បច្ចេកវិទ្យា

Apple Watch ចេញមកជាមួយនឹង ២ម៉ូដែលមានតម្លៃខ្ពស់ជិត ៨០០ដុល្លារ

BY
Khmerpress
September 13, 2023
Apple Watch ចេញមកជាមួយនឹង ២ម៉ូដែលមានតម្លៃខ្ពស់ជិត ៨០០ដុល្លារ

(បរទេស)៖ នៅក្នុងមហាព្រឹត្តិការណ៍យប់មិញនេះ Apple បានបញ្ចេញនាឡិកាឆ្លាតវៃ Apple Watch របស់ខ្លួនចំនួន ២ម៉ូដែលរួមមាន Apple Watch Series 9 និង Apple Watch Ultra 2 ដែលវាមានពីរម៉ូដែលដូចគ្នាទៅនឹងជំនាន់ Series 8 កាលពីឆ្នាំមុន។ ប៉ុន្តែលើកនេះ Apple នឹងបំពាក់ដោយបន្ទះឈីប S9 ជំនាន់ថ្មីដែលដំណើរការលឿនជាងមុន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។

Apple Watch Series 9 នឹងត្រូវបានបំពាក់ដោយបន្ទះឈីប S9 ជំនាន់ថ្មី ដែលវាអាចដំណើរការបានលឿនជាងមុនដល់ទៅ ៣០ភាគរយឯណោះ។ វានឹងមានសមត្ថភាពបង្កើនល្បឿន OS ជាមួយនឹងចលនាលឿនជាងមុន ហើយវាត្រូវបានអះអាងថានឹងផ្តល់ថាមពលថ្មនៅកម្រិត ១៨ ម៉ោងដដែល។ ម៉ូដែលនេះនឹងមានទំហំ 41mm និង 45mm ដែលភ្ជាប់ជាមួយ Bluetooth និង Cellular trims ហើយនឹងត្រូវបានបំពាក់ដោយកញ្ចក់អេក្រង់ដែលមានកម្រិតពន្លឺឡើងដល់ 2,000nits ឯណោះដែលវាភ្លឺច្បាស់ជាងម៉ូដែលមុន និងធ្លាក់ចុះមកនៅសល់ត្រឹមតែ 1nit ដោយខ្លួនឯងនៅពេលយប់។

ចំពោះ Apple Watch Ultra 2 វិញនឹងត្រូវបានបំពាក់ដោយបន្ទះឈីប S9 ដូចគ្នាទៅនឹង Apple Watch Series 9 ប៉ុន្តែវានឹងមានសមត្ថភាពកាន់ថ្មបានយូរសម្រាប់រយៈពេល ៣៦ម៉ោងដូចម៉ូដែលមុន និង ៧២ម៉ោងក្នុងការបើក low-power mode។ ម៉ូដែលនេះនឹងប្រើអេក្រង់ប្រភេទ LTPO OLED ទំហំ ១.៩២អ៊ីញ និងមានកម្រិតពន្លឺឡើងដល់ 3,000nits ឯណោះ។ Watch Ultra 2 ទទួលបានមុខនាឡិកា Modular Ultra ដែលផ្តល់ឱ្យអ្នកប្រើប្រាស់នូវចំនួនព័ត៌មានច្រើនបំផុតដោយប្រើប្រាស់គែមខាងក្រៅរបស់អេក្រង់។ ឥឡូវនេះមុខងារពេលយប់អាចប្រើឧបករណ៍ចាប់សញ្ញាពន្លឺព័ទ្ធជុំវិញ ដើម្បីដំណើរការដោយស្វ័យប្រវត្តិ ហើយវាមានជម្រើសច្រើនពណ៌ជាងម៉ូដែល Apple Watch Series 9។

គួរជម្រាបដែរថា Apple Watch Series 9 ទាំងពីរម៉ូដែលនេះនឹងចាប់ផ្តើមដាក់លក់ចាប់ពីថ្ងៃទី២២ ខែកញ្ញាខាងមុខនេះតទៅដែលតម្លៃ Series 9 នឹងចាប់ផ្តើមពី ៣៩៩ដុល្លារ ខណៈដែល Ultra 2 នឹងចាប់ផ្តើមពី ៧៩៩ដុល្លារ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: