ព័ត៌មានជាតិ

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រកាសប្ដេជ្ញាចិត្តថា នឹងដឹកនាំវិស័យសិល្បៈឱ្យកាន់តែរីកចំម្រើន ប្រសិនបើជាប់ជាប្រធានសមាគមនៅអាណត្តិថ្មី

BY
Khmerpress
April 2, 2024
លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រកាសប្ដេជ្ញាចិត្តថា នឹងដឹកនាំវិស័យសិល្បៈឱ្យកាន់តែរីកចំម្រើន ប្រសិនបើជាប់ជាប្រធានសមាគមនៅអាណត្តិថ្មី

(ភ្នំពេញ)៖ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ភរិយារបស់អ្នកឧកញ៉ា គិត ម៉េង បានថ្លែងជាសាធារណៈលើកដំបូងថា ប្រសិនបើលោកស្រីជាប់ជា ប្រធានសមាគមសិល្បករខ្មែរ សម្រាប់អាណត្តិថ្មីនេះ លោកជំទាវនឹងប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្ត បន្តដឹកនាំវិស័យសិល្បៈឲ្យរីកចម្រើនខ្លាំងក្លា ចូលរួមជាមួយនឹងរាជរដ្ឋាភិបាល ដើម្បីលើស្ទួយដល់វិស័យសិល្បៈឲ្យប្រសើរឡើង ហើយអាចជ្រៀតខ្លួនចូលទៅក្នុងឆាកអន្តរជាតិទៀតផង។

ការថ្លែងបើកចំហរជាសាធារណៈ ពីសំណាក់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន នៅពេលនេះ គឺធ្វើឡើងក្នុងឱកាសដែលលោកជំទាវបានអញ្ជើញជាអធិបតីភាព នៅក្នុងកម្មវិធីសង្ក្រាន្តឆ្នាំថ្មី របស់សាលាមធ្យមសិល្បៈរាជធានីភ្នំពេញ ដែលបានធ្វើឡើងរយៈពេលពីថ្ងៃ គឺថ្ងៃទី០១ និងដ្ងៃទី០២ខែមេសា ឆ្នាំ២០២៤នេះ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

លោកជំទាវអ្នកឧកញ៉ា បានបញ្ជាក់ថា នៅពេលនេះអាចនិយាយបានថា ដល់ពេលវេលាសមរម្យមួយសម្រាប់ យកពេលវេលាមួយមកចូលរួមជួយពង្រឹងលើការងារសិល្បៈរបស់កម្ពុជាហើយ ដោយលោកជំទាវចង់ចូលរួមជម្រុញធ្វើយ៉ាងណា​ឲ្យវិស័យសិល្បៈ មានការរីកចម្រើនបន្ថែម។ លោកជំទាវបានបង្ហាញពីចក្ខុវិស័យដ៏ល្អិតល្អន់ ដើម្បីធ្វើយ៉ាងណាដឹកនាំសមាគមឲ្យរីកចម្រើន ព្រោះនៅមានរឿងច្រើនណាស់ ដែលក្រុមប្រឹក្សាភិបាលសមាគមត្រូវធ្វើការប្រជុំ ដើម្បីពិនិត្យមើលឡើងវិញទាំងអស់ថា តើយើងនៅខ្វះអ្វី? ចំណុចខ្សោយរបស់យើងនៅកន្លែងណា? កន្លែងណាយើងគួរនៅបន្ត កន្លែងណាដែលយើងគួរកាត់ចេញ កន្លែងណាគួរត្រូវពង្រឹង និងរក្សា ហើយសិល្បករខ្មែរយើងគ្រប់ជំនាន់ គឺមានសក្តានុពលខ្លាំង មានបទពិសោធ និងទេពកោសល្យល្អៗច្រើនណាស់។

លោកជំទាវអ្នកឧកញ៉ា បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំគិតថា មានកិច្ចការងារច្រើននៅក្នុងសង្គម ដែលមិនមែនមានតែខ្ញុំ ដែលត្រូវចូលខ្លួនជួយនោះទេ ប្រសិនបើខ្ញុំជាប់ ប៉ុន្តែបើអត់មានការគាំទ្រពីបងប្អូនសិល្បករតាំងពីជំនាន់មុន និងសម័យឥឡូវនេះទេ អត់ជួយសហការគ្នា អ៉ីចឹងការងារហ្នឹងក៏ដំណើរការទៅអត់ល្អដែរ។ អ៉ឹចឹងសម្រាប់ខ្ញុំ បើខ្ញុំជាប់បេក្ខាភាពជាប្រធានសមាគមនោះ ខ្ញុំនឹងខិតំប្ដេជ្ញាចិត្តនឹងចូលរួមគ្រប់វិស័យទាំងអស់ ឲ្យតែខ្ញុំអាចធ្វើទៅរួច អ្វីដែលខ្ញុំមាន ដើម្បីជួយជម្រុញយ៉ាងណាឲ្យវិស័យសិល្បៈនៅក្នុងប្រទេសកម្ពុជាយើងបានប្រសើរ ហើយជ្រៀតខ្លួនចូលទៅក្នុងអន្តរជាតិទៀតផង.!»

លោកជំទាវអ្នកឧកញ៉ា បានបន្ថែមទៀតថា ទោះបីជាយ៉ាងណា ហូតមកដល់ពេលនេះបេក្ខជនឈរឈ្មោះជាប្រធានសមាគម មិនមែនមានតែលោកជំទាវម្នាក់នោះទេ ពោលគឺមានច្រើននាក់ហើយចិត្តគំនិតខុសគ្នា។ លោកជំទាវ ថ្លែងសូមទទូចដល់អ្នកគាំទ្រ ជាពិសេសអ្នកដែលលេងបណ្ដាញសង្គមសូមចូលរួមគាំទ្រ និងបញ្ចេញយោបល់ដោយភាពថ្លៃថ្នូរ រក្សានូវលក្ខណៈជាខ្មែរ។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោកជំទាវឧកញ៉ា ម៉ៅ ចំណាន ភរិយារបស់អ្នកឧកញ៉ា គិត ម៉េង ម្ចាស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ប្រកាសឈរឈ្មោះជាបេក្ខជនបោះឆ្នោតដើម្បីធ្វើជា ប្រធានសមាគមសិល្បៈ ភ្លាមៗបន្ទាប់ពីប្រកាសតាមរយៈបណ្តាញព័ត៌មាន Fresh News, សម្តេចតេជោ ហ៊ុន សែន បានប្រកាសគាំទ្របេក្ខភាព លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ឈរឈ្មោះជាប្រធានសមាគមសិល្បៈ។

តាមរយៈបណ្តាញសង្គម Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅក្នុងសារយ៉ាងដូច្នេះថា «ខ្ញុំសូមសំដែងនូវការគាំទ្រចំពោះបេក្ខភាព លោកជំទាវ ម៉ៅ ចំណាន ភរិយាអ្នកឧកញ៉ា គិត ម៉េង ជាប្រធានសមាគមសិល្បៈ។ ប្រសិនលោកជំទាវទទួលបានការគាំទ្រ តាមរយៈការបោះឆ្នោតសមាគមនេះ មិនមានការលំបាកផ្នែកថវិកាខ្លាំងពេកនោះទេ»

សូមជំរាបថា ការប្រកាសរបស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន នៅថ្ងៃនោះ ពោលគឺចំថ្ងៃខួបកំណើតរបស់លោកស្រីតែម្តង ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: