ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់វិស័យឯកជនចូលរួមជាមួយរាជរដ្ឋាភិបាលលើកកម្ពស់គុណភាពផលិតផល ឱសថ និងចំណីអាហារ

BY
Khmerpress
October 24, 2023
សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់វិស័យឯកជនចូលរួមជាមួយរាជរដ្ឋាភិបាលលើកកម្ពស់គុណភាពផលិតផល ឱសថ និងចំណីអាហារ

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់វិស័យឯកជនក្នុងវិស័យសុខាភិបាល អាជីវករលក់ឱសថ ផលិតផលបំប៉នសុខភាព ចំណីអាហារជាដើម សូមចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់គុណភាពផលិតផលរបស់ខ្លួន សំដៅលើកកម្ពស់សុខុមាលភាពសាធារណៈទាំងអស់គ្នា។

ការអំពាវនាវយ៉ាងដូច្នេះរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ត្រូវបានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យជាតិ តេជោសន្តិភាព» និងប្រកាសដាក់ឱ្យ​អនុវត្តជាផ្លូវការនូវកម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង៦ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣។

សម្ដេចធិបតីបានថ្លែងយ៉ាងដូច្នេះថា «សុវត្ថិភាពថ្នាំសង្កូវ ចំណីអាហារ គឺជារឿងសំខាន់ណាស់ ព្រោះគ្រប់គ្នាជាប្រើប្រាស់ផលិតផល ទទួលទានអាហារ ទទួលថ្នាំសង្កូវ។ អ៉ីចឹងទាំងអស់គ្នាប្រាកដជាគិតហើយថា អ្វីដែលទិញពីផ្សារ តើហូបដោយសុវត្ថិភាពទេ? អ្វីដែលយកពីឱសថស្ថាន ពីមណ្ឌលសុខភាព ពីគ្រូពេទ្យដែលឱ្យមក តើហូបទៅវាអាចបង្កើតបញ្ហាអ្វីផ្សេងៗ ក្រៅពីជួយសុខភាពឬក៏អត់? ដូច្នេះការរួមគ្នានេះ ទាំងអ្នកទិញ ទាំងអ្នកលក់ ទាំងរាជរដ្ឋាភិបាល សុទ្ធតែមានគោលដៅតែមួយនោះទេ»

សម្ដេចធិបតីបានលើកទឹកចិត្តឱ្យក្រសួងសុខាភិបាលបង្កើតភាពប្រទាក់ក្រឡាគ្នាជាមួយវិស័យឯកជន មិនថាបុគ្គលស្វ័យនិយោជន៍ មន្ទីរពេទ្យឯកជន គណៈគ្រូពេទ្យ គណៈឱសថ និងគណៈក្រុមផ្សេងៗ ដើម្បីឱ្យពួកគេចូលរួមលើកកម្ពស់គុណភាពផលិតផល និងចំណីអាហារ សំដៅបង្កើនប្រសិទ្ធភាពគាំពារសុខុមាលភាពសាធារណៈ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាល ក្រសួងពាក់ព័ន្ធត្រូវធ្វើយ៉ាងណាដើម្បីឈានទៅរកភាពជាដៃគូ និងបង្កើនការទទួលខុសត្រូវរបស់វិស័យឯកជន សមាគម គណៈ ឬបុគ្គលស្វ័យនិយោជន៍ ចូលរួមលើកកម្ពស់សុខុមាលភាពរបស់អ្នកប្រើប្រាស់ ហើយម្ចាស់អាជីវកម្មក៏អាចបន្តការលក់ដូរប្រកបដោយភាពស្របច្បាប់ផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: