ព័ត៌មានជាតិ

អាវុធហត្ថខេត្តបាត់ដំបង ចាប់ខ្លួនជនសង្ស័យ២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

BY
Khmerpress
March 20, 2024
អាវុធហត្ថខេត្តបាត់ដំបង ចាប់ខ្លួនជនសង្ស័យ២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

(បាត់ដំបង)៖ អនុវត្តបទបញ្ជាលោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង និងដោយមានការសម្របសម្រួលនីតិវិធីពីលោក កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ហួត សុភាព មេបញ្ជាការរងទទួលការងារស្រាវជ្រាវព័ត៌មានសន្ដិសុខ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានដឹកនាំកម្លាំងចុះបង្រ្កាបករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព ស្ថិតភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។

ក្នុងប្រតិបត្តិការនេះកម្លាំងជំនាញ បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់៖ ទី១៖ឈ្មោះ កាន់ យ៉ុង អាយុ៥០ឆ្នាំ មុខរបរឃួងអណ្ដូង រស់នៅភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល និងទី២៖ឈ្មោះ សួង តារា អាយុ៣៩ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិគោកក្ដួច ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។

ដកហូតវត្ថុតាង, មួកកាសស្កេតពណ៌ត្រេអ៊ី២, សម្លៀកបំពាក់យោធាលេខ៣ (២កំប្លេរ), ខ្សែក្រវ៉ាត់យោធា១, ស័ក្ដិ២គូ, គ្រឿងឥស្សរិយស២ផ្ទាំង, ផ្លាកឈ្មោះ១, សញ្ញាអគ្គបញ្ជាការ២, សញ្ញាកងយោធពលខេមរភូមិន្ទ២, ស៊ីងកាំភ្លើងពាក់កអាវ២គូ, សញ្ញាកងការពារព្រំដែន១ (ក្រណាត់), សេចក្ដីសម្រេចតែងតាំង២សន្លឹក, លិខិតបញ្ជាបេសកកម្ម១សន្លឹក, Laptob ១គ្រឿង, រថយន្ដ១គ្រឿង ម៉ាក់ហាយឡិនឌឺពណ៌ទឹកប្រាក់សេរីឆ្នាំ២០០៤ ស្លាកលេខ ភ្នំពេញ2AG-8425 និងលិខិតធានាមិនទាន់បំពេញ៣សន្លឹក។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកំពុងចាត់ការតាមនីតិវិធី៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: