ព័ត៌មានអន្តរជាតិ

BREAKING: អ្នកបាត់បង់ជីវិត ក្នុងគ្រោះរញ្ជួយដី នៅប្រទេសម៉ារ៉ុក កើនដល់២៩៦នាក់

BY
Khmerpress
September 9, 2023
BREAKING: អ្នកបាត់បង់ជីវិត ក្នុងគ្រោះរញ្ជួយដី នៅប្រទេសម៉ារ៉ុក កើនដល់២៩៦នាក់

(រ៉ាបា)៖ ក្រសួងមហាផ្ទៃនៃប្រទេសម៉ារ៉ុក បានឱ្យដឹងនៅថ្ងៃសៅរ៍ ទី៩ ខែកញ្ញានេះថាគ្រោះរញ្ជួយដីដ៏ខ្លាំងមួយដែលបានវាយប្រហារលើ ប្រទេសម៉ារ៉ុក កាលពីយប់ថ្ងៃសុក្រកន្លងទៅនេះ បានផ្ដាច់ជីវិតមនុស្ស ២៩៦នាក់ និង១៥៣នាក់ផ្សេងទៀតរងរបួស។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងមហាផ្ទៃម៉ារ៉ុក បានគូសបញ្ជាក់ដូច្នេះថា «បើតាមសេចក្ដីរាយការេណ៍ជាបឋម គ្រោះរញ្ជួយដីបាន សម្លាប់មនុស្ស ២៩៦នាក់ នៅក្នុងខេត្ត និងទីក្រុងជាច្រើន រួមមាន អាល់ហាអ៊ូស (al-Haouz) ម៉ារ៉ាកេស (Marrakesh,) អ៊ូអាហ្សាហ្សាត (Ouarzazate) អាហ្ស៉ីឡាល់ (Azilal) ឈីឆាអ៊ូអា (Chichaoua) និងតារូដាន់ (Taroudant)»។ ក្រសួងបន្ថែមថាមនុស្ស ១៥៣នាក់ ក៏បានរងរបួស និងកំពុងសម្រាក់ព្យាបាលនៅមន្ទីរពេទ្យផងដែរ។

គួរបញ្ជាក់ថា គ្រោះរញ្ជួយដីកម្រិត ៦.៨រ៉ិចទ័រ បានវាយប្រហារលើប្រទេសម៉ារ៉ុក កាលពីយប់ថ្ងៃសុក្រកន្លងទៅនេះ ដោយបង្កការរំញ័រចាប់ពី ទីក្រុងរ៉ាបា ស្ថិតនៅភាគខាងជើង រហូតដល់ទីក្រុងស៊ីឌី អ៉ីហ្វនី (Sidi Ifni) ស្ថិតនៅភាគខាងត្បូង និងទីក្រុងជាច្រើនទៀត។ បើតាម ទីភ្នាក់ងារភូមិវិទ្យាអាមេរិក USGS ចំណុចកណ្ដាលនៃគ្រោះរញ្ជួយដីខាងលើ ស្ថិតនៅក្បែរទីក្រុង អ៊ូកៃមេឌិន (Oukaimeden) នៃតំបន់ ភ្នំអាត្លាស់ (Atlas) ក្នុងចម្ងាយ ៧៥គីឡូម៉ែត្រពីទីក្រុងទីក្រុងម៉ារ៉ាកេស ជាទីក្រុងធំលំដាប់ទីរបស់ប្រទេសម៉ារ៉ុក៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: