ព័ត៌មានអន្តរជាតិ

TikTok ប្រកាសកាត់បន្ថយបុគ្គលិកផ្នែកលក់ និងផ្សាយពាណិជ្ជកម្ម ស្របពេលក្រុមហ៊ុនបច្ចេកវិទ្យានានា បង្ខំចិត្តបញ្ឈប់បុគ្គលិកបន្តបន្ទាប់

BY
Khmerpress
January 25, 2024
TikTok ប្រកាសកាត់បន្ថយបុគ្គលិកផ្នែកលក់ និងផ្សាយពាណិជ្ជកម្ម ស្របពេលក្រុមហ៊ុនបច្ចេកវិទ្យានានា បង្ខំចិត្តបញ្ឈប់បុគ្គលិកបន្តបន្ទាប់

(បរទេស)៖ ស្របពេលក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក ប្រកាសបញ្ឈប់បុគ្គលិកជាបន្តបន្ទាប់ ងាកមកក្រុមហ៊ុនចិន ByteDance មេធំរបស់ TikTok វិញក៏មិនខុសគ្នាពីក្រុមហ៊ុនផ្សេងៗប៉ុន្មានដែរ ដោយបានចាប់ផ្តើមកាត់បន្ថយបុគ្គលិកនៅផ្នែកលក់ និងផ្សព្វផ្សាយពាណិជ្ជកម្ម សរុប៦០កន្លែង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Yahoo នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។

អ្នកនាំពាក្យក្រុមហ៊ុននេះបាន និយាយថាសម្រាប់បុគ្គលិកដែលរងការប៉ះពាល់ គឺជាអ្នកបម្រើការងារនៅ ទីក្រុង Los Angeles, ទីក្រុង New York, ទីក្រុង Austin និង នៅ តាមបណ្តាប្រទេសផ្សេងទៀត។ ចំនួននេះគឺតិចជាង ១% នៃបុគ្គលិកប្រហែល ៧,000 របស់ក្រុមហ៊ុននៅក្នុងសហរដ្ឋអាមេរិកគិតត្រឹមខែមីនា ហើយវាគឺជាការកាត់បន្ថយតិចតួចប៉ុណ្ណោះ បើប្រៀបធៀបនឹងក្រុមហ៊ុនបច្ចេកវិទ្យាធំៗនានាដូចជា Alphabet, Google, EBay Inc., Riot Games Inc. និង Tencent Holdings Ltd.។

គួរជម្រាបថា នេះជាលើកដំបូងហើយ ដែលមានសេចក្តីរាយការណ៍ថា TikTok បញ្ឈប់ការងារបុគ្គលិក ស្របពេលក្រុមហ៊ុនមេ ByteDance កំពុងមានរឿងត្រូវដោះស្រាយជាមួយសមាជិកសភាអាមេរិក ជុំវិញទំនាក់ទំនងរបស់ TikTok ជាមួយរដ្ឋាភិបាលចិន។ ទោះ TikTok នៅអាមេរិកមានការរឹតបន្តឹងក្តី តែបើតាមរាបាយការណ៍បង្ហាញថា កម្មវិធី TikTok នេះ មានអ្នកប្រើប្រាស់នៅអាមេរិករហូតដល់១៥០លាននាក់ គិតត្រឹមខែមីនាឆ្នាំមុន ជាចំនួនកំណត់ត្រាមួយគួរឲ្យកត់សម្គាល់៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: