ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អ្នកប្រើប្រាស់សេវាអ៉ីនធឺណេតចល័ត និងប្រើប្រាស់ទូរស័ព្ទចល័ត កើនដល់ប្រមាណ១៩លាននាក់ នៅឆ្នាំ២០២៣ ខណៈការទូទាត់សងប្រាក់ឌីជីថល កើនដល់ប្រមាណ៤៩២ប៊ីលានដុល្លារ​

BY
Naren
March 11, 2024
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អ្នកប្រើប្រាស់សេវាអ៉ីនធឺណេតចល័ត និងប្រើប្រាស់ទូរស័ព្ទចល័ត កើនដល់ប្រមាណ១៩លាននាក់ នៅឆ្នាំ២០២៣ ខណៈការទូទាត់សងប្រាក់ឌីជីថល កើនដល់ប្រមាណ៤៩២ប៊ីលានដុល្លារ​

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឲ្យដឹងថា ចំនួនអ្នកចុះឈ្មោះប្រើប្រាស់សេវាអ៉ីនធឺណេតចល័ត និងអ្នកចុះឈ្មោះប្រើប្រាស់សេវាទូរស័ព្ទចល័ត បានកើនដល់ប្រមាណជាង១៩លាននាក់ ក្នុងឆ្នាំ២០២៣។ ក្នុងឱកាសអញ្ជើញជាអធិបតី​បើកវេទិការដ្ឋាភិបាលឌីជីថលលើកទី១ ដែលរៀបចំដោយក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានអះអាងថា ចំពោះការទូទាត់សងប្រាក់ឌីជីថលបានកើនដល់ចំនួនប្រមាណ៤៩២ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣ ដែលប្រហែលនឹង១៦ដងនៃ GDP។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ការទូទាត់សងប្រាក់ឌីជីថលបានកើនដល់ចំនួនប្រមាណ៤៩២ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣ ដែលប្រហែលនឹង១៦ដងនៃ GDP។ ចំនួនអ្នកចុះឈ្មោះ ប្រើប្រាស់សេវាអ៉ីនធឺណេតចល័ត និងអ្នកចុះឈ្មោះប្រើប្រាស់សេវាទូរស័ព្ទចល័ត បានកើនដល់ប្រមាណជាង១៩លាននាក់ ក្នុងឆ្នាំ២០២៣»។

សម្ដេចធិបតីប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានកត់សម្គាល់ឃើញថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការធ្វើឌីជីថលូបនីយកម្មនៅកម្ពុជាបានបោះជំហានទៅមុខក្នុង ល្បឿនមួយគួរឲ្យកត់សម្គាល់ ហើយវិបត្តិនៃជំងឺកូវីដ១៩ បានជំរុញឲ្យការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលកាន់តែខ្លាំង និងជ្រាលជ្រៅជាងពេលណាៗទាំងអស់។

បើតាមប្រសាសន៍របស់សម្ដេចធិបតីនាយករដ្ឋមន្ដ្រី, គណៈកម្មាធិការរដ្ឋបាលឌីជីថល និងក្រសួងស្ថាប័នពាក់ព័ន្ធបានជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ថ្នាល់ឌីជីថលគន្លឹះ និងកម្មវិធីឌីជីថលសម្រាប់គាំទ្របដិវត្តន៍កម្មឌីជីថល នៅគ្រប់ក្រសួងស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

ក្នុងនោះ ថ្នាលផ្ទៀងផ្ទាត់ឯកសារផ្លូវការរបស់រាជរដ្ឋាភិបាល verify.gov.kh ដែលបានទទួលពានរង្វាន់ឌីជីថលមេដាយមាសអាស៊ាន កាលពីពេលថ្មីៗនេះ នឹងដើរតួនាទីគន្លឹះ ក្នុងការផ្តល់សេវាសាធារណៈគ្រប់ប្រភេទដើម្បី ឧត្តមប្រយោជន៍ សម្រាប់ប្រជាជនកម្ពុជា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា រាជរដ្ឋាភិបាល បាននិងកំពុងអនុវត្តរបៀបវារៈគោលនយោបាយឌីជីថល ដោយស្មារតីបុរេសកម្ម និងបើកចំហ សំដៅសម្រេចឲ្យបានគោលដៅអភិវឌ្ឍន៍ឌីជីថលជាតិ និងគោលដៅអភិវឌ្ឍន៍ ឌីជីថលតំបន់ និងសកល ដូចមានកំណត់ក្នុងផែនការមេឌីជីថលអាស៊ាន ២០២៥ និង យុទ្ធសាស្ត្រឌីជីថល ២០២២-២០២៥ របស់អង្គការសហប្រជាជាតិ៕ ផ្តល់សិទ្ធិដោយ៖Fresh News

Share This Post: