បច្ចេកវិទ្យា

ក្រុមហ៊ុន Meta បានធ្វើកំណែប្រែសមត្ថភាពថ្មីៗ ពាក់ព័ន្ធបញ្ញាសិប្បនិម្មិត AI

BY
Khmerpress
December 25, 2023
ក្រុមហ៊ុន Meta បានធ្វើកំណែប្រែសមត្ថភាពថ្មីៗ ពាក់ព័ន្ធបញ្ញាសិប្បនិម្មិត AI

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល បានឱ្យដឹងថា កាលពីពេលថ្មីៗនេះក្រុមហ៊ុន Meta បានបង្ហាញនូវការកែលម្អថ្មីៗជាច្រើនសម្រាប់បទពិសោធន៍បញ្ញាសិប្បនិម្មិត AI នៅកម្មវិធីរបស់ខ្លួនជាច្រើនដូចជា Facebook Instagram Messenger និងWhatsApp។

ក្រុមហ៊ុន Meta បានប្រកាសអំពីបច្ចុប្បន្នភាព AI ថ្មីរបស់ខ្លួនមានដូចជា៖
១. ស្ទីគ័រឆ្លាតវៃ (AI Sticker)៖ មុខងារស្ទីគ័រ AI ថ្មីដែលអាចឱ្យអ្នកបង្កើត និងឆ្នៃប្រឌិត ស្ទីគ័រផ្ទាល់ខ្លួនយ៉ាងងាយស្រួល សម្រាប់ប្រើប្រាស់នៅក្នុងការជជែក (Chat) និង Story របស់អ្នកប្រើប្រាស់។ ដោយប្រើបច្ចេកវិទ្យាពី Llama 2 និងគំរូមូលដ្ឋានសម្រាប់ការបង្កើតរូបភាពដែលហៅថា Emu ដែលជាបញ្ញាសិប្បនិម្មិត (AI) បង្កើតនូវស្ទីគ័រដែលមានគុណភាពខ្ពស់ និងប្លែកៗជាច្រើនក្នុងរយៈពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះ។

២. ការកែរូបភាពដោយ AI៖ នៅពេលឆាប់ៗនេះ អ្នកនឹងអាចបំប្លែងរូបភាពរបស់អ្នកដោយប្រើប្រាស់ AI ហើយវាមានមុខងារពីរសំខាន់ៗដូច Restyle និង Backdrop។ មុខងារ Restyle អនុញ្ញាតឱ្យអ្នកស្រមៃរូបភាពរបស់អ្នកឡើងវិញដោយរចនាបទដែលអ្នកពណ៌នា ចំណែកមុខងារ Backdrop នឹងធ្វើការផ្លាស់ប្តូរផ្ទៃខាងក្រោយតាមដែលអ្នកចង់បាន។

៣. ជំនួយការបញ្ញាសិប្បនិម្មិត (Chat AI)៖ Meta AI គឺជាជំនួយការថ្មីដែលអ្នកអាចប្រាស្រ័យទាក់ទងជាមួយ AI ហើយកម្មវិធីនេះនឹងមកដល់ឆាប់ៗនេះ ជាមួយវ៉ែនតាឆ្លាតវៃ (Ray-Ban Meta) និង Quest 3។ បច្ចុប្បន្ន Meta កំពុងបង្កើត AI ដែលមានបុគ្គលិកលក្ខណៈ គំនិត និងចំណាប់អារម្មណ៍ ទៅជាតួអង្គចំនួន២៨ ផ្សេងគ្នា ឧទាហរណ៍ដូចជា តួរអង្គឈ្មោះ Zach ដែលដើរតួរជជែកជាមួយយើងដោយបានចាត់ទុកយើងដូចជាប្អូនប្រុស/ស្រី ចំណែកតួអង្គ Angie ជជែកអំពីការហាត់ប្រាណ ។ល។

ក្រុមហ៊ុន Meta ក៏កំពុងនាំមកនូវកំណែប្រែ និងសមត្ថភាពថ្មីៗ ដល់បទពិសោធន៍ AI ស្នូលនៅលើវេទិការបស់ខ្លួនបន្ថែមទៀត ដោយក្រុមហ៊ុនបានអះអាងថាជំនួយនិម្មិត Meta AI នឹងផ្តល់នូវផលប្រយោជន៍យ៉ាងច្រើនដល់ការរស់នៅរបស់មនុស្សជាតិ ហើយមុខងារAI ខាងលើក្រុមហ៊ុនគ្រោងហ្នឹងធ្វើការបញ្ចេញនាពេលខាងមុខឆាប់ៗនេះផងដែរ ៕ ប្រភព៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ General Department of Digital Technology and Media

Share This Post: