ព័ត៌មានអន្តរជាតិ

TikTok ត្រូវបានអតីតប្រធានផ្នែកទីផ្សារប្តឹង ជុំវិញករណីបង្ខំឱ្យចេញពីតួនាទី និងជាន់ឈ្លីសិទ្ធិ

BY
Khmerpress
February 10, 2024
TikTok ត្រូវបានអតីតប្រធានផ្នែកទីផ្សារប្តឹង ជុំវិញករណីបង្ខំឱ្យចេញពីតួនាទី និងជាន់ឈ្លីសិទ្ធិ

(បរទេស)៖ អតីតប្រធានផ្នែកទីផ្សារកំពូលនៅ TikTok បានប្តឹងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម និងក្រុមហ៊ុនមេ ByteDance របស់ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដោយអះអាងថា នាងត្រូវបានគេបង្ខំឱ្យលាឈប់ពីតួនាទី បន្ទាប់ពីនាងបានបង្ហាញការមិនពេញចិត្តអំពីការរើសអើងភេទ អាយុ និងពិការភាព។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤។

អតីតបុគ្គលិក TikTok លោកស្រី Katie Puris បាននិយាយនៅក្នុងពាក្យបណ្តឹងមួយដែលបានដាក់ក្នុងតុលាការសហព័ន្ធ Manhattan ថានាងត្រូវបាន ក្រុមហ៊ុនមេ ByteDace បណ្តេញចេញក្នុងឆ្នាំ២០២២ ក្រោយនាងរាយការណ៍អំពីករណីបៀតបៀនផ្លូវភេទដែលកើតលើអ្នកគ្រប់គ្រងធនធានមនុស្ស។ Puris បានបន្ថែមទៀតថា ពេលនោះនាងត្រូវបានគេប្រមាថពីអាយុ និងភេទរបស់នាង ខណៈប្រធានផ្នែកនៅ ByteDance លោក Zhang Lidong បានលើកឡើងថាបុគ្គលិកជាស្រ្តី «គួរតែរក្សាភាពស្ងៀមស្ងាត់ និងបន្ទាបខ្លួនគ្រប់ពេលវេលា» ហើយគួរតែ «មានភាពអត់ធ្មត់ និងភាពស្លូតបូត» ជាងនេះ ពោលគឺមិនគួរចេះដឹងរឿងរ៉ាវផ្សេងៗក្នុងក្រុមហ៊ុននោះទេ។

លោកស្រី Puris បានសម្តែងការមិនពេញចិត្តជាខ្លាំងជាមួយនឹង TikTok មិនត្រឹមតែមិនរកយុត្តិធម៌ និងទុកពេលឱ្យនាងដោះស្រាយនោះទេ ថែមទាំងសម្រេចចិត្តបញ្ឈប់នាងចេញពីការងារតាមការសម្រេចរបស់ក្រុមហ៊ុនមេ ByteDance ថែមទៀតផង។ ខណៈការបញ្ឈប់នេះ ត្រូវបានឱ្យដឹងថា គឺជាលេសមួយនៃការបញ្ចប់រឿងរ៉ាវគ្រប់យ៉ាងដែលនាងបានរាយការណ៍សូម្បីតែករណីបៀតបៀនផ្លូវភេទ ក៏ត្រូវបានបិទផងដែរ។

តែយ៉ាងណាជុំវិញបញ្ហានេះទាំង TikTok និងក្រុមហ៊ុនមេ ByteDance នៅមិនទាន់មានការចេញមកធ្វើអត្ថាធិប្បាយលម្អិតនៅឡើយនោះទេ។

គួរជម្រាបដែរថា បញ្ហានេះ Majorie និង Monica Hinchen មេធាវីរបស់ Puris បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមថា «សកម្មភាពរបស់ TikTok ដែលបានធ្វើលើ Puris គឺខុសច្បាប់ ហើយយើងនឹងទន្ទឹងរង់ចាំការបញ្ជាក់ពីសិទ្ធិរបស់នាង»។ ខណៈករណីប្តឹងផ្តល់នេះ គឺដើម្បីទាទារសិទ្ធរបស់នាង ក៏ដូចជាការខាតបង់ផ្នែកសេដ្ឋកិច្ច ការឈឺចាប់ និងការខូចខាតកេរ្តិ៍ឈ្មោះ និងអាជីពរបស់នាងដែលត្រូវបានគេជាន់ឈ្លី៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: