ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ នឹងបញ្ជូនឧទ្ធម្ភាគចក្រ Sea King ៦គ្រឿងទៅឲ្យអ៊ុយក្រែន ដើម្បីការពារដែនអាកាស

BY
Khmerpress
January 24, 2024
អាល្លឺម៉ង់ នឹងបញ្ជូនឧទ្ធម្ភាគចក្រ Sea King ៦គ្រឿងទៅឲ្យអ៊ុយក្រែន ដើម្បីការពារដែនអាកាស

(បែរឡាំង)៖ រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បានប្រកាសកាលពីថ្ងៃអង្គារសប្តាហ៍នេះថា អាល្លឺម៉ង់នឹងបញ្ជូនឧទ្ធម្ភាគចក្រចំនួន ៦គ្រឿងទៅឲ្យអ៊ុយក្រែន ចេញពីឃ្លាំងស្តុកយោធារបស់ខ្លួន ដែលនឹងត្រូវដឹកជញ្ជូន ចាប់ពីត្រីមាសទី ២ នៃឆ្នាំ២០២៤។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០២៤។

លោក Pistorius បានឲ្យដឹងថា ឧទ្ធម្ភាគចក្រនេះឈ្មោះ Sea King ហើយអាចជួយអ៊ុយក្រែនបានគ្រប់យ៉ាង រាប់ចាប់តាំងពីកិច្ចការឃ្លាំមើលសមុទ្រខ្មៅ រហូតដល់ការដឹកជញ្ជូនទាហាន។ លោក Pistorius បញ្ជាក់ថា «ដើម្បីការពារប្រជាជនអ៊ុយក្រែន និងហេដ្ឋារចនាសម្ព័ន្ធ ការការពារដែនអាកាសនៅតែបន្តជាអាទិភាពលេខ១។ យើងក៏ត្រូវការពន្លឿនបន្ថែមទៀត ជាមួយនិងការផលិតអាវុធផងដែរ»។

គួរបញ្ជាក់ថា ការប្រកាសរបស់រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ធ្វើឡើង អំឡុងកិច្ចប្រជុំនៃក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែន ដែលមានប្រទេស និងអង្គការជាង ៥០ ចូលរូមរៀបចំផែនការសមត្ថភាពជួរមុខសម្រាប់អ៊ុយក្រែន។ អាល្លឺម៉ង់ និងបារាំងបានដឹកនាំក្រុមសម្ព័ន្ធមិត្តលើកិច្ចការពារដែនអាកាសនេះ តាំងពីខែវិច្ឆិកា ឆ្នាំ ២០២៣មក ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: