ព័ត៌មានជាតិ

អាជីវករដឹកកសិផលចូលវៀតណាម តាមច្រកអូរយ៉ាដាវ រអ៊ូរឿងភាគីវៀតណាម បង្កភាពស្មុគស្មាញ និង អំពាវនាវថ្នាក់ដឹកនាំជួយសម្របសម្រួល

BY
Khmerpress
October 25, 2023
អាជីវករដឹកកសិផលចូលវៀតណាម តាមច្រកអូរយ៉ាដាវ រអ៊ូរឿងភាគីវៀតណាម បង្កភាពស្មុគស្មាញ និង អំពាវនាវថ្នាក់ដឹកនាំជួយសម្របសម្រួល

(រតនគិរី)៖ ទោះបីមានកិច្ចព្រមព្រៀងរវាងប្រទេសជិតខាង ក្នុងការដឹកកសិផលទៅលក់តាមច្រកទ្វារអន្តរជាតិនានា ដោយមានការយោគយល់គ្នាយ៉ាងណាក៏ដោយ ប៉ុន្តែសម្រាប់ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ខេត្តរតនគិរី ភាគីខាងវៀតណាម តម្រូវឲ្យកសិផលទាំងនោះមាន (CO) ដោយមានលិខិតបញ្ជាក់ថា កសិផលទាំងនោះដាំដុះ ក្នុងខេត្តណាខ្លះ មានប្រភេទអ្វីខ្លះ ក្នុងប្រទេសកម្ពុជា។

ជាក់ស្តែងនៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ សកម្មភាពនៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវ មានភាពស្ងប់ស្ងាត់ (កសិផលដឹកចូលទៅវៀតណាម) មានតែសកម្មភាពរថយន្តធំៗ ដឹកទំនិញចេញពីវៀតណាម មកខ្មែរតែប៉ុណ្ណោះ។

អ្នករកស៊ីដឹកកសិផលទៅវៀតណាម ឆ្លងកាត់ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ដឹកបង្វែរទៅលក់ច្រកទ្វារអន្តរជាតិផ្សេងៗ ព្រោះមិនដឹងទៅរត់ការធ្វើបែបបទ (CO) នៅឯណាទេ ដោយហេតុថាពួកគេគ្មានក្រុមហ៊ុន ដោយគ្រាន់តែអ្នករកស៊ីតូចតាចធម្មតា ដើរទិញតាមចំការតាមបណ្តាខេត្ត លក់បន្តយកចំណេញក្បាលកាក់។

ពួកគាត់លើកឡើងស្រដៀងគ្នាថា ខាងខ្មែរដឹកកសិផលតិចតួច តាមរដូវទៅលក់នៅវៀតណាម តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ, ភាគីវៀតណាមរឹតបន្តឹងខ្លាំងណាស់ តែសម្រាប់ភាគីវៀតណាមវិញ រថយន្តដឹកទំនិញទាំងខ្សែចូលដីខ្មែរ ដោយគ្មានឧបសគ្គអីទេ ហើយបើរថយន្តតាក់ស៊ីវៀតណាម ដើរប្រមូលភ្ញៀវតាមក្រុមហ៊ុនដល់ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ដល់គោលដៅតែម្តង ដោយគ្មានខ្វល់ពីរឿងប្រជាពលរដ្ឋខ្មែរ ប្រកបរបរដឹកភ្ញៀវដាច់ជើងទេ។

សមត្ថកិច្ចច្រចាំការនៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវម្នាក់ សូមមិនបញ្ចេញឈ្មោះ បានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តរតនគិរី នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះថា ខាងភាគីវៀតណាម ពិតជាមានការរឹតបន្តឹងកសិផលដឹកចូលទៅវៀតណាមមែន ដោយពួកគេតម្រូវឲ្យមាន (CO)។ ប្រភពបន្តថា កសិផលអត់មាន CO ដូចជាដំឡូងជ្វា ផ្លែល្ពៅខាងវៀតណាមរឹតបន្តឹង តែដូចជាដំឡូងមី ស្វាយចន្ទី ជាដើមមាន (CO) ខាងវៀតណាមមិនហាមគាត់ទេ។

ទាក់ទិនករណីនេះ លោក ស៊ូ សិរី អភិបាលរងខេត្ត និងជាអ្នកនាំពាក្យសាលាខេត្តរតនគិរី បានថ្លែងប្រាប់ភ្នាក់ងារ Fresh News យ៉ាងខ្លីថា ខាងភាគីវៀតណាម គឺប្រកាន់កសិផលដឹកចូលត្រូវមាន (CO) ហើយរឿងរថយន្តក្រុមហ៊ុនដឹកទំនិញចូលទាំងខ្សែ និងរថយន្តក្រុង រថយន្តតាក់ស៊ី ចូលមកខ្មែដឹកជញ្ជូនភ្ញៀវដោយសេរីនោះ គឺថារដ្ឋាភិបាលយើងទាំងពីរ បានចុះអនុស្សារណៈយោគយល់គ្នា (MOU)។

លោកថា ក្នុងរយៈពេលថ្មីៗ វៀតណាមតម្រូវឲ្យអ្នកដឹកកសិផលមាន (CO) ទើបឲ្យចូលនោះ រូបលោកតំណាងឲ្យរដ្ឋបាលខេត្ត និងសមត្ថកិច្ចប្រចាំការច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ខិតខំជួយសម្របសម្រួលឲ្យកសិផលអត់ (CO) ទាំងអស់ដឹកចូលទៅលក់វៀតណាម ដោយរលូនហើយ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: