ព័ត៌មានអន្តរជាតិ

ម៉ាល់ឌីវព្យួរតំណែងមន្រ្តី៣រូប ដោយសារតែការប្រមាថនាយករដ្ឋមន្រ្តីឥណ្ឌា

BY
Khmerpress
January 8, 2024
ម៉ាល់ឌីវព្យួរតំណែងមន្រ្តី៣រូប ដោយសារតែការប្រមាថនាយករដ្ឋមន្រ្តីឥណ្ឌា

(ម៉ាល)៖ រដ្ឋាភិបាលនៃប្រទេសដីកោះម៉ាល់ឌីវ បានសម្រេចព្យួរតំណែងអនុរដ្ឋមន្រ្តីចំនួន ៣រូប ដោយសារតែការប្រមាថលើនាយករដ្ឋមន្រ្តីឥណ្ឌា ចំពេលដែលទំនាក់ទំនងជាមួយប្រទេសជិតខាងដ៏មានឥទ្ធិពលមួយនេះ កាន់តែធ្លាក់ចុះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៨ ខែមករា ឆ្នាំ២០២៤។

មន្រ្តីរដ្ឋាភិបាលម៉ាល់ឌីវមួយរូប បានប្រាប់ Reuters កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះថា អនុរដ្ឋមន្រ្តីទាំង ៣រូប បម្រើការនៅក្រសួងកិច្ចការយុវជន ព័ត៌មាន និងសិល្បៈ ហើយត្រូវបានដាក់ពិន័យចំពោះការអត្ថាធិប្បាយរបស់ពួកគេ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ អ្នកទាំង ៣បានសរសេរប្រដូច លោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ទៅនឹង «រូបត្លុក ភេរវករ និងអាយ៉ងរបស់អ៉ីស្រាអែល» នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ដោយឆ្លើយតបទៅនឹង Comment នៅក្នុងវីដេអូដែលលោក Modi ទៅលេងកោះ Lakshadweep របស់ឥណ្ឌា ដើម្បីផ្សព្វផ្សាយទេសចរណ៍ក្នុងស្រុក។ បើតាមគណៈកម្មការជាន់ខ្ពស់ របស់ឥណ្ឌានៅម៉ាល់ឌីវ បានលើកឡើង និងសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ជុំវិញការបង្ហោះសារបែបនេះ។

គួរបញ្ជាក់ថា តាមទស្សនៈខ្លះចាត់ទុកដំណើរទស្សនកិច្ចរបស់ លោក Modi ថាជាការព្យាយាមទាញភ្ញៀវទេសចរឲ្យចេញពីម៉ាល់ឌីវ ដែលជាតំបន់ទេសចរណ៍ដ៏ពេញនិយមទូទាំងពិភពលោក ដោយមាន ចំនួន ១,១៩២កោះ និងកន្លែងកម្សាន្ត ប្រណីតៗនៃមហាសមុទ្រឥណ្ឌា ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: