ព័ត៌មានជាតិ

កសិករ​ដាំស្វាយចន្ទីចំនួន ៣៨គ្រួសារនៅខេត្តកំពង់ធំ ឯកភាពគ្នាស្ម័គ្រចិត្តចងក្រងជាសហគមន៍កសិកម្មទំនើប

BY
Khmerpress
March 28, 2024
កសិករ​ដាំស្វាយចន្ទីចំនួន ៣៨គ្រួសារនៅខេត្តកំពង់ធំ ឯកភាពគ្នាស្ម័គ្រចិត្តចងក្រងជាសហគមន៍កសិកម្មទំនើប

(ភ្នំពេញ)៖ ​លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា កសិករដាំស្វាយចន្ទី នៅក្នុងឃុំសាលាវិស័យ ខេត្តកំពង់ធំ ចំនួន៣៨គ្រួសារ ដែលមានផ្ទៃដីផលិតកម្មសរុប ១០២ហិកតា បានស្ម័គ្រចិត្តឯកភាពគ្នាចងក្រងជា «សហគមន៍កសិកម្មទំនើប»​ ខណៈក្រុមការងារក្រសួងនឹងបំពេញនីតិវិធីបន្ទាប់ ដើម្បីទទួលស្គាល់សហគមន៍ថ្មីនេះ ជាផ្លូវការនាពេលខាងមុខ។

លោក ឃឹម ហ្វីណង់បានគូសបញ្ជាក់បន្ថែមថា បច្ចុប្បន្ន ក្រុមការងារបានព្យាយាមភ្ជាប់ទីផ្សារ ជូនសហគមន៍ទុកឱ្យហើយ ដោយមានក្រុមហ៊ុនចំនួន២ កំពុងរង់ចាំចុះកិច្ចសន្យាទិញគ្រាប់ស្វាយចន្ទី ដោយផ្ទាល់ពីសហគមន៍ ក្នុងតម្លៃលើសពីទីផ្សារ។ តាមការប៉ាន់ស្មានទិន្នផលជាមធ្យមសម្រាប់ឆ្នាំនេះ សហគមន៍អាចប្រមូលផលបានប្រមាណ ២០០តោន ដែលជាចំនួនមួយដែលក្រុមហ៊ុនទាំងពីរខាងលើ អាចធានាទិញយកបានទាំងអស់តែម្តង។

បើតាម លោក ឃឹម ហ្វីណង់ កសិករមួយក្រុមនេះ គឺជាសមាជិកចាស់នៃសហគមន៍ដែលមានស្រាប់ ក្នុងចំណោមសមាជិកសរុបរហូតដល់ទៅ ១៨៩គ្រួសារ ជាមួយនឹងផ្ទៃដីដាំដុះជិត ៦០០ហិកតា។

លោកសង្ឃឹមថាជាមួយនឹងការចាប់ផ្តើមថ្មីក្នុងទម្រង់ជាសហគមន៍កសិកម្មទំនើប បូករួមនឹងអត្ថប្រយោជន៍ផ្សេងៗទៀតដូចជា ការផ្សារភ្ជាប់ទីផ្សារទុកជាមុន ការផ្តល់ទុកកម្ចីការប្រាក់ទាបដោយគ្មានវត្ថុបញ្ចាំ និងការគាំទ្របច្ចេកទេស ​ ​កសិករនានានៅក្នុងឃុំសាលាវិស័យ នឹងពិចារណាចូលរួមជាមួយសហគមន៍ក្នុងពេលអនាគតផងដែរ។

គួរជម្រាបថា កាលពីពេលកន្លងមក លោក ឃឹម ហ្វីណង់ បានលើកទឹកចិត្តឱ្យកសិករដាំស្វាយចន្ទីខ្នាតតូចចងក្រងគ្នាជា«សហគមន៍កសិកម្មទំនើប» ​ដែលយល់យល់ថា ចងក្រងគ្នាជា «សហគមន៍កសិកម្មទំនើប» ​នឹងធ្វើឱ្យមុខរបរដាំស្វាយចន្ទីលក្ខណៈខ្នាតតូចរបស់កសិករ មានលំនឹង ដាំដុះតាមស្តង់ដារ និងទទួលបានផលចំណេញ។

​លោក ឃឹម ហ្វីណង់ បានព្យល់ថា អ្នកដាំស្វាយចន្ទីមួយចំនួន ដែលមានដីតូចៗ និងដាំជាលក្ខណៈគ្រួសារគឺពិតជាអាចប្រឈមមុខនឹងការខាតបង់ពិតមែន ដោយសារភាគច្រើនពួកគាត់នៅខ្សោយខាងផ្នែកបច្ចេកទេស ចំណាយថ្លៃដើមខ្ពស់ ទទួលបានទិន្នផលទាប និងមានការខ្វះខាតទុន ដែលបង្ខំឱ្យពួកគាត់ព្រមទទួលកម្ចីទិញធាតុចូលដែលមានការប្រាក់ខ្ពស់។

លោកបានពន្យល់ថា សហគមន៍កសិកម្មទំនើបនឹងធ្វើឱ្យកសិករតូចៗ អាចមានសមត្ថភាពប្រកួតប្រជែង និងទទួលបានប្រាក់ចំណេញល្អ ដូចម្ចាស់ចម្ការធំៗបាន ព្រមទាំងអាចជួយដោះស្រាយនូវរាល់បញ្ហា ដែលបានលើកឡើងខាងលើ ដោយសារកត្តាមួយចំនួន ដូចជា៖

* ការទទួលបានទុនកម្ចីការប្រាក់ទាប ដោយមិនតម្រូវឱ្យមានវត្ថុបញ្ចាំ
* ការគាំទ្របច្ចេកទេសផលិតកម្មរួមគ្នាក្នុងស្តង់ដាតែមួយ ដែលធានាបាននូវគុណភាពខ្ពស់ ទិន្នផលល្អ ថ្លៃដើមទាប
* ការធានាតភ្ជាប់ទៅកាន់ទីផ្សារទុកជាមុន ដោយផ្អែកលើកិច្ចសន្យាកសិកម្ម និងផែនការអាជីកម្មរឹងមាំ
* ការគ្រប់គ្រងច្បាស់លាស់ ប្រកបដោយតម្លាភាព និងក្រឹត្យក្រមវិជ្ជាជីវៈខ្ពស់
* ការកាត់បន្ថយហានិភ័យនៃការប្រែប្រួលអាកាសធាតុ ក្រោមគោលការណ៍ «សហគមន៍ជោគវាសនាតែមួយ» ដ៏រឹងមាំ​៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: