ព័ត៌មានជាតិ

ក្រោយបទបញ្ជារ​បស់អភិបាលខេត្តត្បូងឃ្មុំ, ក្មេងទំនើងបង្ហោះម៉ូតូ២នាក់ ត្រូវចាប់កោរសក់ និងនាំទៅមើលការរស់នៅរបស់ទណ្ឌិតក្នុងពន្ធនាគារ

BY
Khmerpress
March 9, 2024
ក្រោយបទបញ្ជារ​បស់អភិបាលខេត្តត្បូងឃ្មុំ, ក្មេងទំនើងបង្ហោះម៉ូតូ២នាក់ ត្រូវចាប់កោរសក់ និងនាំទៅមើលការរស់នៅរបស់ទណ្ឌិតក្នុងពន្ធនាគារ

(ត្បូងឃ្មុំ)៖ កាលពីពេលកន្លងទៅ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានដាក់ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងសមត្ថកិច្ច ត្រូវបង្ក្រាបក្មេងទំនើង ដែលបង្កភាពអសន្តិសុខក្នុងសង្គម ពោលក្រោយ ឃាត់ខ្លួនបាន ត្រូវនាំទៅពន្ធនាគារខេត្ត ដើម្បីឲ្យពួកគេមើលពីការរស់នៅរបស់ជនត្រូវចោទ និងទណ្ឌិតដែលជាប់ឃុំឃាំង ដើម្បីបង្ហាញពីការលំបាកក្នុងការការរស់នៅដោយគ្មានសេរីភាព។

ជាក់ស្ដែងនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលក្រុងសួង សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារលួង បានស្ទាក់ឃាត់ខ្លួនក្មេងទំនើង២នាក់ កំពុងបង្ហោះម៉ូតូនៅចំណុចផ្លូវបេតុង សង្កាត់វិហារលួង ក្នុងក្រុងសួង។

លោក ចក់ សុខកៅ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ឲ្យដឹងថា ក្មេងទំនើងទាំង២នាក់នេះរួមមាន៖

* ទី១៖ ឈ្មោះ ម៉ម ស៊ីន អាយុ២១ឆ្នាំ មានទីលំនៅភូមិ ពោធិ៍កិល សង្កាត់សួង ក្រុងសួង
* ទី២៖ ឈ្មោះ ឌឿន ផានុត អាយុ១៦ឆ្នាំ មានទីលំនៅភូមិសួងកើត សង្កាត់សួង ក្រុងសួង។

បើតាមលោកស្នងការរង ក្មេងទំនើងទាំង២នាក់នេះ បានបង្ហោះម៉ូតូនៅចំណុចផ្លូវបេតុងភូមិ ជើងវត្តសង្កាត់វិហារលួង ក្រុងសួង។ ភ្លាមៗនោះសមត្ថកិច្ចបានឃាត់ និងនាំពួកគេទាំង២នាក់ យកទៅអធិការដ្ឋាននគរបាលក្រុងសួង ដើម្បីធ្វើការសាកសួរ។

ក្រោយសាកសួរ សមត្ថកិច្ចបានអនុវត្តវិធានការទៅលើពួកគេដោយកោរសក់ និងនាំទៅពន្ធនាគារខេត្តត្បូងឃ្មុំ ដើម្បីឲ្យពួកគេមើលពីការរស់នៅរបស់ជនត្រូវចោទ និងទណ្ឌិតដែលជាប់ឃុំឃាំង។

លោកស្នងការរងបានបន្តទៀតថា សម្រាប់ក្មេងទំនើងទាំង២នាក់ ត្រូវធ្វើការអប់រំកែប្រែនៅចំពោះមុខឪពុកម្ដាយ ឬអាណាព្យាបាល ព្រមទាំងធ្វើកិច្ចសន្យាមិនឱ្យប្រព្រឹត្តទង្វើបែបនេះទៅថ្ងៃក្រោយទៀត។ ត្រូវខិតខំកែប្រែកសាងខ្លួនឱ្យសាកសមជាធនធានដ៏មានតម្លៃសម្រាប់គ្រួសារ និងសង្គមជាតិ។

ក្រោយពីបានធ្វើកិច្ចសន្យាអប់រំកែប្រែរួច សមត្ថកិច្ចបានប្រគល់ក្មេងទំនើងទាំង០២នាក់ ទៅឲ្យក្រុមគ្រួសារវិញផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: