ព័ត៌មានជាតិ

ពលរដ្ឋកម្ពុជា ៥លាននាក់អាចពិនិត្យ និងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យរដ្ឋ ដោយមិនចាំបាច់បង់ថ្លៃ តាមរយៈមូលនិធិសមធម៌សុខាភិបាល ចាប់ពីពេលនេះតទៅ បន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសដាក់ចេញនៅថ្ងៃនេះ

BY
Khmerpress
October 24, 2023
ពលរដ្ឋកម្ពុជា ៥លាននាក់អាចពិនិត្យ និងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យរដ្ឋ ដោយមិនចាំបាច់បង់ថ្លៃ តាមរយៈមូលនិធិសមធម៌សុខាភិបាល ចាប់ពីពេលនេះតទៅ បន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសដាក់ចេញនៅថ្ងៃនេះ

(ភ្នំពេញ)៖ បណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាការក្រុមប្រឹក្សាជាតិគាំពារសង្គម នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្ដេជ្ញាបន្តគំរូវីរៈភាពរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការគិតគូរ និងលើកកម្ពស់សុខុមាលភាព និងការរស់នៅរបស់ពលរដ្ឋ ដោយមិនបោះបង់ពលរដ្ឋណាម្នាក់។

ជាក់ស្តែង តាមរយៈគោលនយោបាយជាតិគាំពារសង្គម ដែលមានក្រុមប្រឹក្សាជាតិគាំពារសង្គមជាសេនាធិការ របស់រាជរដ្ឋាភិបាល ក្នុងការសម្របសម្រួល, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនដល់គ្រួសារក្រីក្រងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅតែបន្តជួយគ្រួសារក្រីក្រ និងងាយរងគ្រោះជិត ៣លាននាក់ ដោយចំណាយថវិកាប្រមាណ ១ ២០០លានដុល្លារ ចាប់តាំងពីការដាក់ឱ្យអនុវត្តកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០មក។

មិនត្រឹមតែប៉ុណ្ណោះ ក្នុងពេលមានសម្ពាធអតិផរណាកាលពីចុងឆ្នាំ២០២២, រាជរដ្ឋាភិបាលក៏បានផ្តល់ប្រាក់ឧបត្ថម្ភដល់គ្រួសារ ងាយរងហានិភ័យប្រមាណ ១,៨ លាននាក់ ដោយចំណាយថវិកាជាង ១៧លានដុល្លារផងដែរ។ បន្ថែមលើនេះ របបសន្តិសុខសង្គម និងកម្មវិធីជំនួយសង្គមជាច្រើនទៀត បាន និងកំពុងត្រូវបានដាក់ឱ្យដំណើរការ ក្នុងគោលបំណងរក្សាលំនឹងជីវភាពរបស់ពលរដ្ឋកម្ពុជា និងបន្តគាំពារករណីមានហានិភ័យតាមវដ្តជីវិត។

បណ្ឌិត ចន ណារិទ្ធ បន្តថា បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ ការពង្រីកវិសាលភាពមូលនិធិសមធម៌សុខាភិបាល ដល់គ្រួសារងាយរងហានិភ័យ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវមន្ទីរពេទ្យជាតិ តេជោសន្តិភាព, ពលរដ្ឋគោលដៅប្រមាណ ៥លាននាក់ នឹងអាចទៅពិនិត្យ និងព្យាបាលជំងឺដោយមិនចាំបាច់បង់ថ្លៃ តាមរយៈមូលនិធិសមធម៌សុខាភិបាល នៅមូលដ្ឋានសុខាភិបាលសាធារណៈ ដោយរដ្ឋាភិបាលជាអ្នកទទួលបន្ទុកបង់ថ្លៃជំនួស ក្នុងនោះមានគ្រួសារងាយរងហានិភ័យចំនួនប្រមាណ ១លាន ៨សែននាក់, គ្រួសារក្រីក្រមានបណ្ណសមធម៌ចំនួនជាង៣លាននាក់, បុគ្គលបម្រើសេវាកំសាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ, កម្មករនិយោជិតក្រៅប្រព័ន្ធ និងក្រុមគោលដៅជាក់លាក់ រួមមានសមាគមម៉ូតូឌុប, រ៉ឺម៉កកង់បី, អ្នកធាក់ស៊ីក្លូ, បុគ្គលិកសម្អាតមីន, មេភូមិ អនុ-ភូមិ, ជំនួយការភូមិ, ក្រុមប្រឹក្សាឃុំ-សង្កាត់, និងកីឡាករ-កីឡាការិនីជម្រើសជាតិ ប្រមាណ ៨ម៉ឺននាក់ និងអ្នកផ្ទុកមេរោគអេសដ៍ប្រមាណ ៨ម៉ឺននាក់ បន្ថែមទៀត។

ការពង្រីកវិសាលភាពមូលនិធិសមធម៌សុខាភិបាល ដល់គ្រួសារងាយរងហានិភ័យនេះ ជាអនុកម្មវិធីទី១ ក្នុងគោលនយោបាយអាទិភាពទី១ នៃគោលនយោបាយអាទិភាពទាំង៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាដែលត្រូវប្រកាសដាក់ឱ្យអនុវត្ត មុនដំណាច់ឆ្នាំ២០២៣។
ក្នុងអនុកម្មវិធីនេះ, រាជរដ្ឋាភិបាលសម្រេចផ្តល់សេវាថែទាំសុខភាព តាមរយៈមូលនិធិសមធម៌សុខាភិបាល ដោយឥតគិតថ្លៃជូនគ្រួសារងាយរងហានិភ័យ។ ដើម្បីអាចដាក់ឱ្យអនុវត្តការពង្រីកវិសាលភាពនេះ, រាជរដ្ឋាភិបាលបានរៀបចំដាក់ចេញ នូវប្រកាសអន្តរក្រសួងលេខ ៦០៣ សហវ.ប្រក.អកគ ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ស្តីពី «ការពង្រីកវិសាលភាពមូលនិធិសមធម៌សុខាភិបាល ដល់គ្រួសារងាយរងហានិភ័យ» រវាងក្រសួងសុខាភិបាល, ក្រសួងផែនការ, និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

សូមជម្រាបជូនថា មូលនិធិសមធម៌សុខាភិបាល សំដៅដល់យន្តការហិរញ្ញប្បទាន ផ្នែកគាំពារសុខភាពសង្គម ដើម្បីផ្តល់លទ្ធភាពដល់ក្រុមពលរដ្ឋគោលដៅ ឱ្យទទួលបាន ឬប្រើប្រាស់សេវាថែទាំសុខភាពដោយឥតបង់ថ្លៃ នៅមូលដ្ឋានសុខាភិបាលសាធារណៈ ដោយរាជរដ្ឋាភិបាលជាអ្នកទទួលបន្ទុកបង់ថ្លៃជំនួស។

មូលនិធិមួយនេះបានដាក់ដំណើរការសាកល្បងនៅឆ្នាំ២០០០, បន្ទាប់មកបន្តគ្របដណ្តប់ដល់គ្រួសារក្រីក្រ មានបណ្ណសមធម៌នៅឆ្នាំ២០១៥ និងក្រុមគោលដៅនានាជាបន្តបន្ទាប់។ មូលនិធិសមធម៌សុខាភិបាលនេះ បានពង្រីកវិសាលភាព បន្តដល់គ្រួសារងាយរងហានិភ័យ ដែលត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នេះ។

តាមរយៈកម្មវិធីនេះ ប្រជាពលរដ្ឋទទួលបានការគាំពារសុខភាព ពីរាជរដ្ឋាភិបាលដោយមិនគិតថ្លៃ ដែលរួមមាន៖​ សេវាពិគ្រោះជំងឺក្រៅ សេវាពន្យារកំណើត សេវាសម្រាកព្យាបាល សេវាសង្គ្រោះបន្ទាន់ សេវាព្យាបាលវះកាត់តូច វះកាត់ធំ និងសម្រាលកូន៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: