ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត កោតសរសើរអភិបាលខេត្តកែប ដែលខិតខំកសាងអភិវឌ្ឍន៍ រៀបចំសោភណ្ឌភាព និងបរិស្ថានឱ្យមានភាពស្រស់ស្អាត នាំឱ្យខេត្តកែបទទួលបានជ័យលាភីពានរង្វាន់ថ្នាក់ជាតិថ្នាក់តំបន់ជាបន្តបន្ទាប់

BY
Khmerpress
December 4, 2023
សម្តេចធិបតី ហ៊ុន ម៉ាណែត កោតសរសើរអភិបាលខេត្តកែប ដែលខិតខំកសាងអភិវឌ្ឍន៍ រៀបចំសោភណ្ឌភាព និងបរិស្ថានឱ្យមានភាពស្រស់ស្អាត នាំឱ្យខេត្តកែបទទួលបានជ័យលាភីពានរង្វាន់ថ្នាក់ជាតិថ្នាក់តំបន់ជាបន្តបន្ទាប់

(កែប)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកោតសរសើរលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប និងថ្នាក់ដឹកនាំខេត្ត ដែលបានខិតខំនៅក្នុងកិច្ចការកសាង អភិវឌ្ឍន៍ ការរៀបចំសោភណ្ឌភាព និងបរិស្ថាន នៅក្នុងខេត្តកែបឱ្យមានភាពស្រស់ស្អាត ដែលនាំឱ្យខេត្តកែបទទួលបានជ័យលាភីពានរង្វាន់ថ្នាក់ជាតិ ថ្នាក់តំបន់ជាបន្តបន្ទាប់។

ការកោតសរសើរបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសសម្តេច អញ្ជើញជាអធិបតីប្រកាសបិទពិធីបុណ្យសមុទ្រ នៅខេត្តកែប នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំក៏សូមយកឱកាសនេះ កោតសរសើរដល់ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ ក៏ដូចជាថ្នាក់ដឹកនាំ នៃគណៈអភិបាលខេត្តកែប ដែលបានខិតខំក្នុងការបំពេញកិច្ចកាកសាង និងអភិវឌ្ឍន៍ខេត្តកែប ជាពិសេសក្នុងការរៀបចំសោភណ្ឌភាព បរិស្ថានក្នុងខេត្តកែប ដែលនាំឱ្យខេត្តទទួលបានជ័យលាភីពានរង្វាន់ថ្នាក់ជាតិ និងថ្នាក់តំបន់ជាបន្ទាប់»

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបន្ថែមថា ការអភិវឌ្ឍន៍ទាំងនេះបានផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋខេត្តកែបទាំងមូល និងបានចែកផលលាភទៅដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ សម្តេចក៏បានជំរុញឱ្យអភិបាលខេត្តកែប បន្តរៀបចំទីតាំង នៅតាមបណ្តោយឆ្នេរប្រវែង ២,៧០០ម៉ែត្រ ទៅជាសួនច្បារ ដើម្បីផលប្រយោជន៍សាធារណៈ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា៖ «ផែនការមេដែលបានរៀបចំរួច នៅតាមបណ្តោយឆ្នេរ២៧០០ម៉ែត្រ ត្រូវរៀបចំជាសួនច្បារសាធារណៈ ដែលអាចនឹងបង្កើតសក្តានុពលសម្រាប់ខេត្តកែបបន្ថែមទៀត និងបន្តរៀបចំកម្មវិធីទាក់ទាញភ្ញៀវទេសចរ»

សម្តេចធិបតី ម៉ាណែត ក៏បានលើកឡើងទៀតថា រាជរដ្ឋាភិបាលមានផែនការសម្រាប់អភិវឌ្ឍន៍ទេសចរណ៍ខេត្តកែបនៅឆ្នាំ២០២៣-២០៤៥ ដោយបានកំណត់ចក្ខុវិស័យ ប្រែក្លាយខេត្តកែប ជាទេសចរណ៍ធម្មជាតិ និងសមុទ្រសម្រាកកម្សាន្តបែបកម្រិតខ្ពស់៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: