ព័ត៌មានជាតិ

ក្រសួងសេដ្ឋកិច្ច៖ សេដ្ឋកិច្ចកម្ពុជារើបឡើងវិញជាបណ្ដើរៗ ខណៈ ២ខែដើមឆ្នាំនេះ ពាណិជ្ជកម្មអន្ដរជាតិ, ទេសចរណ៍ និងវិនិយោគ មានកំណើនល្អ

BY
Naren
March 29, 2024
ក្រសួងសេដ្ឋកិច្ច៖ សេដ្ឋកិច្ចកម្ពុជារើបឡើងវិញជាបណ្ដើរៗ ខណៈ ២ខែដើមឆ្នាំនេះ ពាណិជ្ជកម្មអន្ដរជាតិ, ទេសចរណ៍ និងវិនិយោគ មានកំណើនល្អ

(ភ្នំពេញ)៖ សេដ្ឋកិច្ចសំខាន់ៗរបស់កម្ពុជា ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៤នេះ មានសញ្ញាណកាន់តែល្អជាបន្ដបន្ទាប់ ជាពិសេសលើវិស័យពាណិជ្ជកម្មអន្ដរជាតិ, ទេសចរណ៍ និងវិនិយោគ។ នេះបើតាមរបាយការណ៍ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

របាយការណ៍របស់ក្រសួងសេដ្ឋកិច្ចបានឲ្យដឹងថា ទំហំពាណិជ្ជកម្មដកមាស ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៤ សម្រេចបាន ៨ ១២០លានដុល្លារ កើនឡើងក្នុងរង្វង់ ១៩.២% ខណៈដែលការនាំចេញកើនឡើង ២២.៥% និងការនាំចូល កើនឡើង១៦.១% ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។

ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរអន្ដរជាតិ ប្រមាណ ៩៨៩ពាន់នាក់ ដែលមានកំណើន១៨.០% ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៣, ទន្ទឹមនេះចំនួនភ្ញៀវទេសចរអន្ដរជាតិ ទិញសំបុត្រពីគ្រឹះស្ថានអង្គរមានចំនួន២៣៦ពាន់នាក់ កើនឡើង៥០.៣%។

ដោយឡែកគម្រោងវិនិយោគ ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៤ មានចំនួន៦៩គម្រោង ទុនសរុប១ ៣៨៥លានដុល្លារ និងលទ្ធភាពបង្កើតការងារថ្មី មាន៦៧ ១៧៨កន្លែង។ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៣ ចំនួនគម្រោងវិនិយោគកើនឡើង ៣៨គម្រោង (ស្មើនឹង១២២%), ទុនកើនឡើង៥០៥% និងការងារកើនឡើង៦៨% រៀងគ្នា។

ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថា ផ្អែកលើការតាមដានជាប់ប្រចាំ ទាំងសេដ្ឋកិច្ចក្នុងប្រទេស និងសេដ្ឋកិច្ចសកល សកម្មភាពសេដ្ឋកិច្ចកម្ពុជា នឹងរើបឡើងវិញជាបណ្ដើរៗ ជាពិសេសក្នុងវិស័យសេវាកម្ម និងកសិកម្ម៕ ផ្តល់សិទ្ធិដោយ៖ Fresh News

Share This Post: