ព័ត៌មានជាតិ

សមត្ថកិច្ចជំនាញ ឆ្មក់បង្ក្រាបទីតាំងនាំចូលកែច្នៃវេចខ្ចប់ប្រេងរំអិលខុសច្បាប់ ជាច្រើនប្រភេទ​ជិត៤០តោន នៅខណ្ឌព្រែកព្នៅ

BY
Khmerpress
October 24, 2023
សមត្ថកិច្ចជំនាញ ឆ្មក់បង្ក្រាបទីតាំងនាំចូលកែច្នៃវេចខ្ចប់ប្រេងរំអិលខុសច្បាប់ ជាច្រើនប្រភេទ​ជិត៤០តោន នៅខណ្ឌព្រែកព្នៅ

(ភ្នំពេញ​)៖​ កម្លាំងសមត្ថកិច្ច​ នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្ត្រីជំនាញ ក.ប.ប និងកម្លាំងនគរបាននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមនឹងអាជ្ញាធរមូលដ្ឋានខណ្ឌព្រែកព្នៅ បានចុះបង្ក្រាបទីតាំងសង្ស័យនាំចូលកែច្នៃវេចខ្ចប់ ប្រេងរំអិលខុសច្បាប់ជាច្រើនប្រភេទ នៅផ្លូវទំនប់កប់ស្រូវ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ការឆ្មក់បង្ក្រាបទីតាំងនេះបានធ្វើឡើងក្រោមការសម្របសម្រួលនីតិវិធីផ្ទាល់ដោយលោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ក្រោយពីការស្ទាក់ឃាត់នូវរថយន្ត​ ១គ្រឿង​ ដែលបានដឹកប្រេងរំអិលសង្ស័យខុសច្បាប់ចេញពីទីតាំងខាងលើសមត្ថកិច្ចចម្រុះក៏បានបន្តចុះធ្វើការឆែកឆេរត្រួតពិនិត្យជាក់ស្តែង ដោយបានរកឃើញនូវសម្ភារបម្រើឱ្យការងារវេចខ្ចប់ និងប្រេងរំអិលសង្ស័យថាខុសច្បាប់ជាច្រើនប្រភេទជិត ៤០តោន។

បន្ទាប់ពីបានត្រួតពិនិត្យចប់សព្វគ្រប់ លោកព្រះរាជអាជ្ញារង បានសម្រេចឱ្យសមត្ថកិច្ច ធ្វើការដកហូតសម្ភារសង្ស័យទាំងអស់ យករក្សាទុកនៅក្នុងឃ្លាំងដាក់សម្ភារមួយកន្លែង នៃទីតាំងខាងលើ និងបិទផ្លំបេរផ្អាកដំណើរការជាបណ្តោះអាសន្ន ដើម្បីធ្វើការពិនិត្យស្រាវជ្រាវបន្ត។ ក្នុងប្រតិបត្តិការនេះ ម្ចាស់ទីតាំងមិនបានចូលខ្លួនមកសហការឡើយ ដោយឱ្យត្រឹមអ្នកតំណាងចូលរួមតែប៉ុណ្ណោះ ដូចនេះសមត្ថកិច្ចក៏តម្រូវឲ្យអ្នកតំណាងរូបនោះ និងអ្នកបើកបររថយន្តចូលខ្លួនទៅបំភ្លឺនៅនាយកដ្ឋាននគរបាលប្រឆាំងបទល្នើសសេដ្ឋកិច្ច ដើម្បីបន្តនីតិវិធី។

គួរបញ្ជាក់ថា នេះជាប្រតិបត្តិការបង្ក្រាបទីតាំងស្តុកប្រេងរំអិលខុសច្បាប់ជាលើកទីពីរហើយ ក្នុងរយៈពេល៣ខែចុងក្រោយនេះ បន្ទាប់ពីការស៊ើបអង្កេត ស្រាវជ្រាវរបស់សមត្ថកិច្ចអស់រយៈពេលជាច្រើនខែមក។

ជាមួយគ្នានេះ សមត្ថកិច្ចសូមអំពាវនាវដល់ប្រជាពលរដ្ឋ មេត្តាជួយសហការក្នុងការផ្តល់ព័ត៌មាន បើសិនជាបានដឹងពីការផលិត កែច្នៃ ឬចែកចាយ នូវផលិតផលសង្ស័យថាខុសច្បាប់ មកដល់សមត្ថកិច្ចតាមរយៈលេខទូរស័ព្ទ 012 456 966 ដើម្បីឱ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវ ស៊ើបអង្កេត និងឈានដល់ការបង្ក្រាបឱ្យបានទាន់ពេលវេលា ជៀសវៀងការប៉ះពាល់ផលប្រយោជន៍អ្នកប្រើប្រាស់ ជាពិសេសសុខុមានភាពសាធារណៈ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: