ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីជប៉ុន ជជែកជាមួយនាយករដ្ឋមន្រ្តីចិន ជុំវិញការបញ្ចេញទឹកចម្រោះសារធាតុវិទ្យុសកម្ម

BY
Khmerpress
September 7, 2023
នាយករដ្ឋមន្រ្តីជប៉ុន ជជែកជាមួយនាយករដ្ឋមន្រ្តីចិន ជុំវិញការបញ្ចេញទឹកចម្រោះសារធាតុវិទ្យុសកម្ម

(ហ្សាការតា)៖ នាឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអុ គីស៉ីដា (Fumio Kishida) កាលពីថ្ងៃពុធសប្តាហ៍នេះ បានពន្យល់ពី គោលជំហររបស់ជប៉ុនលើការបញ្ចេញទឹកចម្រោះសារធាតុវិទ្យុសកម្មចេញពីរោងចក្រនុយក្លេអ៊ែរ Fukushima ទៅកាន់នាយករដ្ឋមន្ត្រីចិន លោក លី ឈាង (Li Qiang)។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែកញ្ញា ឆ្នាំ២០២៣។

លោក គីស៉ីដា បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា «អំឡុងពេលជជែកគ្នានោះ ខ្ញុំបានពន្យល់ពីគោលជំហររបស់ជប៉ុន ជុំវិញការចាត់ចែងបញ្ចេញទឹកចម្រោះ ចេញពីរោងចក្រ Fukushima ទៅកាន់លោកនាយករដ្ឋមន្ត្រី លី។ លោក គីស៉ីដា ​បាន​បដិសេធ​និយាយ​ពី​ការឆ្លើយតបរបស់លោក លី។

បើតាមក្រសួងការបរទេសជប៉ុន នេះជាការពិភាក្សាកម្រិតខ្ពស់លើកទី១ រវាងប្រទេសទាំងពីរចាប់តាំងពីមានការបញ្ចេញទឹកចម្រោះសារធាតុវិទ្យុសកម្មចេញពី រោងចក្រ Fukushima។

គួរបញ្ជាក់ថា ជប៉ុន បានបញ្ចេញទឹកចម្រោះសារធាតុវិទ្យុសកម្មចេញពីរោងចក្រនុយក្លេអ៊ែរ Fukushima ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក កាលពីខែសីហា ដោយទទួលរងនូវប្រតិកម្មយ៉ាងខ្លាំងពីសំណាក់ ប្រទេសចិន និងឈានដល់ការ​ដាក់​បម្រាម​លើ​ការ​នាំ​ចូល​អាហារសមុទ្រ​ទាំងអស់​ពី​​ជប៉ុន៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: