ព័ត៌មានអន្តរជាតិ

មនុស្សសរុប៤៧នាក់ កប់ជាប់ក្រោមគ្រោះបំណាក់ដីនៅខេត្ត Yunnan ប្រទេសចិន

BY
Khmerpress
January 22, 2024
មនុស្សសរុប៤៧នាក់ កប់ជាប់ក្រោមគ្រោះបំណាក់ដីនៅខេត្ត Yunnan ប្រទេសចិន

(ប៉េកាំង)៖ អាជ្ញាធរចិនបានឱ្យដឹងថា កាលពីវេលាព្រឹកថ្ងៃចន្ទនេះ មនុស្សសរុបចំនួន៤៧នាក់ បានកប់ជាប់នៅក្រោមគ្រោះបំណាក់ដីមួយ ដែលបានវាយប្រហារនៅខេត្ត Yunnan ភាគនិរតីនៃប្រទេសចិន។ នេះបើតាមការផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Xinhua នាថ្ងៃចន្ទ ទី២២ ខែមករា ឆ្នាំ២០២៤។

ភ្នាក់ងារជួយសង្រ្គោះជាង២០០នាក់ រួមជាមួយយានយន្តពន្លត់អគ្គិភ័យ៣៣គ្រឿង និងគ្រឿងចក្រជីកកាយ១០គ្រឿង កំពុងបន្តស្វះស្វែងរក អ្នកដែលបាត់ខ្លួន ក្រោយគ្រោះរអិលបាក់ដី បានកើតមានឡើងលើភូមិ Liangshui ក្នុងទីប្រជុំជន Tangfang នៃទីក្រុង Zhaotong កាលពីខ្ទង់វេលាម៉ោង៥៖៥១នាទីព្រឹក។ អ្នកភូមិដែលនៅជាប់ខ្លួនក្រោមបំណាក់ដីនោះ គឺមកពីផ្ទះសម្បែង១៨គ្រួសារ។

គួរបញ្ជាក់ថា មនុស្សសរុបជាង២០០នាក់ ត្រូវបានជម្លៀសចេញពី កន្លែងរងគ្រោះជាបណ្តោះអាសន្ន ខណៈអាជ្ញាធរចិនទទួលបន្ទុកកាត់បន្ថយ ​គ្រោះមហន្តរាយប្រចាំខេត្ត Yunnan បានដាក់ចេញចំណាត់ការបន្ទាន់កម្រិតទី៣ ដើម្បីឆ្លើយតបគ្រោះធម្មជាតិនេះ។ ចំណែកការព្យាករក្នុងតំបន់វិញ បានបង្ហាញឱ្យឃើញថា នៅថ្ងៃអង្គារនឹងមានព្រិលធ្លាក់កម្រិតស្រាល ខណៈសីតុណ្ហភាពនឹងចុះដល់ -៣អង្សាសេ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: