ព័ត៌មានជាតិ

មន្រ្តីជំនាញបន្តរកសមុទ្រមឹកបំពង់ មានសារធាតុគីមីហាមឃាត់ Formalin ចំនួន៤៨គីឡូក្រាម និងបង្គារមានចាក់ចាហ៊ួយចំនួន៨៧ គីឡូក្រាម នៅតាមស្តង់លក់មួយចំនួនម្តុំត្រឡោកបែក

BY
Naren
April 11, 2024
មន្រ្តីជំនាញបន្តរកសមុទ្រមឹកបំពង់ មានសារធាតុគីមីហាមឃាត់ Formalin ចំនួន៤៨គីឡូក្រាម និងបង្គារមានចាក់ចាហ៊ួយចំនួន៨៧ គីឡូក្រាម នៅតាមស្តង់លក់មួយចំនួនម្តុំត្រឡោកបែក

(ភ្នំពេញ)៖ ដោយមានការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់របស់លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានណែនាំជាប្រចាំ និងចង្អុលបង្ហាញដល់លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. ដែលជាសេនាធិការ ពង្រឹងឱ្យខាន តែ បាននូវការត្រួតពិនិត្យជាប្រចាំ និងនៅទូទាំងប្រទេស ដើម្បីការពារផលប្រយោជន៍អ្នកប្រើប្រាស់ ក៏ដូចជាការការពារសុខុមាលភាពប្រជាពលរដ្ឋ។

ជាក់ស្តែង នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ លោក ង៉ែត ចេក អគ្គនាយករង ក.ប.ប. តំណាង លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» បន្តចុះយុទ្ធនាការត្រួតពិនិត្យ សុវត្ថិភាពម្ហូបអាហារជូនប្រជាពលរដ្ឋ ក្នុងមុនថ្ងៃចូលសង្ក្រានឆ្នាំថ្មី ទៅលើផលិតផល លក់ និងចែកចាយគ្រឿងសមុទ្រ ម្តុំត្រឡោកបែក ដែលមានទីតាំងនៅ ផ្លូវ ៥៩៨ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោក ហេង មាលី ប្រធានសាខា ក.ប.ប.រាជធានីភ្នំពេញ បានថ្លែងថា កិច្ចប្រតិបត្តិការត្រួតពិនិត្យនេះ មានការចូលរួមសហការពីនាយកដ្ឋានមន្ទីរពិសោធន៍ ក.ប.ប. មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ និងអាជ្ញាធរដែនដី ។
ជាលទ្ធផល ផលិតផលគ្រឿងសមុទ្រមឹកបំពង់មានសាធាតុគីមីហាមឃាត់ Formalin ចំនួន៤៨គីឡូក្រាម និងបង្គារមានចាក់ចាហ៊ួយ ចំនួន៨៧ គីឡូក្រាម ត្រូវបានរកឃើញ នៅតាមស្តង់លក់មួយចំនួនម្តុំត្រឡោកបែក ។
ហើយត្រូវបានធ្វើការដកហូត និងយកទៅបំផ្លាញចោល នូវផលិតផលបង្គារមានចាក់ចាហ៊ួយនេះ និងមឹកបំពងមានសារធាតុគីមីហាមឃាត់ តាមនីតិវិធី។

ឆ្លៀតក្នុងឱកាសនោះដែរ មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋាន ក.ប.ប. ក៏បានពន្យល់ណែនាំអ្នកប្រកបអាជីវកម្ម លក់តាមស្តង់ដែលតាំងលក់ ផលិតផលគ្រឿងសមុទ្រ និងសម្ភារៈប្រើប្រាស់ ទាំងអស់ ត្រូវលក់ឱ្យបានត្រឹមត្រូវ និងមានសុចរិតភាព ដើម្បីធានាបាននូវការការពារសុខុមាលភាព និងផលប្រយោជន៍អ្នកប្រើប្រាស់។

ក្នុងករណីផលិតផលណា ដែលអាចប៉ះពាល់បញ្ហសុខភាព ដល់អ្នកទទួលទានសូមបងប្អូនផ្តល់ព័ត៌មាន ឬដាក់ពាក្យបណ្តឹងមកកាន់អគ្គនាយកដ្ឋាន ក.ប.ប. ឬតាម CCF Complaint App នៃក្រសួងពាណិជ្ជកម្មដោយផ្ទាល់ ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

Share This Post: