ព័ត៌មានជាតិ

អបអរសាទរ! ចាប់ពីឆ្នាំ២០២៤នេះតទៅ កម្មករនឹងទទួលបានប្រាក់ឈ្នួលគោល២០៤ដុល្លារតាមការសម្រេចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

BY
Khmerpress
January 2, 2024
អបអរសាទរ! ចាប់ពីឆ្នាំ២០២៤នេះតទៅ កម្មករនឹងទទួលបានប្រាក់ឈ្នួលគោល២០៤ដុល្លារតាមការសម្រេចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ចាប់ពីឆ្នាំ២០២៤នេះតទៅ កម្មករកម្មការិនីទាំងអស់នឹងទទួលបានប្រាក់ឈ្នួលគោល២០៤ដុល្លារក្នុងមួយខែតាមសេចក្តីសម្រេចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបន្ថែមចំនួន២ដុល្លារលើទឹកប្រាក់២០២ដុល្លារដែលសម្រេចដោយក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បរមាដែលបោះឆ្នោតជ្រើសរើសបន្ថែម២ដុល្លារលើប្រាក់ខែគោលចំនួន២០០ដុល្លារនៅឆ្នាំ២០២៣។

សូមបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ បានប្រកាសការដំឡើងប្រាក់ឈ្នួល ជូនដល់កម្មករ និយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូបចំនួន៤ដុល្លារថែមទៀត សម្រាប់ឆ្នាំ២០២៤ខាងមុខនេះ ដែលនឹងធ្វើឱ្យប្រាក់ឈ្នួលអប្បបរមា (ទាបបំផុត) របស់កម្មករកើនដល់សរុប ២០៤ដុល្លារក្នុង១ខែដែលក្នុងចំនួននេះ សម្តេចនាយករដ្ឋមន្ត្រីប្រកាសបន្ថែម ២ដុល្លារ។

ក្រៅពីប្រាក់ឈ្នួលគោល២០៤ដុល្លារហើយនោះ ប្រាក់អត្ថប្រយោជន៍ផ្សេងទៀត ដែលកម្មករនិយោជិត ទទួលបានកន្លងមក ត្រូវបាន រក្សាទុកនៅដដែល ដូចជា ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅចំនួន ៧ដុល្លារអាម៉េរិក ក្នុងមួយខែ, ប្រាក់ រង្វាន់ធ្វើការទៀងទាត់ចំនួន ១០ដុល្លារអាមេរិក ក្នុងមួយខែ, ប្រាក់ថ្លៃបាយសម្រាប់ការធ្វើការងារបន្ថែមម៉ោង ដោយស្ម័គ្រចិត្តចំនួន ២ ០០០រៀល ក្នុងមួយថ្ងៃ ឬការទទួលបានបាយមួយពេលដោយឥតគិតថ្លៃ, និងប្រាក់ រង្វាន់អតីតភាពការងារចំនួនពី ២ដុល្លារអាមេរិក ដល់ ១១ដុល្លារអាមេរិកក្នុងមួយខែ សម្រាប់កម្មករនិយោជិត ដែលបានធ្វើការចាប់ពីឆ្នាំទី២ ដល់ឆ្នាំទី១១។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្លាប់បញ្ជាក់ថា ជាមធ្យមកម្មករនិយោជិតម្នាក់ៗនឹងទទួលបានប្រាក់ឈ្នួលយ៉ាងតិចចំនួនពី ២២១ (ពីររយ ម្ភៃមួយ) ដុល្លារអាមេរិក ដល់ ២៣២ (ពីររយសាមសិបពីរ) ដុល្លារអាម៉េរិក ក្នុងមួយខែ។ ក្រៅពីការដំឡើង ប្រាក់ឈ្នួលអប្បបរមា រាជរដ្ឋាភិបាល និងក្រសួង ស្ថាប័នពាក់ព័ន្ធនឹងបន្តខិតខំសហការគ្នាដើម្បីកាត់បន្ថយ បន្ទុកចំណាយនានារបស់បងប្អូនកម្មករនិយោជិតជាបន្តបន្ទាប់៕ ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: