ព័ត៌មានជាតិ

២ខែដើមឆ្នាំនេះ កម្ពុជានាំចេញផលិតផលមិនមែនកាត់ដេរមានតម្លៃជាង ២​ពាន់លានដុល្លារកើន ២៣%

BY
Naren
March 29, 2024
២ខែដើមឆ្នាំនេះ កម្ពុជានាំចេញផលិតផលមិនមែនកាត់ដេរមានតម្លៃជាង ២​ពាន់លានដុល្លារកើន ២៣%

(ភ្នំពេញ)៖ រយៈពេល ២ខែដើមឆ្នាំ២០២៤នេះ កម្ពុជានាំចេញផលិតផលមិនមែនវាយយនភណ្ឌមានទំហំ ២ ០៩០ លានដុល្លារ កើនឡើង២៣% ខណៈការនាំចេញផលិតផលវាយនភណ្ឌកាត់ដេរមានទំហំ ១ ៨៩៦ លានដុល្លារកើន២២.៣% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍និន្នាការសេដ្ឋកិច្ច-សង្គមប្រចាំខែកុម្ភៈ​ ឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ច។

របាយការណ៍ដដែលបានបញ្ជាក់ថា ក្នុងរយៈពេល២ខែដើមឆ្នាំនេះ ការនាំចេញផលិតផលវាយនភណ្ឌកាត់ដេរមានទំហំ១ ៨៩៦ លានដុល្លារ កើន២២.៣%, ផលិតផលមិនមែនវាយយនភណ្ឌមានទំហំ ២ ០៩០ លានដុល្លារ កើនឡើង២៣% ក្នុងនោះការនាំចេញស្រូវមានទំហំ ៣៦៨លានដុល្លារកើនឡើង ៥៤%, គ្រឿងសង្ហារិម មានទំហំ ១១៤លានដុល្លារ កើនឡើង៥៣.៧%​ ខណៈដែលផលិតផលកសិកម្មមានទំហំ ៦៣៤លានដុល្លារ ធ្លាក់ចុះ១១.៩% និងសូឡា មានទំហំ១៩៣​លានដុល្លារ ធ្លាក់ចុះ៣៤.៧%។

តាមរបាយការណ៍នេះ​ ​​សម្រាប់ការនាំចេញទំនិញ (ដកមាស) ក្នុងខែកុម្ភៈ ឆ្នាំ២០២៤ នៅតែបន្តសម្រេចបានកំណើនល្អ បើធៀបនឹងកាលពីខែមករា។ ជាក់ស្តែងការនាំចេញក្នុងខែកុម្ភៈ ឆ្នាំ២០២៤ សម្រេចបាន២ ០១៨ លានដុល្លារ កើនឡើង២.៦%។

ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថា ទីផ្សារអាមេរិក អាស៊ាន និងអឺរ៉ុប បានរួមចំណែកធំក្នុងទីផ្សារនាំចេញសរុប របស់កម្ពុជាក្នុងខែកុម្ភៈ ពោល គឺទីផ្សារអាមេរិកមានចំណែក ៣៣% អាស៊ាន ២៧% អឺរ៉ុប ១៤% ខណៈអង់គ្លេស បានរួមចំណែក ១២% និងចិនចំនួន ៥%។

ដោយឡែក ​​ការនាំចូលទំនិញក្នុងរយៈពេល ២ខែដើម​ឆ្នាំ២០២៤នេះ សម្រេចបានទំហំប្រមាណជាង ​៤ ១៣៥លានដុល្លារ កើនឡើង១៦.១%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៣​៕ ផ្តល់សិទ្ធិដោយ៖ Fresh News

Share This Post: