ព័ត៌មានជាតិ

ស្ថានទូតជប៉ុន រៀបចំពិធីចម្រើនព្រះជន្មព្រះចៅអធិរាជជប៉ុន ណារុហ៉ីតុ នៅរាជធានីភ្នំពេញ

BY
Naren
February 15, 2024
ស្ថានទូតជប៉ុន រៀបចំពិធីចម្រើនព្រះជន្មព្រះចៅអធិរាជជប៉ុន ណារុហ៉ីតុ នៅរាជធានីភ្នំពេញ

(ភ្នំពេញ)៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅព្រលប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានរៀបចំពិធីចម្រើនព្រះជន្ម៦៤ព្រះវស្សា របស់ព្រះករុណា ព្រះចៅអធិរាជជប៉ុន ណារុហ៉ីតុ (NARUHITO) (ពិធីបុណ្យជាតិជប៉ុន) នៅរាជធានី ភ្នំពេញ។

ពិធីនេះមានការចូលរួមពីសម្ដេចមហារដ្ឋសភាធិការធិបតីកិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភាព រដ្ឋមន្ត្រីក្រសួងការបរទេ និងសហប្រតិបបត្តិការអន្តរជាតិ រួមនឹងថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួង ស្ថាប័នជាតិកម្ពុជាជាច្រេីនរូបទៀត។

លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងថា ទោះបីថ្ងៃនេះជាឱកាសសម្រាប់ការប្រារព្ធពិធីនេះក្តី លោកសូមរំឭកថា សម្រាប់លោកដែលជាជនជាតិជប៉ុន ឆ្នាំ២០២៤ បានចាប់ផ្តើមជាមួយនឹងព្រឹត្តិការណ៍ សោកនាដកម្មចំនួនពីរ គឺគ្រោះរញ្ជួយដីនៅឧបទ្វីប ណូតូ និងឧប្បទ្ទវហេតុយន្តហោះប៉ះទង្គិចគ្នានៅអាកាសយានដ្ឋាន ហាណេដា។ ព្រះចៅអធិរាជ និងព្រះអធិរាជនី ទ្រង់មានសេចក្តីព្រួយព្រះហឬទ័យជាខ្លាំង ចំពោះគ្រោះមហន្តរាយ និងគ្រោះថ្នាក់នេះ។

ក្នុងនាមឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា​ បានឆ្លៀតក្នុងឱកាសនេះ ថ្លែងអំណរព្រះគុណចំពោះ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រះរាជវង្សានុវង្សកម្ពុជា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានចូលរួមរំលែកទុក្ខ និងសម្តែងនូវសមានចិត្តយ៉ាងស្មោះអស់ពីដួងចិត្ត។

ក្នុងគ្រាលំបាកនេះ លោកត្រូវបានលើកទឹកចិត្តដោយមិត្តភាព និងក្តីមេត្តា ហើយប្រជាជនជប៉ុនជាច្រើន មានសេចក្តីរំភើបយ៉ាងក្រៃលែង ចំពោះទឹកចិត្តសប្បុរសរបស់ប្រជាជនកម្ពុជា។ ដើម្បីឆ្លើយតបទៅនឹងការ លើកទឹកចិត្តរបស់កម្ពុជា រដ្ឋាភិបាលជប៉ុន នឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីធ្វើការស្តារ និងកសាង ឡើងវិញនូវតំបន់ដែលរងផលប៉ះពាល់ដោយគ្រោះរញ្ជួយដីនៅឧបទ្វីបណូតូ។

លោក អ៊ូអិណុ អាត់ស៊ូស៊ី បានបន្តថា កម្ពុជា-ជប៉ុន បានប្រារព្ធជាថ្មីខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្ត្រ នៃទំនាក់ទំនងការទូតរបស់ ប្រទេសទាំងពីរ។ ដើម្បីកត់សម្គាល់នូវឱកាសនោះផងដែរ ទំនាក់ទំនងទ្វេភាគី នៃប្រទេសទាំងពីរត្រូវបានតម្លើងដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។

ព្រឹត្តិការណ៍ដ៏អស្ចារ្យជាច្រើន ត្រូវបានរៀបចំឡើងពេញមួយឆ្នាំមុន ហើយកម្មវិធីដែលបានរៀបចំនៅថ្ងៃទី៨ ខែធ្នូ ដើម្បីប្រារព្ធពិធីបិទបញ្ចប់ខួបលើកទី៧០ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ដោយមានវត្តមានដ៏ខ្ពង់ខ្ពស់ របស់ឧបនាយករដ្ឋមន្ត្រីចំនួន ៤រូប និងឥស្សរជនកម្ពុជាជាច្រើនរូបទៀត ដែលជាភ្ញៀវកិត្តិយសដ៏សំខាន់បំផុតរបស់ជប៉ុន ក្នុងពិធីចម្រើនព្រះជន្ម ៦៤ព្រះវស្សា ព្រះចៅអធិរាជជប៉ុន នៅពេលនេះ។

នៅឆ្នាំនេះ លោកសង្ឃឹមថា លោកនឹងចាប់យកចលនការដែលបានបង្កើតកាលពីឆ្នាំ២០២៣ ដើម្បីពង្រឹងបន្ថែមទំនាក់ទំនងជប៉ុន-កម្ពុជា។ ឆ្នាំនេះជាឆ្នាំរោង ដែលត្រូវបានគេជឿថា នឹងនាំមកនូវការផ្លាស់ប្តូរជាក់ស្តែង។ ជាមួយនឹងជំនឿយ៉ាងដូច្នេះ ក្នុងឆ្នាំរោងនេះ មានបំណងសម្រេចឲ្យបាននូវការអភិវឌ្ឍ ឲ្យបានច្រើន ជាក់ស្តែងនៅក្នុងទំនាក់ទំនងជប៉ុន-កម្ពុជា ដែលត្រូវបានពង្រឹងយ៉ាងរឹងមាំដោយទំនុកចិត្ត និងមិត្តភាពរួចមកហើយ។

ដើម្បីសម្រេចបាននូវគោលដៅខាងលើ លោកមានបំណងតាមដានលទ្ធផលនៃកិច្ចប្រជុំកំពូលកាលពីឆ្នាំមុន ហើយធ្វើការដើម្បីធានាថាទំនាក់ទំនងរបស់យើងមានប្រយោជន៍ចំពោះភាគីទាំងពីរ។ លោកចង់ឱ្យភាគីទាំងពីរធ្វើការរួមគ្នា ដោយយកចិត្តទុកដាក់ចំពោះ «យុទ្ធសាស្រ្តបច្ចកោណដំណាក់កាលទី១» ដែលបានដាក់ចេញ ដោយគណរដ្ឋមន្ត្រីថ្មី ដើម្បីសម្រេចឱ្យបាននូវសង្គមឌីជីថល ពង្រឹងការតភ្ជាប់ និងកែលម្អបរិយាកាសវិនិយោគ។

ជាងនេះទៅទៀត ខណៈពេលដែលស្ថានការណ៍អន្តរជាតិ កាន់តែមានភាពស្មុគ្រស្មាញ ហើយយើងជួបប្រទះនូវបញ្ហាប្រឈមជាច្រើនជាសកល វាជាប្រការសំខាន់ដែលជប៉ុន និងកម្ពុជាធ្វើការរួមគ្នាជាដៃគូ ដើម្បីគោរពច្បាប់អន្តរជាតិ និងរក្សាសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើនីតិរដ្ឋ។

លោកសន្យានឹងបន្តរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យប្រទេសទាំងពីរអាចសហការ និងរួមចំណែកយ៉ាងសកម្មដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ និងពិភពលោក។

គួរឱ្យដឹងថា ព្រះចៅអធិរាជជប៉ុន ណារុហ៉ីតុ (Naruhito) ព្រះចៅអធិរាជ Naruhito បានឡើងស្នងរាជសម្បត្តិ ជ្រីសានថេម៉ាម (Chrysanthemum) នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ បន្តពីព្រះបិតាទ្រង់ គឺអតីតព្រះចៅអធិរាជ អាគីហ៉ីតុ (Akihito) ដែលមានព្រះជន្មាយុ ៨៥ព្រះវស្សា និងបានដាក់រាជសម្បត្តិជាផ្លូវការកាលពីថ្ងៃទី០១ ខែឧសភា។ នេះគឺជាការដាក់រាជ្យលើកដំបូងបង្អស់របស់ព្រះចៅ អធិរាជជប៉ុន ដែលមិនធ្លាប់មានឡើយក្នុងអំឡុងពេលជាង ២០០ឆ្នាំកន្លងមកនេះ។ ការឡើងគ្រងរាជ្យរបស់ ព្រះចៅអធិរាជ Naruhito គឺជាការបិទបញ្ចប់នូវសករាជ ឬរជ្ជកាលចាស់ហៅថា ហៃសី (Heisei) និងជាការបើកទំព័រសករាជថ្មី ហៅថា រៃវ៉ា (Reiwa)៕​ ផ្តល់សិទ្ធិដោយ៖ Fresh News

Share This Post: