ព័ត៌មានជាតិ

សហព័ន្ធកីឡាវាយសីកម្ពុជា នឹងរៀបចំជើងឯកយុវជនអាស៊ីអាគ្នេយ៍ នាសប្ដាហ៍ក្រោយ

BY
Khmerpress
October 24, 2023
សហព័ន្ធកីឡាវាយសីកម្ពុជា នឹងរៀបចំជើងឯកយុវជនអាស៊ីអាគ្នេយ៍ នាសប្ដាហ៍ក្រោយ

(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានសេចក្ដីទុកចិត្តពីសហព័ន្ធកីឡាវាយសីអាស៊ី នៅសប្ដាហ៍ក្រោយនេះ សហព័ន្ធកីឡាវាយសីកម្ពុជា នឹងរៀបចំការប្រកួតកីឡាវាយសីជើងឯកយុវជនថ្នាក់តំបន់អាស៊ីអាគ្នេយ៍ (BA Sea Regional Junior Championship) ឆ្នាំ២០២៣ នៅទីលានវាយសី នៃពហុកីឡដ្ឋានជាតិមរតកតេជោ ខណៈអ្នកគាំទ្រអាចចូលរួមទស្សនាបានដោយសេរី។

លោក ជាម សុភា អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា ការប្រកួតនេះមានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានអត្តពលិកប្រមាណ ៧០នាក់មកពី ៥ប្រទេសចូលរួម រួមមានអត្តពលិកម្ចាស់ផ្ទះកម្ពុជា មីយ៉ាន់ម៉ា ឡាវ ប្រ៊ុយណេ និងទីម័រខាងកើត។ កម្ពុជាបានត្រៀមខ្លួនរួចរាល់ ដើម្បីទទួលធ្វើម្ចាស់ផ្ទះការប្រកួតអន្ដរជាតិលើកដំបូង បន្ទាប់ពីព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នេះ។

អគ្គលេខាធិការសហព័ន្ធដដែលបានបន្ដថា «នេះជាលើកទី១ ដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះការប្រកួតកីឡាវាយសីថ្នាក់តំបន់ បន្ទាប់ពីយើងបានរៀបចំស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមបានល្អ ទាំងទីលាន ការងារបច្ចេកទេស និងការស្នាក់នៅ-ហូបចុកជាដើម បានធ្វើឲ្យបណ្ដាប្រទេសក្នុងតំបន់ និងអន្ដរជាតិកោតសរសើរ។ ហេតុនេះសហព័ន្ធកីឡាវាយសីអាស៊ី ក៏បានផ្ដល់សិទ្ធិឲ្យយើងធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតយុវជនអាយុក្រោម ១៥ឆ្នាំ និងអាយុក្រោម ១៧ឆ្នាំអាស៊ីអាគ្នេយ៍នេះ»។

លោកថា «តាមគម្រោងការប្រកួតនេះត្រូវធ្វើ ១១ប្រទេស តែដោយសារកម្ពុជា គិតថា ចង់អភិវឌ្ឍន៍កីឡាវាយសីក្នុងតំបន់ សម្រាប់ប្រទេសមិនទាន់មានសក្ដានុពល ទើបសហព័ន្ធកីឡាវាយសីអាស៊ី ផ្ដល់សិទ្ធិឲ្យកម្ពុជារៀបចំការប្រកួតនេះ ក្នុងចំណោមប្រទេសទាំង៥ មុនរៀបចំនៅប្រទេសបន្ដបន្ទាប់ទៀត ដើម្បីធានានូវការបណ្ដុះបណ្ដាលធនធានចូលរួមប្រកួតអន្ដរជាតិនានា និងស៊ីហ្គេមជាដើម។ នេះជាមោទនភាព ដែលសហព័ន្ធអាស៊ីអនុញ្ញាតឲ្យធ្វើរបៀបនេះ ដើម្បីបន្ដឲ្យប្រទេសមិនសូវមានកីឡាករខ្លាំងៗបានចូលរួមប្រកួត»។

សម្រាប់ការប្រកួតនេះ កម្ពុជាបានត្រៀមកីឡាករ-កីឡាការិនីវ័យក្មេងចំនួន ១០នាក់ សម្រាប់ត្រៀមការប្រកួតលើ ១២វិញ្ញាសា ហើយក្នុងនាមម្ចាស់ផ្ទះ លោកមានសុទិដ្ឋិនិយមខ្ពស់ លើកីឡាករ-កីឡាការិនីថ្នាលកម្ពុជា ក្នុងការស្វែងរកមេដាយពីការប្រកួតកីឡាវាយសីជើងឯកយុវជនអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ នេះ ដើម្បីជាផ្នែកមួយក្នុងការពង្រឹង និងត្រៀមលក្ខណៈឆ្ពោះទៅការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ ឆ្នាំ២០២៩ ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះផងដែរ។ លោក ជាម សុភា បញ្ជាក់បន្ថែម៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: