ព័ត៌មានជាតិ

សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា ដណ្តើមបានមេដាយសរុប ២១គ្រឿង ពីព្រឹត្តិការណ៍ AFG Open Tournament 2023

BY
Khmerpress
October 25, 2023
សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា ដណ្តើមបានមេដាយសរុប ២១គ្រឿង ពីព្រឹត្តិការណ៍ AFG Open Tournament 2023

(ភ្នំពេញ)៖ សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា សម្រាប់ការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ AFG Open Tournament 2023 នាពេលថ្មីនេះកន្លងទៅនេះ ជាលទ្ធផលដណ្តើមបានមេដាយសរុប ២១គ្រឿង ក្នុងនោះមានមេដាយមាស ៣គ្រឿង ក្នុងចំណោមអត្តពលិកមកពី ៤៤ប្រទេសបានចូលរួម ដែលការប្រកួតបានរៀបចំឡើងចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យ Rangsit ទីក្រុងបាងកក ប្រទេសថៃ។

សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា បានឲ្យដឹងផងថា សម្រាប់ព្រឹត្តិការណ៍ AFG Open Tournament 2023 គឺជាព្រឹត្តិការណ៍ប្រកួតកីឡាជឺជីតស៊ូ ដ៏មានកិត្យានុភាពរបស់ប្រទេសប្រេស៊ីល ដែលមានអត្តពលិកចូលរួមប្រកួតប្រមាណជាង ៩០០នាក់ មកពី ៤៤ប្រទេស ហើយជាមួយគ្នានេះ កម្ពុជាបានបញ្ជូនអត្តពលិក និងកីឡាករថ្នាលសរុបចំនួន ១៦រូប។

ជាលទ្ធផលអត្តពលិកកម្ពុជា ៣រូបដណ្តើមបានមេដាយមាស មានកីឡាករ សំអុន បូរមី, មឿនលីម សុបញ្ញា និងកីឡាការិនី រិទ្ធ រស្មី ក្នុងចំណោមមេដាយ ២១គ្រឿងមានមេដាយមាស ៣គ្រឿង ប្រាក់ ១១ និងមេដាយសំរិទ្ធ ៧គ្រឿង។

ខាងក្រោមនេះជាអត្តពលិកសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា ដែលបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ AFG Open Tournament 2023 ដោយដណ្តើមបានមេដាយសរុបចំនួន ២១គ្រឿង៖

១៖ កីឡាករ សំអុន បូរមី (មេដាយមាស)
២៖ កីឡាការិនី រិទ្ធ រស្មី (មេដាយមាស)
៣៖ កីឡាករ មឿនលីម សុបញ្ញា (មេដាយមាស, ប្រាក់, សំរិទ្ធ)
៤៖ កីឡាករ កាំង ម៉េងឃាង (ប្រាក់ ៣គ្រឿង)
៥៖ កីឡាករ ហួរ សេងហុង (ប្រាក់, សំរិទ្ធ)
៦៖ កីឡាករ គីម កែវមង្គល (សំរិទ្ធ)
៧៖ កីឡាករ សៅ សុភារ៉ា (មិនទទួលបានមេដាយ)

កីឡាករថ្នាលរួមមាន៖
១៖ កីឡាករ Nicholas Yi Remoy (ប្រាក់ ២គ្រឿង)
២៖ កីឡាករ ឡេង ច័ន្ទសេរីបុត្រ (ប្រាក់, សំរិទ្ធ)
៣៖ កីឡាករ Adam Sosnowiez Sem (ប្រាក់)
៤៖ កីឡាការិនី ថាយ សាណា (ប្រាក់)
៥៖ កីឡាករ Arthur Besant (ប្រាក់)
៦៖ កីឡាករ Kai Han Yi Remoy old (សំរិទ្ធ)
៧៖ កីឡាករ Jadon Te (សំរិទ្ធ)
៨៖ កីឡាករ ថាយ អេលី (សំរិទ្ធ)
៩៖ កីឡាការិនី Isabella Chan Wilford។

នេះជាការសម្រេចបានលទ្ធផលដ៏ត្រចះត្រចង់ ដែលជាផ្នែកមួយនៃការត្រៀមខ្លួន ដើម្បីឆ្ពោះទៅការប្រកួតព្រឹត្តិការណ៍ Sea Games ឆ្នាំ២០២៥ និងព្រឹត្តិការណ៍ Asian Games ឆ្នាំ២០២៦ ហើយជាពិសេសទៀតនោះ គឺការត្រៀមខ្លួនរបស់កីឡាករថ្នាល ក្នុងការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Asian Youth Games ឆ្នាំ២០២៩ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: