ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូងបង្ហាញមហិច្ឆិតាបង្កើតមជ្ឈមណ្ឌលផលិតឈីបធំជាងគេបំផុតនៅលើពិភពលោក ក្នុងទំហំទឹកប្រាក់ជាង ៤៧០ពាន់លានដុល្លារអាមេរិក

BY
Nisaiy KP
January 21, 2024
កូរ៉េខាងត្បូងបង្ហាញមហិច្ឆិតាបង្កើតមជ្ឈមណ្ឌលផលិតឈីបធំជាងគេបំផុតនៅលើពិភពលោក ក្នុងទំហំទឹកប្រាក់ជាង ៤៧០ពាន់លានដុល្លារអាមេរិក

(បរទេស)៖ កូរ៉េខាងត្បូងថ្មីៗនេះ បានបង្ហាញផែនការរបស់ខ្លួន ក្នុងការបង្កើតមជ្ឈមណ្ឌលផលិតឈីបដ៏ធំជាងគេបំផុតនៅក្នុងពិភពលោក ដែលមានទីតាំងនៅភាគខាងត្បូងទីក្រុងសេអ៊ូល នាឆ្នាំ២០៤៧ ជាមួយទុនវិនិយោគសរុបចំនួន ៦២២ពាន់ពាន់លានវ៉ុន (ប្រហែល ៤៧២ពាន់លានដុល្លារ) ជាមួយក្រុមហ៊ុន Samsung Electronics និង SK Hynix Inc។ នេះបើយោងតាមការចេញ​ផ្សាយរបស់សារព័ត៌មាន Global Times នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤។


តាមរយៈគម្រោងនេះ សបញ្ជាក់ឱ្យឃើញថា ប្រទេសកូរ៉េខាងត្បូងបានបង្ហាញផែនការពង្រីកមហិច្ឆិតារបស់ខ្លួនសម្រាប់ឧស្សាហកម្ម «ផលិតផលពាក់កណ្ដាលសម្រេច» បើទោះបីជាសង្រ្គាមបន្ទះឈីបកំពុងតែរីកកាន់តែខ្លាំងឡើង ពីសំណាក់សហរដ្ឋអាមេរិក។ ជាមួយនឹងការពង្រីកផលិតកម្ម កូរ៉េខាងត្បូងអាចនឹងនាំចេញកាន់តែច្រើនទៅកាន់ទីផ្សារចិន។ ប៉ុន្តែដើម្បីធ្វើដូច្នេះបាន ត្រូវតែបន្តកាត់បន្ថយផលប៉ះពាល់នៃការជ្រៀតជ្រែកផ្នែកនយោបាយរបស់សហរដ្ឋអាមេរិក។

អស់រយៈពេលជាយូរមក អាជីវកម្មរបស់ប្រទេសចិន មានចំណែកដ៏សំខាន់នៃការលក់របស់ក្រុមហ៊ុនផលិតគ្រឿង​អេឡិចត្រូនិក​កូរ៉េខាងត្បូង ដូចជា Samsung និង SK Hynix ជាដើម។ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ជាងពាក់កណ្តាល ក្រុមហ៊ុនផលិតគ្រឿង​អេឡិចត្រូនិកកូរ៉េខាងត្បូងពឹងផ្អែកលើការនាំចេញបន្ទះឈីបទៅកាន់ប្រទេសចិន ។​ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ។

ប្រាក់ចំណូលរបស់ SK Hynix ពីប្រទេសចិនបានឡើងដល់កំពូលជិត ៤៧ភាគរយក្នុងឆ្នាំ២០១៩ ។ ទោះបីជាចំនួននេះ បានថយចុះមកត្រឹម ២៧ភាគរយក្នុងឆ្នាំ២០២២ ក៏ដោយ ក៏វានៅតែជាផ្នែកសំខាន់នៃអាជីវកម្មរបស់ក្រុមហ៊ុន SK Hynix។ លោក Chey Tae-won ប្រធានក្រុមហ៊ុន SK Hynix បាននិយាយកាលពីខែកក្កដា ឆ្នាំ២០២៣ ថា «បើសិនជាបោះបង់ទីផ្សារដ៏ធំដែលជាប្រទេសចិន? យើងនឹងមិនអាចងើបឡើងវិញបានទេ»៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

Share This Post: