ព័ត៌មានជាតិ

BREAKING: ឧកញ៉ា ឡេង ចាន់ណា ដែលឆបោកលុយប្រជាពលរដ្ឋរឿងដីធ្លីផ្ទះ និងការវិនិយោគរាប់លានដុល្លារ ត្រូវបានចាប់ខ្លួនហើយ

BY
Liny Chan
March 12, 2024
BREAKING: ឧកញ៉ា ឡេង ចាន់ណា ដែលឆបោកលុយប្រជាពលរដ្ឋរឿងដីធ្លីផ្ទះ និងការវិនិយោគរាប់លានដុល្លារ ត្រូវបានចាប់ខ្លួនហើយ

(សៀមរាប)៖ ឧកញ៉ា ឡេង ចាន់ណា ប្រធានក្រុមហ៊ុន «ប្រ៊ីនលាន ស៉ីធីវើល» ដែលឆបោកលុយប្រជាពលរដ្ឋរឿងដីធ្លី-ផ្ទះ និងការវិនិយោគក្នុងទំហំទឹកប្រាក់ រាប់លានដុល្លារនោះ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនហើយ នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះនៅខេត្តសៀមរាប។ នេះបើយោងតាមសេចក្តីប្រកាស របស់អយ្យការអមសាលាដំបូងខេត្តសៀមរាប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានមុននេះបន្តិច។

ឧកញ៉ា ឡេង ចាន់ណា និងបក្ខពួករបស់ខ្លួន ត្រូវបានប្រជាពលរដ្ឋចោទថាបានបោកលុយរាប់លានដុល្លារ ក្នុងរូបភាពទិញដី ផ្ទះ និងការវិនិយោគបានការប្រាក់ខ្ពស់ តែទីបំផុតអ្នកខ្លះបានការស៊ីតែប៉ុន្មានខែ ក៏លែងបានរហូត។ ប្រជាពលរដ្ឋខ្ទង់ពាន់នាក់ បានចាញ់បោកឧកញ៉ា ឡេង ចាន់ណា ដោយខ្លះខ្ចីលុយពីធនាគារ ដើម្បីមកនិវិយោគជាមួយ ដែលរហូតពេលនេះត្រូវសងធនាគារវិញយ៉ាងលំបាក។​

ប្រជាពលរដ្ឋរងគ្រោះបានធ្វើការតវ៉ាជាច្រើនខែមកហើយ ចំពោះអំពើឆបោកដ៏ធំមួយនេះ ប៉ុន្តែកន្លងទៅបើទោះបីមានការសម្របសម្រួលពីអាជ្ញាធរ និងមន្រ្តីពាក់ព័ន្ធ ក៏មិនទទួលបានលទ្ធផលនោះទេ។ នៅទំបំផុត កម្លាំងនគរបាលខេត្តសៀមរាប បានអនុវត្តដីការបស់តំណាងអយ្យការ ក៏សម្រេចធ្វើការឃាត់ខ្លួន ឧកញ៉ារូបនេះតែម្តង។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមអ្នកនាំពាក្យរបស់ខុទ្ទកាល័យនាយករដ្ឋមន្រ្តី បានចេញសចក្តីបំភ្លឺមួយដោយប្រកាសថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មិនមានជាប់ពាក់ព័ន្ធ ឬនៅពីក្រោយខ្នងក្រុមហ៊ុន ប្រ៊ីនលាន ស៉ីធី របស់ឧកញ៉ា ឡេង ចាន់ណា នោះទេ។

ការចេញប្រកាសនេះ ក៏ដោយសារមានការផ្សព្វផ្សាយព័ត៌មានជាវីដេអូខ្លីៗមួយចំនួននូវសម្ដីរបស់ ឧកញ៉ា ឡេង ចាន់ណា តាមបណ្តាញផ្សព្វផ្សាយសង្គមនានា ដោយបានលើកឡើងនូវឈ្មោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលធ្វើឱ្យសាធារណជនទូទៅ មានការភាន់ច្រឡំថា សម្តេចធិបតី បានជាប់ពាក់ព័ន្ធនឹង ឬ នៅពីក្រោយខ្នងក្រុមហ៊ុន ប្រ៊ីនលាន ស៊ីធី របស់ឧកញ៉ា ឡេង ចាន់ណា។

ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី បានបញ្ជាក់ផងដែរថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ធ្លាប់បានបញ្ជាក់ជាសាធារណៈច្រើនលើកច្រើនសារួចមកហើយថា សម្តេចធិបតី មិនគាំទ្រ ឬ នៅពីក្រោយអំពើខុសច្បាប់របស់បុគ្គលណាម្នាក់ឡើយ ព្រមទាំងជំរុញឱ្យអាជ្ញាធរមាន សមត្ថកិច្ចអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុតលើបុគ្គលទាំងឡាយណា ដែលយកឈ្មោះ សម្តេចធិបតី ទៅពាក់ព័ន្ធ នឹងអំពីខុសច្បាប់របស់ខ្លួន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: