ព័ត៌មានអន្តរជាតិ

ក្រុមអ្នកជួយសង្រ្គោះ កំពុងព្យាយាមសង្រ្គោះបុរសជនជាតិអាមេរិកម្នាក់​ ដែលជាប់ក្នុងរូងភ្នំជម្រៅ១,០០០ម៉ែត្រ នៅតួកគី

BY
Khmerpress
September 8, 2023
ក្រុមអ្នកជួយសង្រ្គោះ កំពុងព្យាយាមសង្រ្គោះបុរសជនជាតិអាមេរិកម្នាក់​ ដែលជាប់ក្នុងរូងភ្នំជម្រៅ១,០០០ម៉ែត្រ នៅតួកគី

(អ៉ីស្លាម៉ាបាដ)៖ ក្រុមអ្នកជួយសង្គ្រោះជាង ១៥០នាក់ កំពុងព្យាយាមជួយសង្រ្គោះបុរសជនជាតិអាមេរិកម្នាក់ ដែលបានធ្លាក់ខ្លួនឈឺ ហើយ ជាប់ក្រោមរូងភ្នំ ជម្រៅប្រហែល ១,០០០ម៉ែត្រ នៅឯភាគខាងត្បូងប្រទេសតួកគី។ នេះយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៨ ខែកញ្ញា ឆ្នាំ២០២៣។

ក្រុមមន្ត្រីតួកគី បានឲ្យដឹងថា លោក ម៉ាក ឌីឃី (Mark Dickey) អាយុ ៤០ឆ្នាំ ស្ថិតក្នុងបេសកកម្មរុករកអន្តរជាតិនៅក្នុងរូងភ្នំម័រកា (Morca) នៃតំបន់ភ្នំតូរូស (Taurus) ហើយនៅពេលកំពុងបំពេញការងារក៏មានអាការៈហូរឈាមក្នុងក្រពះពោះវៀន ទើបត្រូវជាប់នៅក្រោមរូងភ្នំនោះ។

ប្រធានសហព័ន្ធធ្វើការពាក់ព័ន្ធនឹងរូងភ្នំរបស់តួកគី TUMAF លោក ប៊ូលែន ជែន (Bulent Genc) បានប្រាប់ Reuters «ក្រុមសង្រ្គោះអន្តរជាតិ ជាច្រើន រួមទាំងមកពីប្រទេសក្រូអាត និងអ៉ីតាលី បានចូលរួមក្នុងប្រតិបត្តិការជួយសង្រ្គោះ ដោយបែងចែកជា ៧ផ្នែក។ ប្រតិបត្តិការជួយសង្គ្រោះ នឹងចំណាយពេល ១០ថ្ងៃ ប៉ុន្តែវាអាចឆាប់ ឬយូជាងនេះ អាស្រ័យលើស្ថានភាពរបស់គាត់ តែពេលនេះលោក ឌីកឃី អាចក្រោកឈរខ្លួនឯងបាន»

គួរបញ្ជាក់ថា ខ្សែទូរស័ព្ទជម្រៅ ១,០៤០ម៉ែត្រត្រូវបានដំឡើងរួចរាល់ ហើយក្រុមសង្រ្គោះមកពីក្រូអាត កំពុងរៀចំប្រព័ន្ធទំនាក់ទំនងក្រោមដី (CaveLink) បន្ថែមទៀតជាការបម្រុងទុក៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: