ព័ត៌មានអន្តរជាតិ

ក្រុមប្រទេសកំពុងអភិវឌ្ឍន៍ ស្នើសុំមូលនិធិ ១០០ពាន់លានដុល្លារ សម្រាប់ដោះស្រាយការខូចខាត បង្កឡើងដោយការប្រែប្រួលអាកាសធាតុ

BY
Khmerpress
September 7, 2023
ក្រុមប្រទេសកំពុងអភិវឌ្ឍន៍ ស្នើសុំមូលនិធិ ១០០ពាន់លានដុល្លារ សម្រាប់ដោះស្រាយការខូចខាត បង្កឡើងដោយការប្រែប្រួលអាកាសធាតុ

(ព្រុចសែល)៖ បណ្តាប្រទេសកំពុងអភិវឌ្ឍន៍បានដាក់ចេញនូវសំណើស្នើសុំមូលនិធិ UN ១០០ពាន់លានដុល្លារនៅឆ្នាំ២០៣០ ដើម្បីដោះស្រាយការខូចខាតដែល បណ្តាលមកពីការប្រែប្រួលអាកាសធាតុ ខណៈប្រទេសនានាត្រៀមពិភាក្សាអំពីអ្នកដែលនឹងត្រូវទទួលបានអត្ថប្រយោជន៍ និងអ្នកដែលត្រូវចំណាយ នៅឯ កិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិស្តីពីអាកាសធាតុ (COP28)។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែកញ្ញា ឆ្នាំ ២០២៣។

ប្រទេសនានា នឹងកំណត់ព័ត៌មានលម្អិតនៃការខូចខាតដោយសារការប្រែប្រួលអាកាសធាតុ នៅក្នុងកិច្ចប្រជុំកំពូល ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងឌូបៃ។ ប្រសិនបើសំណើត្រូវបានទទួលយក នោះវានឹងក្លាយជាមូលនិធិដំបូងរបស់អង្គការសហប្រជាជាតិ សម្រាប់ ការដោះស្រាយបញ្ហាដែលបណ្តាមកពីគ្រោះរាំងស្ងួត ទឹកជំនន់ និងការកើនឡើងនៃកម្រិតទឹកសមុទ្រ។

នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអង្គការសហប្រជាជាតិ កាលពីសប្តាហ៍មុន ប្រទេសកំពុងអភិវឌ្ឍន៍ រួមទាំងនៅក្នុងតំបន់អាហ្រ្វិក អាមេរិកឡាទីន អាស៉ីប៉ាស៊ីហ្វិក និងដែនកោះតូចៗ បានស្នើឡើងថា មូលនិធិសម្រាប់ដោះស្រាយការបំផ្លិចបំផ្លាញដោយសារតែកត្តាអាកាសធាតុគួរតែរៀបចំយ៉ាងហោចណាស់ ១០០ពាន់លានដុល្លារនៅឆ្នាំ២០៣០។ ទឹកប្រាក់ចំនួន ១០០ពាន់លានដុល្លារនេះ គួរតែជាកម្រិតសមរម្យ និងអាចផ្តល់សំណាញ់សុវត្ថិភាពបាន នៅពេលដែលផលប៉ះពាល់ផ្នែកអាកាសធាតុដាក់បន្ទុកលើសពីសមត្ថភាពរបស់ប្រទេសមួយ។

គួរបញ្ជាក់ថា ទោះជាយ៉ាងណាក៏ដោយ ការសម្រេចចិត្តនៅ COP28 ត្រូវការការគាំទ្រជាឯកច្ឆន្ទពីប្រទេសជិត ២០០ ដែលចូលរួមកិច្ចប្រជុំកំពូល របស់ អង្គការសហប្រជាជាតិ ហើយសំណើនេះគឺផ្ទុយនឹងគោលជំហររបស់ប្រទេសអ្នកមានមួយចំនួន ដែលរំពឹងថានឹងរួមចំណែកដល់មូលនិធិនេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: