ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អាស៊ាន បានក្លាយជាសេដ្ឋកិច្ចធំជាងគេទី៥ នៅលើសកលលោក, ខណៈសេដ្ឋកិច្ចអាស៊ាន ត្រូវបានព្យាករថានឹងមានកំណើន ៤,៩% ក្នុងឆ្នាំ២០២៤

BY
Khmerpress
April 2, 2024
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អាស៊ាន បានក្លាយជាសេដ្ឋកិច្ចធំជាងគេទី៥ នៅលើសកលលោក, ខណៈសេដ្ឋកិច្ចអាស៊ាន ត្រូវបានព្យាករថានឹងមានកំណើន ៤,៩% ក្នុងឆ្នាំ២០២៤

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា អាស៊ាន បានក្លាយជាសេដ្ឋកិច្ចធំជាងគេទី៥ នៅលើសកលលោក និងតែងបង្ហាញពីភាពធន់នៃសេដ្ឋកិច្ច នៅពេលប្រឈម នឹងភាពមិនប្រាកដប្រជាសកល។ យោងតាមការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន បូកបី (AMRO), សេដ្ឋកិច្ចអាស៊ាន ត្រូវបានព្យាករថានឹងមានកំណើន ៤,៣% ក្នុងឆ្នាំ២០២៣ និង ៤,៩% ក្នុងឆ្នាំ២០២៤ ដែលការណ៍នេះគូសបញ្ជាក់ពីភាពខ្លាំង និងសមត្ថភាពសម្របខ្លួនរបស់តំបន់អាស៊ាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ចាប់តាំងពីបង្កើតជាសមាគមប្រជាជនអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅឆ្នាំ១៩៦៧ ការវិវត្តន៍របស់សមាគមអាស៊ាន គឺជាគំរូនៃកិច្ចសហការតំបន់ និងវឌ្ឍនភាព សេដ្ឋកិច្ចប្រកបដោយចីរភាព។ បច្ចុប្បន្ននេះជាមួយនឹងសមាជិកចំនួន១០ប្រទេស អាស៊ានបានពង្រឹងជំហររបស់ខ្លួនក្នុងនាមជាកម្លាំងសេដ្ឋកិច្ចក្នុងសកលលោក ដែលមានកំណើតរឹងមាំ កម្លាំងពលកម្មពោលពេញដោយចីរភាព និងកិច្ចខិតខំប្រឹងប្រែងធ្វើសមាហរណកម្មជាលំដាប់។

នៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «អាស៊ាន បានក្លាយជាសេដ្ឋកិច្ចធំជាងគេទី៥ នៅលើសកលលោក និងតែងបង្ហាញពីភាពធន់នៃសេដ្ឋកិច្ច នៅពេលប្រឈម នឹងភាពមិនប្រាកដប្រជាសកល»។

បន្ថែមពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សេដ្ឋកិច្ចអាស៊ាន ប្រើប្រាស់គំរូនៃកំណើនសម្រាប់ទាំងអស់គ្នា និងមានសក្តានុពលខ្ពស់ ក្នុងការក្លាយទៅជាស្នូល នៃកំណើនសម្រាប់តំបន់អាស៊ានខ្លួនឯងផង និងតំបន់ផ្សេងទៀតនៅជុំវិញសកលលោកផង។ សេដ្ឋកិច្ចអាស៊ាន មានភាពរឹងមាំដោយសារអន្តរកម្មប្រកប ដោយជវភាពនៃពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់ ដែលបំពេញបន្ថែមដោយកិច្ចសហការជាយុទ្ធសាស្ត្រជាមួយដៃគូសន្ទនា។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបន្ថែមថា អភិក្រមពហុទិដ្ឋភាពនេះ ជំរុញឱ្យមានបរិយាកាសសេដ្ឋកិច្ចប្រកបដោយភាពធន់, ស្ថិរភាព និងភាពអាចប៉ាន់ប្រមាណបាន ដែលមានសារៈសំខាន់ សម្រាប់កំណើនប្រកបដោយចីរភាព។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់ អាស៊ានជាមួយសេដ្ឋកិច្ចធំៗ ដូចជា៖ អូស្ត្រាលី, នូវែលហ្សេឡង់, ចិន, ជប៉ុន, ឥណ្ឌា និង កូរ៉េ បង្ហាញអំពីការតម្រង់ទិសប្រកបដោយជោគជ័យរបស់អាស៊ាន នៅក្នុងទិដ្ឋភាពភាពជាដៃគូសេដ្ឋកិច្ច។ លើសពីនេះ, ការផ្តល់សច្ចាប័នទៅលើកិច្ចព្រមព្រៀងអាសិប (RCEP) បញ្ជាក់ពីការប្តេជ្ញាចិត្តឥតងាករេរបស់អាស៊ាន ក្នុងការលើកកម្ពស់សមាហរណកម្មតំបន់ឱ្យកាន់តែស៊ីជម្រៅ និងបង្កើនទំនាក់ទំនងសេដ្ឋកិច្ចដែលផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: