បច្ចេកវិទ្យា

Apple និយាយថា ថ្មរបស់ iPhone 15 មានអាយុកាលយូរជាងមុនរហូតដល់ទៅ ៥០០ដង

BY
Naren
February 22, 2024
Apple និយាយថា ថ្មរបស់ iPhone 15 មានអាយុកាលយូរជាងមុនរហូតដល់ទៅ ៥០០ដង

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានបញ្ជាក់ថា អាយុកាលថ្មនៅក្នុងត្រកូល iPhone 15 ទាំង ៤ម៉ូដែលរបស់ខ្លួននឹងអាចប្រើប្រាស់បានយូរជាងម៉ូដែល iPhone មុនៗទាំងអស់ ដែលជាសមត្ថភាពខ្លាំងបំផុតមិនធ្លាប់មាន។ ពោលគឺសមត្ថភាពថ្មនៅក្នុង iPhone 15 ជំនាន់ថ្មីនេះអាចធ្វើការសាកថ្មមួយពេញបានរហូតដល់ទៅ ១០០០ដងឯណោះទើបសុខភាពថ្ម iPhone ថមថយគុណភាពប្រមាណជា ២០ភាគរយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។

ប្រភពពី 9to5 Mac បានឱ្យដឹងថា ជាទូទៅសមត្ថភាព ឬអាចហៅបានម្យ៉ាងទៀតថា សុខភាពថ្មរបស់ iPhone ត្រូវបាន Apple កំណត់វដ្តសាកថ្ម (Charge Cycle) ដែលអនុញ្ញាតឱ្យ iPhone ធ្វើការសាកថ្មពី 0% ដល់ 100% បានត្រឹមតែ ៥០០ដងប៉ុណ្ណោះ សុខភាពថ្ម iPhone នឹងថមថយគុណភាពប្រមាណជា ២០ភាគរយ។ ដោយឡែកចំពោះ iPhone 15 ទាំង ៤ម៉ូដែលថ្មីនេះ Apple បានបង្ហាញការធ្វើតេស្តសាកល្បង ដែលរកឃើញថាវាមានចំនួនរហូតដល់ទៅ ១,០០០ដងឯណោះ។ ប៉ុន្តែវាអាចនឹងធ្លាក់ចុះច្រើន ឬតិចជាងនេះអាស្រ័យលើរបៀបនៃការសាកថ្មរបស់អ្នកប្រើប្រាស់ផងដែរ។
យ៉ាងណាមិញបើតាមការឱ្យដឹងពីក្រុមហ៊ុន Apple ផ្ទាល់ អាចសន្និដ្ឋានបានថា សុខភាពថ្មរបស់ iPhone គឺមានគុណភាពអស្ចារ្យជាងម៉ូដែល iPhone មុនៗទាំងអស់ដែលវាអាចទ្រាំទ្របានរហូតដល់ទៅ ១,០០០ដងទើបអាយុកាលថ្មចុះមកនៅសស់ ៨០ភាគរយ។ ដូច្នេះសម្រាប់អ្នកប្រើប្រាស់ដែលពុំសូវមានតម្រូវការច្រើនដូចជាលេងហ្គេម ឬកាត់វីដេអូតាមរយៈទូរស័ព្ទ iPhone ដែលត្រូវការកម្លាំងថាមពលខ្លាំងគឺ អាចប្រើប្រាស់ iPhone បានច្រើនឆ្នាំជាងមុនបន្ថែមទៀត ទើបដល់កាលកំណត់អាយុកាលថ្មរបស់ Apple ប្រើប្រាស់លែងកើត៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: