ព័ត៌មានអន្តរជាតិ

ចិនហាមមន្ត្រីរដ្ឋាភិបាលមិនឱ្យប្រើ iPhone សម្រាប់ការងារ

BY
Khmerpress
September 7, 2023
ចិនហាមមន្ត្រីរដ្ឋាភិបាលមិនឱ្យប្រើ iPhone សម្រាប់ការងារ

(បាងកក)៖ កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃពុធថា ប្រទេសចិនបានបញ្ជាមន្ត្រីនៅតាមទីភ្នាក់ងារនានារបស់រដ្ឋាភិបាលកណ្តាលមិនឱ្យប្រើប្រាស់ទូរស័ព្ទ iPhone របស់ក្រុមហ៊ុន Apple និងឧបករណ៍អេឡិចត្រូនិចម៉ាកបរទេសផ្សេងទៀតសម្រាប់ធ្វើការងារ ឬនាំឧបករណ៍ទាំងនោះចូលកន្លែងធ្វើការឡើយ។

កាសែត WSJ បានរាយការណ៍ដោយដកស្រង់សម្ដីរបស់ប្រភពមួយដែលបានដឹងពីករណីនេះថា ការបញ្ជាមិនឱ្យប្រើទូរស័ព្ទ iPhone និងឧបករណ៍អេឡិចត្រូនិចម៉ាកបរទេសផ្សេងទៀតនេះ ត្រូវបានដាក់ចេញដោយមន្ត្រីថ្នាក់លើទៅកាន់បុគ្គលិករបស់ពួកគេក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយវាមិនច្បាស់ទេថាតើការបញ្ជានេះត្រូវបានធ្វើឡើងទូលំទូលាយកម្រិតណានោះ។

ការហាមឃាត់នេះធ្វើឡើងនៅមុនព្រឹត្តិការណ៍របស់ក្រុមហ៊ុន Apple នៅសប្តាហ៍ក្រោយ ដែលអ្នកវិភាគជឿថានឹងមានការដាក់បង្ហាញទូរស័ព្ទ iPhone ស៊េរីថ្មី ហើយអាចបង្កឱ្យមានការព្រួយបារម្ភក្នុងចំណោមក្រុមហ៊ុនបរទេសដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសចិន នៅពេលដែលភាពតានតឹងរវាងចិន និងអាមេរិកកើនឡើង។

សេចក្តីរាយការណ៍របស់កាសែត WSJ មិនបានបញ្ចេញឈ្មោះក្រុមហ៊ុនផលិតទូរស័ព្ទផ្សេងទៀតក្រៅពីក្រុមហ៊ុន Apple នោះទេ។ ក្រុមហ៊ុន Apple និងការិយាល័យព័ត៌មានរបស់ក្រុមប្រឹក្សារដ្ឋរបស់ចិន ដែលជាទីភ្នាក់ងារឆ្លើយតបទៅនឹងសំណួររបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងនាមរដ្ឋាភិបាលចិនមិនបានឆ្លើយតបភ្លាមៗទៅនឹងសំណើសុំការអត្ថាធិប្បាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រឡើយ។

អស់រយៈពេលជាងមួយទសវត្សរ៍មកនេះ ប្រទេសចិនបាននិងកំពុងព្យាយាមកាត់បន្ថយការពឹងផ្អែកលើបច្ចេកវិទ្យាបរទេស ដោយស្នើឱ្យក្រុមហ៊ុនរដ្ឋដែលពាក់ព័ន្ធដូចជាធនាគារប្តូរទៅបប្រើសូហ្វវែរក្នុងស្រុក និងលើកកម្ពស់ការផលិតបន្ទះឈីបក្នុងស្រុក។

ទីក្រុងប៉េកាំងបានរៀបចំយុទ្ធនាការនេះនៅឆ្នាំ២០២០ នៅពេលដែលមេដឹកនាំរបស់ខ្លួនបានស្នើឡើងនូវអ្វីដែលគេហៅថា គំរូកំណើន «dual circulation» ដើម្បីកាត់បន្ថយការពឹងផ្អែកលើទីផ្សារ និងបច្ចេកវិទ្យានៅក្រៅប្រទេស ដោយសារការព្រួយបារម្ភរបស់ខ្លួនអំពីសន្តិសុខទិន្នន័យបានកើនឡើង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: