ព័ត៌មានជាតិ

ការបើកប្រាក់បៀវត្សជូនមន្រ្តីរាជការ សម្រាប់ខែមេសា នឹងបើកតែមួយលើកគត់ បូករួមទាំងប្រាក់ឧបត្ថម្ភ ៥ម៉ឺនរៀល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី យ៉ាងយូរត្រឹមថ្ងៃទី១២ ខែមេសា

BY
Khmerpress
April 2, 2024
ការបើកប្រាក់បៀវត្សជូនមន្រ្តីរាជការ សម្រាប់ខែមេសា នឹងបើកតែមួយលើកគត់ បូករួមទាំងប្រាក់ឧបត្ថម្ភ ៥ម៉ឺនរៀល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី យ៉ាងយូរត្រឹមថ្ងៃទី១២ ខែមេសា

(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា ការបើកប្រាក់បៀវត្សជូនមន្រ្តីរាជការស៉ីវិល សម្រាប់ខែមេសានេះ គឺអនុវត្តសរុបតែមួយលើកគត់ បូករួមទាំងប្រាក់ឧបត្ថម្ភក្នុងបុណ្យចូលឆ្នាំថ្មី ហើយនឹងបើកយ៉ាងយូរ បំផុតត្រឹមថ្ងៃទី១២ ខែមេសា។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងមុខងារសាធារណៈ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងមុខងារសាធារណៈបញ្ជាក់ថា នៅក្នុងខែមេសា ឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលបានរៀបចំដំឡើងប្រាក់បំណាច់មុខងារ និងផ្ដល់ប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ជូនមន្ត្រីរាជការ។

ក្រសួងបានប្រាប់ឱ្យគ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវរៀបចំការបើកផ្ដល់ប្រាក់ឧបត្ថម្ភ ក្នុងឱកាសបុណ្យចូលឆ្នាំដំណាលគ្នា ជាមួយនឹងការបើកប្រាក់បៀវត្ស សរុបប្រចាំខែមេសាតែមួយលើក ឱ្យបានដល់សាមីជនម្នាក់ៗ យ៉ាងយូរបំផុតត្រឹមថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ និងត្រូវរៀបចំបើកផ្តល់ប្រាក់បៀវត្សលើកទី១ សម្រាប់ខែឧសភា ឆ្នាំ២០២៤ ឱ្យបានក្នុងសប្ដាហ៍ទី១ និងលើកទី២ ឱ្យបានក្នុងសប្ដាហ៍ទី៣ នៃខែជូនមន្ត្រីរាជការរបស់ខ្លួន។

ដោយឡែកការបើកផ្ដល់បៀវត្សសម្រាប់ខែ មិថុនា ឆ្នាំ២០២៤ សូមអនុវត្តតាមនីតិវិធីដែលបានកំណត់ជាធរមាន៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: