ព័ត៌មានជាតិ

លោក Felix ប្រាប់កូនក្រុម ត្រូវចេះស្រេកឃ្លានដើម្បីភាពរីកចម្រើន តែក៏ត្រូវចេះឲ្យតម្លៃនូវអ្វីដែលខ្លួនខំប្រឹងដូចគ្នា

BY
Naren
January 2, 2024
លោក Felix ប្រាប់កូនក្រុម ត្រូវចេះស្រេកឃ្លានដើម្បីភាពរីកចម្រើន តែក៏ត្រូវចេះឲ្យតម្លៃនូវអ្វីដែលខ្លួនខំប្រឹងដូចគ្នា

(ដូហា)៖ លោក Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានប្រាប់កូនក្រុម ត្រូវចេះស្រេកឃ្លានដើម្បីភាពរីកចម្រើន តែក៏ត្រូវចេះឲ្យតម្លៃនូវអ្វីដែលខ្លួនខំប្រឹងដូចគ្នា ដើម្បីទទួលបាននូវរឿងល្អៗសម្រាប់ឆ្នាំថ្មី ឆ្នាំ២០២៤ នេះ។

ការគូសបញ្ជាក់នេះ ធ្វើឡើងក្រោយបញ្ចប់ការប្រកួតសាកល្បងសមត្ថភាពអន្ដរជាតិ (Closed Door Training Match) ជាមួយក្រុមជម្រើសជាតិកាតាកាលពីរាត្រីឆ្លងឆ្នាំ២០២៣ ឈានចូលឆ្នាំ២០២៤ កន្លងទៅ នៅទីក្រុងដូហា។ ជំនួបបិទទ្វារនេះ ក្រុមគោព្រៃកម្ពុជា បានចាញ់ក្រុមម្ចាស់ផ្ទះកាតា ០-៣។

បន្ទាប់ពីការប្រកួតសាកល្បងសមត្ថភាពខាងលើ លោក Felix បានពោលថា «យើងបានមើលឃើញហើយ ការលេងជាមួយក្រុមកម្រិតខ្ពស់ យើងត្រូវធ្វើការងារខ្លាំង។ អ៊ីចឹងយើងបានដឹងពីកម្រិតកីឡាករកម្រិតពិភពលោកលេងរបៀបម៉េចហើយ។ ខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នា មានអារម្មណ៍ដូចខ្ញុំ។ ខ្ញុំពិតជាមានមោទនភាព អំពីការខិតខំប្រឹងប្រែង និងការលេងរបស់ពួកយើង»។

គ្រូបង្វឹកជនជាតិអាហ្សង់ទីនដដែលបន្ដថា «វាគឺជាការប្រកួតដ៏អស្ចារ្យ មានឆន្ទៈខ្លាំង ដែលយើងព្យាយាមលេងគ្រប់ពេលជាមួយបាល់។ វាពិតជាពិបាកសម្រាប់ការលេងបាល់ទាត់របៀបយើង តែពេលខ្លះយើងត្រូវការព្យាយាម ហើយយ៉ាងហោចណាស់ ក៏យើងអាចធ្វើបានច្រើន ក្នុងកម្រិតមួយអាចទទួលយកបានដែរ»។

លោក Felix បានសង្កត់ធ្ងន់ថា «ចំណុចសំខាន់ ពួកយើងត្រូវតែស្រែកឃ្លាន ដើម្បីភាពរីកចម្រើនបន្ថែមទៀត ប៉ុន្ដែត្រូវតែឲ្យតម្លៃនូវអ្វីដែលយើងបានខិតខំប្រឹងប្រែងដូចគ្នា។ នេះគឺជាមូលដ្ឋានគ្រឹះ។ អ៊ីចឹងឆ្នាំ២០២៤ នឹងក្លាយជាឆ្នាំល្អសម្រាប់ពួកយើង។ ដូច្នេះយើងត្រូវរៀបចំ និងត្រៀមខ្លួនទាំងអស់គ្នា»។

គួរដឹងថា ការប្រកួតមិត្តភាពលក្ខណៈសាកល្បងសមត្ថភាពខាងលើ គឺកើតឡើងដោយសារការទំនាក់ទំនងល្អ រវាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងកាតា ហើយដើម្បីពង្រឹងកិច្ចសហការល្អនេះ សហព័ន្ធកីឡាបាល់ទាត់កាតា បានអញ្ជើញក្រុមជម្រើសជាតិកម្ពុជា ដើម្បីធ្វើការប្រកួតមិត្តភាពផ្លាស់ប្តូរបច្ចេកទេសជាមួយក្រុមជម្រើសជាតិរបស់ខ្លួន។ លោក Felix បានចាត់ទុកនេះ គឺជាការប្រកួតដ៏ល្អ សម្រាប់ឲ្យកូនក្រុមបានស្វែងយល់ពីរបៀបលេងក្រុមលំដាប់ពិភពលោក ហើយក៏ជាការបើកផ្លូវសម្រាប់កីឡាករកម្ពុជា អាចទៅប្រកបអាជីពនៅទីនោះ ដូចកីឡាករ សៀង ចន្ធា ផងដែរ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

Share This Post: