ព័ត៌មានជាតិ

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវបើកវគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងប្រព័ន្ធដកពិន្ទុបណ្ណបើកបរ ពិន័យបទល្មើសចរាចរណ៍ និងប្រព័ន្ធគ្រប់គ្រងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកជំនាន់ថ្មី

BY
Nisaiy KP
December 10, 2023
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវបើកវគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងប្រព័ន្ធដកពិន្ទុបណ្ណបើកបរ ពិន័យបទល្មើសចរាចរណ៍ និងប្រព័ន្ធគ្រប់គ្រងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកជំនាន់ថ្មី

(ភ្នំពេញ)៖​ លោកស្រី មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញបិទវគ្គ បណ្តុះបណ្តាលស្តីពីការគ្រប់គ្រងប្រព័ន្ធដកពិន្ទុបណ្ណបើកបរ ពិន័យបទល្មើសចរាចរណ៍ និងប្រព័ន្ធគ្រប់គ្រងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកជំនាន់ថ្មី​ ដោយមានការចូលរួមពីលោករដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឧត្តមសេនីយឯក អគ្គស្នងការ អគ្គនាយក អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន និងលោក លោកស្រី ជាសិក្ខាកាម។


វគ្គបណ្តុះបណ្តាលនេះ បានរៀបចំឡើងនាថ្ងៃទី០៨​ ខែធ្នូ​ ឆ្នាំ២០២៣​ ក្រោមកិច្ចសហការរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងមហាផ្ទៃ ក្នុងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែធ្នូ បើកវគ្គដំណើរការក្រោមអធិបតីភាពនាយឧត្តមសេនីយ ហ៊ឹម យ៉ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការជាតិសុវតិ្ថភាពចរាចរណ៍ផ្លូវគោក ដោយមានសិក្ខាកាមចូលរួមសរុបចំនួន២៦៩នាក់ មកពីអធិការដ្ឋាន និងស្នងការដ្ឋាននគរបាលជាតិ ទាំង២៥រាជធានីខេត្ត ក្នុងនោះចំនួន២១៩នាក់ ជាមន្រី្តអនុវត្តប្រព័ន្ធពិន័យ និងដកពិន្ទុលើបណ្ណបើកបរ និងចំនួន៥០នាក់ ជាមន្រី្តទទួលបន្ទុកផ្នែកគ្រប់គ្រងទិន្នន័យគ្រោះថ្នាក់ចរាចរណ៍។

គោលបំណងនៃវគ្គបណ្តុះបណ្តាល គឺដើម្បីពង្រឹងសមត្ថភាពមន្រី្តក្នុងការប្រតិបតិ្តការងាររឹតបន្តឹងអនុវត្តច្បាប់លើការប្រើប្រាស់ឧបករណ៍ និងកម្មវិធីពិន័យបទល្មើសចរាចរណ៍ និងដកពិន្ទុលើបណ្ណបើកបរ និងការគ្រប់គ្រងទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ឱ្យមានប្រសិទ្ធភាពស្របតាមបច្ចេកវិទ្យាថ្មី ដែលបានបំពាក់ជាមួយការធ្វើបច្ចុប្បន្នភាពជំនាន់ថ្មី។

លោកស្រីរដ្ឋលេខាធិការ បានថ្លែងកោតសរសើរ និងអរគុណចំពោះក្រុមការងារអន្តរក្រសួង ដែលមកពី អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក អគ្គលេខាធិការដ្ឋាន នៃគ.ស.ច.គ. អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ដែលបានសហការរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង ដើម្បីបង្កើនសមត្ថភាព និងផ្តល់នូវចំណេះដឹងថ្មី ស្របតាមកាលវិវត្តន៍នៃសម័យឌីជីថលនេះ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews






Share This Post: