ព័ត៌មានជាតិ

ទស្សនាវដ្តីដ៏ល្បីឈ្មោះ The Spectator របស់អង់គ្លេសបានហៅកម្ពុជាថាជាប្រទេសល្អបំផុតក្នុងលោក

BY
Naren
March 9, 2024
ទស្សនាវដ្តីដ៏ល្បីឈ្មោះ The Spectator របស់អង់គ្លេសបានហៅកម្ពុជាថាជាប្រទេសល្អបំផុតក្នុងលោក

(ភ្នំពេញ)៖ ទស្សនាវដ្តីដ៏ល្បីឈ្មោះ The Spectator របស់ចក្រភពអង់គ្លេសបានចេញផ្សាយអត្ថបទមួយដែលបានកោតសរសើរ កម្ពុជាថាជាប្រទេសដ៏ល្អបំផុតក្នុងពិភពលោក។

នៅក្នុងអត្ថបទចុះផ្សាយនេះ ទស្សនាវដ្ដីដែលផ្តោតលើនយោបាយ និងវប្បធម៌ និងបានដំណើរការតាំងពីឆ្នាំ១៨២៨ មកនោះ បានរៀបរាប់អំពីបទពិសោធន៍របស់អ្នកសរសេរអត្ថបទមួយរូបដែលបានធ្វើដំណើរកម្សាន្តមកកាន់តំបន់ឥណ្ឌូចិន ជាពិសេសប្រទេសកម្ពុជា។

បើយោងតាមទស្សនាវដ្ដីនេះ ម្ចាស់អត្ថបទរូបនោះបានរៀបរាប់ថា អ្វីដែលធ្វើឱ្យកម្ពុជាក្លាយជាប្រទេសដែលល្អបំផុតក្នុងពិភពលោក គឺដោយសារកត្តាមួយចំនួន រួមទាំងម្ហូបអាហារ ទេសភាព តំបន់ទេសចរណ៍ជាដើម។ ទស្សនាវដ្ដីនេះ បានបន្តថា នៅកម្ពុជាសម្បូរដោយអាហារស្រស់ៗ មានអាហារកែច្នៃតិចតួច ហើយម្ហូបអាហារពិតជាអស្ចារ្យ។ ភាពអស្ចារ្យនេះនៃម្ហូបអាហារនេះអាចកើតមានឡើងដោយសារតែកត្តាភូមិសាស្រ្តដែលទទួលរងឥទ្ធិពលពីប្រទេសជិតខាងដូចជា ឥណ្ឌា ចិន រួមទាំងបារាំងដែលបានដាក់អាណានិគមមកលើកម្ពុជាផងដែរ។ លើសនេះទៀត ទេសភាពក្នុងប្រទេសកម្ពុជាពិតជាមានភាពទាក់ទាញ ដោយកម្ពុជាមានព្រៃឈើដ៏សម្បូរបែប មានកោះស្អាតៗ និងមានប្រាសាទបុរាណ ជាពិសេសប្រាសាទអង្គរវត្តកាន់តែអស្ចារ្យ។

ប្រទេសកម្ពុជាដែលបានរំដោះខ្លួនចេញពីរបបប្រល័យពូជសាសន៍ និងគោរពបូជាព្រះពុទ្ធសាសនា បានផ្តល់សិទ្ធិសេរីភាពពេញលេញដល់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសស្រ្តី ហើយកម្ពុជាក៏មានអត្រាបទល្មើសទាបផងដែរ បើធៀបទៅនឹងទីក្រុងផ្សេងទៀតនៅប្រទេសលោកខាងលិច។

ទស្សនាវដ្តី The Spectator បានបន្តទៀតថា កម្ពុជាជាប្រទេសមួយដ៏រីករាយបើទោះបីជាមានប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ទាបក៏ដោយ ហើយប្រាក់ចំណូលនេះកំពុងកើនឡើងយ៉ាងឆាប់រហ័ស ដោយកើនឡើង ៧ភាគរយក្នុងមួយឆ្នាំសម្រាប់រយៈពេលមួយទស្សវត្យរ៍ចុងក្រោយមុនពេលមានវិបត្តិជំងឺរាត្បាត ហើយបច្ចុប្បន្ននេះប្រាក់ចំណូលនេះទំនងជាកំពុងវិលត្រលប់ទៅរកកំណើនវិញបន្ទាប់ពីជំងឺរាតត្បាតបានថមថយ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

Share This Post: