ព័ត៌មានអន្តរជាតិ

ជប៉ុនក្លាយជាប្រទេសទី៥ ដែលបានចុះចតយានរ៉ូបូតដោយជោគជ័យ ទៅលើផ្ទៃព្រះចន្ទ ប៉ុន្តែកំពុងជួបបញ្ហាផ្នែកថាមពល

BY
Khmerpress
January 20, 2024
ជប៉ុនក្លាយជាប្រទេសទី៥ ដែលបានចុះចតយានរ៉ូបូតដោយជោគជ័យ ទៅលើផ្ទៃព្រះចន្ទ ប៉ុន្តែកំពុងជួបបញ្ហាផ្នែកថាមពល

(តូក្យូ)៖ នៅថ្ងៃសៅរ៍នេះ ជប៉ុនបានក្លាយជាប្រទេសទី៥ ដែលបានសម្រេចជោគជ័យ ក្នុងការនាំយកយានរ៉ូបូតទៅដល់ផ្ទៃឋានព្រះចន្ទ ដោយសុវត្ថិភាព ប៉ុន្តែកំពុងជួបបញ្ហាពាក់ព័ន្ធការផ្គត់ផ្គង់ថាមពលរបស់យាននោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី២០ ខែមករា ឆ្នាំ២០២៤។

ក្រោយដំណើរការព្យាយាមចុះចត ដែលប្រើពេលប្រហែល២០នាទី ទីភ្នាក់ងារអវកាសជប៉ុន JAXA បានប្រកាសថា យានរ៉ូបូត Smart Lander for Investigating Moon ហៅកាត់ SLIM បានទៅដល់លើផ្ទៃព្រះចន្ទ ហើយការទាក់ទងត្រូវបានភ្ជាប់ដោយជោគជ័យ។ យ៉ាងណាក្តី ដោយសារផ្ទាំងស្រូបថាមពលព្រះអាទិត្យ ដើម្បីផលិតថាមពលរបស់វា ហាក់មិនដំណើរការ JAXA បាននិយាយថា យាននោះ ទំនងជានឹងអាចធ្វើប្រតិបត្តិការ បានត្រឹមប៉ុន្មានម៉ោងប៉ុណ្ណោះ។

គួរបញ្ជាក់ថា SLIM ស្ថិតក្នុងចំណោមបេសកកម្មឋានព្រះចន្ទមួយចំនួនតូច ដែលត្រូវបានធ្វើឡើងដោយប្រទេសនិងក្រុមហ៊ុនឯកជនផ្សេងៗ នៅរយៈពេលប្រមាណជាកន្លះសតវត្សរ៍ ក្រោយការបញ្ជូនមនុស្សទៅដល់លើផ្ទៃព្រះចន្ទ ជាលើកដំបូងដោយសហរដ្ឋអាមេរិក។

ការចុះចតបរាជ័យ ការដាច់ការទាក់ទង និងបញ្ហាបច្ចេកទេសជាច្រើនផ្សេងទៀត គឺកើតមានជាញឹកញាប់ ខណៈមកទល់ពេលនេះ មានប្រទេសតែ៤គត់ ដែលបានយកយានរ៉ូបូតដោយដល់លើផ្ទៃព្រះចន្ទ ដោយជោគជ័យ ក្នុងនោះរួមមាន អតីតសហភាពសូវៀត (រុស្ស៉ី) សហរដ្ឋអាមេរិក ចិន ហើយនាពេលថ្មីៗនេះ គឺឥណ្ឌា។ ប្រធានទីភ្នាក់ងារអវកាសអាមេរិក NASA លោក Bill Nelson បានបង្ហោះសារ​អបអរសាទរចំពោះជប៉ុន ដែលបានក្លាយជាប្រទេសទី៥ ក្នុងប្រវត្តិសាស្រ្ត ក្នុងការចុះចតយានដោយជោគជ័យលើផ្ទៃចន្ទ បើទោះបីជា​យានរ៉ូបូតនោះ ជួបបញ្ហាថាមពលក្តី៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: