ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនមេរបស់ Snapchat ប្រកាសបញ្ឈប់បុគ្គលិកចំនួន ១០ភាគរយសម្រាប់ជុំដំបូងក្នុងឆ្នាំ២០២៤

BY
Khmerpress
February 7, 2024
ក្រុមហ៊ុនមេរបស់ Snapchat ប្រកាសបញ្ឈប់បុគ្គលិកចំនួន ១០ភាគរយសម្រាប់ជុំដំបូងក្នុងឆ្នាំ២០២៤

(បរទេស)៖ ថ្មីនេះៗក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Snap ដែលជាមេធំរបស់ប្រព័ន្ធផ្សព្វផ្សាយ Snapchat បានប្រកាសបញ្ឈប់បុគ្គលិកចំនួន ៥២៨នាក់ ដែលស្មើនឹង ១០ភាគរយនៃចំនួនបុគ្គលិកសរុបនៅទូទាំងពិភពលោក ខណៈមូលហេតុចម្បងនៃការបញ្ឈប់បុគ្គលិកនេះគឺ ដើម្បីកាត់បន្ថយចំណាយនៅក្នុងក្រុមហ៊ុន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤។

គិតត្រឹមដើមឆ្នាំ២០២៤ មានក្រុមហ៊ុនបច្ចេកវិទ្យាប្រមាណ ១២២ក្រុមហ៊ុនបានបញ្ឈប់បុគ្គលិកសរុបរហូតដល់ទៅ ៣២,០០០នាក់ឯណោះ នេះបើយោងតាមគេហទំព័រតាមដាន Laoffs.fyi។ ក្នុងចំណោមក្រុមហ៊ុនទាំងនោះសុទ្ធសឹងតែជើងខ្លាំងឈរជើងយូរឆ្នាំក្នុងវិស័យបច្ចេកវិទ្យារួមមាន Microsoft, Meta, Amazon និង Alphabet រួមទាំងក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនផ្សេងទៀត។ ដោយឡែកតាមការប្រកាសចុងក្រោយនេះគឺ ជាជុំដំបូងរបស់ក្រុមហ៊ុន Snap ក្នុងការបញ្ឈប់បុគ្គលិកក្នុងឆ្នាំ២០២៤ ខណៈក្រុមហ៊ុននេះបានតស៊ូជាយូរណាស់មកហើយក្នុងការទាញយកប្រជាប្រិយភាពរបស់ខ្លួនជាមួយនឹងអ្នកប្រើប្រាស់វ័យក្មេង រួមទាំងកំណើនប្រាក់ចំណូល ដែលកំពុងរងការប្រកួតប្រជែងខ្លាំងពីបុត្រសម្ព័ន្ធរបស់ Mata Platforms ដូចជា Facebook ជាដើម។

Snap បាននិយាយថា «យើងបានសម្រេចចិត្តដ៏លំបាកបំផុតក្នុងការរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនឡើងវិញ ការធ្វើបែបនេះគឺ ដោយសារតែត្រូវបា្រកដថា យើងអាចឈរនៅទីតាំងអាជីវកម្មបច្ចុប្បន្នរបស់យើងឱ្យបានល្អបំផុត ដូច្នេះយើងត្រូវតែបង្ខំចិត្តកាត់បន្ថយចំណាយ ដើម្បីធានាថាយើងមានសមត្ថភាពក្នុងការវិនិយោគបន្ថែមលើអាជីវកម្មរបស់យើង»។ Snap រំពឹងថា ក្នុងឆ្នាំ២០២៤ នេះក្រុមហ៊ុននឹងត្រូវបង់ប្រាក់អស់ច្រើនចន្លោះពី ៥៥ ទៅ ៧៥លានដុល្លារឯណោះ រាប់ចាប់ទាំងការគិតពន្ធ ចំណាយបុគ្គលិក រួមទាំងការចំណាយផ្សេងៗទៀត ខណៈចំណូលកំពុងជាប់គាំង។

គួរជម្រាបដែរថា តម្លៃភាគហ៊ុនរបស់ Snap ថ្មីៗនេះបានធ្លាក់ចុះ ៤ភាគរយបន្ថែមទៀត មកនៅត្រឹមតែ ១៦.៣៨ដុល្លារប៉ុណ្ណោះក្នុងមួយហ៊ុន ខណៈកង្វល់នេះអាចនឹងបន្តកើតមានឡើងទៀតក្នុងឆ្នាំ២០២៤៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: