្លាមៗ ខាងសេតវិមានមិនបានធ្វើអត្ថាធិប្បាយអ្វីនោះទេ នៅពេលត្រូវបានសាកសួរថាតើការឆ្លងកូវីដ១៩របស់លោកស្រី Jill Biden អាចនឹងប៉ះពាល់ដល់ដំណើរទស្សនកិច្ចទៅក្រៅប្រទេសរបស់លោក ចូ បៃដិន ឬក៏យ៉ាងណានោះទេ។ ប៉ុន្តែ កាលវិភាគផ្លូវការរបស់លោក បៃដិន ដែល ត្រូវបានចេញផ្សាយមួយរយៈពេលខ្លី បន្ទាប់ពីការប្រកាសពីឆ្លងកូវីដ១៩ របស់ជំទាវទី១ បានបង្ហាញថាលោក បៃដិន នឹងធ្វើដំណើរទៅកាន់ ទីក្រុងញូវដេលី នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូល G20។ លោក បៃដិន ក៏មានគម្រោងធ្វើដំណើរទៅកាន់ប្រទេសវៀតណាម នៅថ្ងៃអាទិត្យខាងមុខនេះផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: