បច្ចេកវិទ្យា

Apple ប្រកាសបង្ហាញ iPhone ជំនាន់ថ្មីចំនួន ៤ម៉ូដែលជាផ្លូវការ និងបានភ្ជាប់មកជាមួយនូវរន្ធសាកថ្ម USB-C

BY
Khmerpress
September 13, 2023
Apple ប្រកាសបង្ហាញ iPhone ជំនាន់ថ្មីចំនួន ៤ម៉ូដែលជាផ្លូវការ និងបានភ្ជាប់មកជាមួយនូវរន្ធសាកថ្ម USB-C

(ភ្នំពេញ)៖ នៅទីបំផុតក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Apple បានប្រកាស iPhone ថ្មីរហូតដល់ទៅចំនួន ៤ម៉ូដែល ប៉ុន្តែអ្វីដែលធ្វើអោយអ្នកគាំទ្រ និងមហាជនភ្ញាក់ផ្អើលជាមួយ នឹង វត្តមាន iPhone ថ្មីនេះគឺ វាបានបំពាក់មកជាមួយនឹងរន្ធសាកថ្មប្រភេទ USB-C។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSM Arena នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។

ក្រុមហ៊ុន Apple មិនបានផ្លាស់ប្ដូរឈ្មោះសម្រាប់ iPhone ជំនាន់ថ្មីឡើយ ពោលគឹបានរក្សាទុកនៅដដែល ដោយក្នុងនោះមានដូចជា iPhone 15, iPhone 15 Plus, iPhone 15 Pro និង iPhone 15 Pro Max។ នៅក្នុងមហាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលបានធ្វើនៅយប់ថ្ងៃទី១២ ឈានចូល ថ្ងៃទី១៣ ខែកញ្ញា (ម៉ោងនៅកម្ពុជា) ក្រុមហ៊ុន Apple មិនបានប្រកាសបង្ហាញវត្តមាន iPhone mini ឬ iPhone SE ជំនាន់ថ្មីនោះទេ ប៉ុន្តែ នៅលើគេហទំព័ររបស់ Apple គឺនៅបន្តមានលក់ iPhone ទាំងនេះ។

ក្រៅពីបំពាក់មកជាមួយនូវរន្ធសាកថ្មប្រភេទ USB-C ក្រុមហ៊ុន Apple ក៏បានបំពាក់នូវកាមេរ៉ាទំហំ ៤៨មេហ្គាភិចសែលសម្រាប់ iPhone ជំនាន់ថ្មីនេះផងដែរ ដោយវាមានលទ្ធភាពខ្ពស់ក្នុងការថតរូប និងវីដេអូ ជាពិសេសគឺមុខងារ Zoom។

iPhone ទាំង៤ម៉ូដែលនេះត្រូវបានក្រុមហ៊ុន Apple ដាក់អោយធ្វើការបញ្ជាទិញទុកជាមុនបានចាប់ពីថ្ងៃទី១៥ ខែកញ្ញាខាងមុខនេះ ខណៈដែល ការចេញលក់ជាផ្លូវការតែម្ដងនៅថ្ងៃទី២២ ខែកញ្ញា ដោយក្នុងនោះមានបណ្ដាប្រទេសដែលជាទីផ្សារធំៗមួយចំនួនដូចជា អាមេរិក អង់គ្លេស អាល្លឺម៉ង់ ឥណ្ឌា ចិន និងជប៉ុន ហើយចំពោះតម្លៃវិញគឺក្រុមហ៊ុន Apple បានរក្សាទុកនៅដដែលសម្រាប់ទីផ្សារអាមេរិក ដោយបានបង្កើនតម្លៃ ១០០ដុល្លារ សម្រាប់ម៉ូដែល iPhone Pro Max៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: