ព័ត៌មានអន្តរជាតិ

Apple នឹងពន្យាពេលចេញលក់ AirTag ជំនាន់ទី២ រហូតដល់ឆ្នាំ២០២៥

BY
Khmerpress
January 9, 2024
Apple នឹងពន្យាពេលចេញលក់ AirTag ជំនាន់ទី២ រហូតដល់ឆ្នាំ២០២៥

(បរទេស)៖ សម្រាប់អ្នកគាំទ្រផលិតផលថ្មីៗ ពីក្រុមហ៊ុន Apple ប្រាកដជាបានស្គាល់ឧបករណ៍ AirTag រួចមកហើយ ដែលវាមានរូបរាងតូចច្រឡឹងដូចទៅនឹងកាក់ និងមានមុខងារតាមដានទីតាំង (Tracking Device) ឬរបស់របរផ្សេងៗ។ តាមរយៈរបាយការណ៍ចេញផ្សាយចុងក្រោយនេះបានឱ្យដឹងថា AirTag 2 ឬជំនាន់ទី២ របស់ Apple ដែលត្រៀមចេញលក់ក្នុងឆ្នាំ២០២៤ នេះទំនងជាមិនលេចវត្តមាននោះទេ ដោយត្រូវរង់ចាំរហូតដល់ឆ្នាំ២០២៥ ឯណោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Apple Insider នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤។

ជុំវិញមូលហេតុនៃការពន្យាពេលចេញលក់ AirTag 2 នេះមិនត្រូវបាន Apple ជូនដំណឹងនោះទេ ប៉ុន្តែបើយោងតាមរបាយការណ៍ពីលោក Mark Gurman មកពី Bloomberg បានឱ្យដឹងថា ទំនងមកពីការ «ផលិតលើសកម្រិត» ខណៈឧបករណ៍ AirTag ជំនាន់មុន គេឃើញសល់ស្តុកពេញឃ្លាំងទំនិញរបស់ Apple ទាំងលក់រាយ និងឃ្លាំងផ្ទុកផលិតផលធំ។

យ៉ាងណាមិញបើតាមសន្ទុះនៃការគាំទ្រ AirTag ជំនាន់ទី១ គេឃើញមានការគាំទ្រពីអ្នកប្រើប្រាស់ច្រើនគួរសម ហើយមានពាក្យចចាមអារ៉ាមជាច្រើនបានលើកឡើងថា Apple នឹងបន្តផលិត AirTag ជំនាន់ទី២ ជាមួយនឹងបន្ទះឈីបពិសេសដែលស្របជាមួយនឹងមុខងារថ្មីៗដែលត្រៀមដាក់នៅក្នុង iPhone និង Apple Watch ជំនាន់ចុងក្រោយ។ តែយ៉ាងណាការរំពឹងទុកនោះ ត្រូវបានប្រភពច្បាស់ការបញ្ជាក់ថា នឹងមិនអាចប្រកាសចេញបានទេ ដោយត្រូវរង់ចាំរហូតដល់មួយឆ្នាំបន្ថែមទៀត។

គួរជម្រាបដែរថា AirTag គឺជាឧបករណ៍ដែលគេប្រើសម្រាប់តាមដានទីតាំង ឬរបស់របរផ្សេងៗតាមរយៈកម្មវិធី Find My នៅលើ iPhone ហើយអាចប្រើបានរាប់ចាប់តាំងពីភ្ជាប់ជាមួយកូនសោ កាបូបលុយ រថយន្ត ឬសម្ភារៈ និងឧបករណ៍ផ្សេងទៀត៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: