ព័ត៌មានជាតិ

២ខែឆ្នាំនេះ រំហូរទុនវិនិយោគនៅកម្ពុជា មានជាង១.៣ប៊ីលានដុល្លារ កើនជាង៥០០% ក្នុងនោះ វិនិយោគចិន មាន ៥៤៥លានដុល្លារ

BY
Nisaiy KP
March 10, 2024
២ខែឆ្នាំនេះ រំហូរទុនវិនិយោគនៅកម្ពុជា មានជាង១.៣ប៊ីលានដុល្លារ កើនជាង៥០០% ក្នុងនោះ វិនិយោគចិន មាន ៥៤៥លានដុល្លារ

(ភ្នំពេញ)៖ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ក្នុងរយៈពេល២ខែ ឆ្នាំ២០២៤នេះ រំហូរទុនវិនិយោគនៅកម្ពុជា មានប្រមាណជាង១.៣ ប៊ីលានដុល្លារ កើនឡើងជាង៥០០% ក្នុងនោះ រំហូរវិនិយោគចិន មានប្រមាណ៥៤៥លានដុល្លារ។



ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោក ជា វុទ្ធី អញ្ជើញចូលរួមជាអធិបតី ក្នុងកិច្ចប្រជុំស្ដីពីការកសាងកិច្ចសហប្រតិបត្តិការ ផ្លាស់ប្ដូរយោបល់គ្នារវាងខេត្តសានទុង និងកម្ពុជា ក្នុងការអភិវឌ្ឍ «ច្រករបៀងឧស្សាហកម្ម» និង «ច្រករបៀងមច្ឆា និងអង្ករ» នារសៀលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤។

លោក ជា វុទ្ធី បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៤ រំហូរទុនវិនិយោគ មានការកើនឡើងយ៉ាងសម្បើម ប្រមាណជាង១.៣ ប៊ីលានដុល្លារអាមេរិក កើនឡើងជាង ៥០០% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣»។

បន្ថែមពីនោះទៀត អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៤ រំហូរវិនិយោគចិន មានប្រមាណ៥៤៥លានដុល្លារអាមេរិក ស្មើនឹងប្រមាណ៣៩% នៃទុនវិនិយោគសរុប។

បើតាមការបញ្ជាក់ របស់លោក ជា វុទ្ធី, រំហូរទុនវិនិយោគសរុបនៅកម្ពុជា មានកំណើនប្រមាណ៤.៩ប៊ីលានដុល្លារអាមេរិក នៅឆ្នាំ២០២៣ កើនឡើងប្រមាណ២២% ធៀបនឹងឆ្នាំ២០២០។ សម្រាប់ឆ្នាំ២០២៣ រំហូរទុនវិនិយោគសរុបរបស់ចិន មានដល់ទៅប្រមាណ ជាង៣ប៊ីលានដុល្លារអាមេរិក រួមចំណែកជាងពាក់កណ្តាល (៦៦%) នៃរំហូរទុនវិនិយោគសរុប។

លោក ជា វុទ្ធី បានគូសរំលេចផងដែរថា រំហូរទុនវិនិយោគរបស់ចិន តែងឈរនៅលំដាប់លេខរៀងទី១ ទី២ ឬទី៣ រៀងរាល់ឆ្នាំ ដែលភាគច្រើនប្រមូលផ្តុំ ក្នុងវិស័យឧស្សាហកម្ម, ហេដ្ឋារចនាសម្ព័ន្ធ, និងកសិឧស្សាហកម្ម។

លោកបន្ដថា ចំពោះទំហំពាណិជ្ជកម្ម កម្ពុជា-ចិន មានសញ្ញាណវិជ្ជមានផងដែរ ដោយបានកើនឡើងដល់ជាង ១២ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣ មានកំណើនប្រមាណជិត៥% បើធៀបទៅនឹង ឆ្នាំ២០២២។ ក្នុងនោះ រយៈពេលដូចគ្នា ការនាំចេញពីកម្ពុជា ទៅកាន់ទីផ្សារចិន បានកើនឡើងប្រមាណ១៩% ពីប្រមាណជាង ១.២ដល់ប្រមាណជិត១.៥ប៊ីលានដុល្លារអាមេរិក។

នាឱកាសនោះ លោក ជា វុទ្ធី បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវត្តមានរបស់គណៈប្រតិភូរដ្ឋាភិបាល និងវិនិយោគិននៃខេត្តសានតុង ក្នុងដំណើរទស្សនកិច្ចសិក្សា ស្វែងយល់ពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា និងបានលើកឡើងអំពីសារៈសំខាន់ចំពោះកិច្ចសហប្រតិបត្តិការវិនិយោគ និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀត រវាងប្រទេសទាំងពីរ កម្ពុជា-ចិន។

លោកក៏បានគូសបញ្ជាក់អំពីក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរ បានដំឡើងកម្រិតជា «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» ដែលនឹងអាចសម្រេចបាននូវកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ សេដ្ឋកិច្ច និងសន្តិសុខបន្ថែមទៀត ឆ្ពោះទៅរកការកសាងសហគមន៍វាសនារួមក្នុងយុគសម័យថ្មី។

លោកអគ្គលេខាធិការ បានលើកទឹកចិត្តឲ្យវិនិយោគិនចិន អញ្ជើញមកធ្វើការសិក្សាស្វែងយល់បន្ថែម និងបណ្តាក់ទុនវិនិយោគនៅកម្ពុជា ព្រមទាំងនាំយកនូវចំណេះដឹង ចំណេះធ្វើ និងបច្ចេកវិទ្យា ក្នុងវិស័យឧស្សាហកម្ម កសិកម្ម និងកសិ-ឧស្សាហកម្ម ជាពិសេសការដាំដុះកសិកម្ម វារីវប្បកម្ម ឧស្សាហកម្មកែច្នៃ និងឧស្សាហកម្មសមុទ្រ ឈានទៅបង្កើនតម្លៃបន្ថែម និងធ្វើទំនើបកម្មវិស័យទាំងនេះនៅកម្ពុជា ក៏ដូចជាដើម្បីបំពេញតម្រូវការដ៏ធំសម្បើមនៃទីផ្សារចិន និងអន្តរជាតិ។

លើសពីនោះទៀត លោកក៏បានជម្រាបជូនផងដែរថា ថ្នាក់ដឹកនាំនៃក្រសួងពាណិជ្ជកម្ម នៃសាធារណរដ្ឋប្រជាមានិតចិន នឹងធ្វើដំណើរទស្សនកិច្ចមកកម្ពុជា នាពេលខាងមុខ ដើម្បីពិភាក្សាអំពីការបង្កើត សួនឧស្សាហកម្មក្នុងការជំរុញការកែច្នៃវត្ថុធាតុដើមក្នុងស្រុក និងផលិតផលពាក់កណ្ដាលសម្រេច សម្រាប់ផ្គត់ផ្គង់ដល់រោងចក្រផលិតសំបកកង់រថយន្ដនៅកម្ពុជា។

បន្ថែមពីនេះ ក្រុមហ៊ុនដ៏មានសក្ដានុពលមួយ នឹងមកបង្កើតមជ្ឈមណ្ឌលកែច្នៃ និងផលិតវត្ថុពាក់កណ្ដាលសម្រេចសម្រាប់ផ្គត់ផ្គង់ ដល់ឧស្សាហកម្មផលិតសំបករថយន្ដដោយប្រើប្រាស់ជ័រកៅស៊ូកម្ពុជា។ នេះជាការបញ្ជាក់បន្ថែម របស់លោក ជា វុទ្ធី។

គូសបញ្ជាក់ថា កិច្ចប្រជុំខាងលើនេះ ត្រូវបានរៀបចំឡើង ក្រោមកិច្ចសហការរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយការិយាល័យបរទេសនៃខេត្តសានតុង, សភាពាណិជ្ជកម្មកម្ពុជា, និងសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា ក្នុងគោលបំណងពង្រឹង និងពង្រីកការយល់ដឹង អំពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា៕ ផ្ដល់សិទ្ធិដោយ៖ Freshnews







Share This Post: