ព័ត៌មានជាតិ

ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន ណែនាំប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅក្នុងតំបន់ជាប់មាត់សមុទ្រនៃខេត្ត Ishikawa និងបណ្តាខេត្តទាំង៥នេះ ត្រូវប្រុងប្រយ័ត្នខ្ពស់ ក្នុងអំឡុង២-៣ថ្ងៃខាងមុខទៀត

BY
Khmerpress
January 2, 2024
ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន ណែនាំប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅក្នុងតំបន់ជាប់មាត់សមុទ្រនៃខេត្ត Ishikawa និងបណ្តាខេត្តទាំង៥នេះ ត្រូវប្រុងប្រយ័ត្នខ្ពស់ ក្នុងអំឡុង២-៣ថ្ងៃខាងមុខទៀត

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពនៃគ្រោះរញ្ជួយដី នៅតាមតំបន់ជាប់មាត់សមុទ្រនៃខេត្ត Ishikawa និងបណ្តាខេត្តក្បែរខាងដូចជា Niigata, Toyama, Yamagata, Fukui និង Hyogo ដោយគិតត្រឹមម៉ោង ១៣៖០០ ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤។

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុន អំពីស្ថានភាពនៃគ្រោះរញ្ជួយដី (កម្រិត ៧.៦) កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ នេះ ដែលអាចបង្កឱ្យមានហានិភ័យ នៃគ្រោះមហន្តរាយដោយរលកយក្សស៊ូណាមិ នៅតាមតំបន់ជាប់មាត់សមុទ្រនៃខេត្ត Ishikawa ដែលរងផលប៉ះពាល់ច្រើនជាងគេ និងបណ្តាខេត្តក្បែរខាង ដូចជា Niigata, Toyama, Yamagata, Fukui និង Hyogo ដោយគិតត្រឹមម៉ោង ១៣៖០០ ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ តាមប្រភពព័ត៌មានក្នុងស្រុក ដូចខាងក្រោម៖

– ចំនួនអ្នកស្លាប់យ៉ាងហោចណាស់ចំនួន ២៤នាក់ (មិនទាន់បញ្ជាក់អត្តសញ្ញាណ) នៅខេត្ត Ishikawa និងអ្នករបួសជាង៦០នាក់ទៀត ក្នុងខេត្ត Ishikawa, Niigata, Fukui, Toyama និង Gifu
– អគារជាង ១០០ខ្នង នៅខេត្តIshikawa ត្រូវបានរងគ្រោះដោយអគ្គិភ័យ និងអគារជាច្រើនទៀត បានដួលរលំ
– រហូតមកដល់ពេលនេះ មានប្រជាជនជាង ៤៥,០០០គ្រួសារ បានជម្លៀសទៅកាន់ទីសុវត្ថិភាព (ក្នុង ចំណោម ៤៥,០០០ គ្រួសារនេះ នៅតំបន់ខ្លះ មិនមានថាមពលអគ្គិសនីសម្រាប់ប្រើប្រាស់ទេ)
– មានការដាច់ចរន្តអគ្គីសនីចំនួន ៣៣,០០០ខ្នង
– រដ្ឋាភិបាលជប៉ុន កំពុងដឹកស្បៀងអាហារទៅតំបន់រងគ្រោះ និងបញ្ជូនកងកម្លាំងប្រមាណជាង ១,០០០នាក់ (បានទៅដល់កន្លែងរងគ្រោះមួយចំនួន) ដើម្បីទៅជួយសង្គ្រោះ និង ៨,៥០០នាក់ ផ្សេងទៀតត្រៀមនឹងបញ្ជូនបន្ថែម ក្នុងករណីចាំបាច់។

បើទោះជា ទីភ្នាក់ងារឧតុនិយមជប៉ុន បានដកការព្រមានអំពីរលកយក្សស៊ូណាមិ នៅតាមបណ្តាខេត្ត ដែលរងគ្រោះដោយគ្រោះមហន្តរាយនៃការរញ្ជួយដីខាងលើក៏ដោយ ក៏នៅបន្តឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន នូវហានិភ័យនៃគ្រោះរញ្ជួយដីនៅអំឡុង២-៣ថ្ងៃ ខាងមុខទៀត

សូមបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅតំបន់ខាងលើ មានការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន។ ក្នុងករណីមានការជម្លៀស ឬប្រសិនបងប្អូនបានទទួលព័ត៌មានអំពីពលរដ្ឋខ្មែរយើងដែលរងផលប៉ះពាល់ សូមមេត្តាជូនដំណឹងមកស្ថានទូតជាបន្ទាន់តាមរយៈហ្វេសប៊ុកស្ថានទូត Royal Embassy of Cambodia in Japan ឬ 080 4689 9374 ។ សូមជូនពរបងប្អូនទាំងអស់គ្នាជួបសុខសុវត្ថិភាព ឆ្លងផុតពីគ្រោះធម្មជាតិនេះ ៕ ប្រភព៖ Royal Embassy of Cambodia in Japan-在日本国カンボジア王国大使館

Share This Post: