ព័ត៌មានជាតិ

សម្តេចតេជោ និងសម្តេចធិបតី បញ្ជាអភិបាលខេត្តព្រះវិហារ ដោះស្រាយវិវាទដីធ្លីជូនមន្ត្រីយោធា និង​ពល​រដ្ឋ​១៣គ្រួសារ នៅស្រុកគូលែន, ដំណោះស្រាយត្រូវបានបញ្ចប់ អាជ្ញាធរនឹងកាត់ឆ្កៀលដី​ជូនពួកគាត់

BY
Khmerpress
March 8, 2024
សម្តេចតេជោ និងសម្តេចធិបតី បញ្ជាអភិបាលខេត្តព្រះវិហារ ដោះស្រាយវិវាទដីធ្លីជូនមន្ត្រីយោធា និង​ពល​រដ្ឋ​១៣គ្រួសារ នៅស្រុកគូលែន, ដំណោះស្រាយត្រូវបានបញ្ចប់ អាជ្ញាធរនឹងកាត់ឆ្កៀលដី​ជូនពួកគាត់

(ព្រះវិហារ)៖ ក្រុមគ្រួសារមន្ត្រីយោធា និងប្រជាពលរដ្ឋប្រមាណ១៣គ្រួសារ ដែលមានវិវាទដីធ្លីជាមួយ​បុគ្គល​ឈ្មោះ ​ឃុត វី ស្ថិតនៅភូមិសំបូរ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចេញមុខដោះស្រាយដោយផ្ទាល់។

បន្ទាប់ពីទទួលបានព័ត៌មានពាក់ព័ន្ធជម្លោះដីធ្លីខាងលើនេះ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៧ ខែមីនា ឆ្នាំ២០​២៤​នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាជំនួយការ​ពីរ​រូប គឺលោក កែវ ផុង និងលោក គង់ លីវ៉ា ចុះទៅ​កាន់​ខេត្តព្រះវិហារ ធ្វើការងារជាមួយលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដើម្បីស្រាវជ្រាវលំអិតទៅលើ​បញ្ហាខាងលើ។

លោក គីម រិទ្ធី បានអញ្ជើញគ្រួសារយោធាន និងប្រជាពលរដ្ឋទាំង១៣គ្រួសារ ដែលមានវិវាទដីធ្លីជាមួយ​ក្រុមហ៊ុនមកជួបជជែកពិភាក្សាដោយផ្ទាល់។ បន្ទាប់ពីជជែក និងសាកសួរព័ត៌មានលំអិហើយនោះ លោកអភិបាលខេត្ត បានធានាអះអាងទៅកាន់គ្រួសារយោធា និងប្រជាពលរដ្ឋទាំង១៣គ្រួសារ នឹងមិន​ឱ្យមានអនុវត្តន៍ផ្លូវច្បាប់ណាមួយលើពួកគាត់ ហើយក៏នឹងរិះរកវិធីបញ្ចប់រឿងក្តីទាំងឡាយជាមួយក្រុមហ៊ុន​ផង​ដែរ។

បន្ថែមពីលើនោះ លោកអភិបាលខេត្ត ក៏បានអះអាងដែរថា នឹងជជែកជាមួយអាជ្ញាធរពាក់ព័ន្ធ ក៏ដូចជាភាគី​ក្រុមហ៊ុន ដើម្បីកាត់ឆ្កៀលដីមានវិវាទជូនប្រជាពលរដ្ឋ ហើយឈានទៅធ្វើប្លង់រឹងជូនពួកគាត់។

តំណាងឱ្យប្រជាពលរដ្ឋមានបញ្ហាដីធ្លីខាងលើនេះ លោកអនុសេនីយ៍ត្រី រ័ត្ន ទីណា មន្ត្រីយោធាបម្រេីការ កងការពារឃ្លាំងចំណុះយោធិភូមិភាគទី៤ បានបង្ហាញក្តីត្រេកអរជាពន់ពេកបន្ទាប់ពីទទួលបានដំណោះ​ស្រាយមួយល្អប្រសើរ ដោយបានដីត្រឡប់មកវិញ ហើយមិនប្រឈមទោសទណ្ឌ​។

លោកអនុសេនីយ៍ត្រី រ័ត្ន ទីណា បានគោរពថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត យ៉ាងជ្រាល​ជ្រៅបំផុត។ លោកអនុសេនីយ៍ត្រី រ័ត្ន ទីណា បានចាត់ទុកសម្តេចតេជោ និងសម្តេចធិបតី ជាមេដឹកនាំឈរនៅខាង​ប្រជា​ពលរដ្ឋ និងតម្កល់សុខ​ទុក្ខប្រជាពលរដ្ឋជាចម្បង រាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋមិនដែលរំលង​សម្តេច​នោះឡើយ។

លោកអនុសេនីយ៍ត្រី រ័ត្ន ទីណា ក៏បានថ្លែងអំណរគុណលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដែលបាន​ខ្នះខ្នែង និងសម្របសម្រួលដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់ និងជួយឱ្យពួកគាត់បានត្រឡប់មកផ្ទះសម្បែងវិញ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: