ព័ត៌មានជាតិ

ចាប់ជំរិត និងបាញ់សម្លាប់ប្ដីម្ចាស់ប្រេន Lakamo នៅខណ្ឌជ្រោយចង្វារ រួចជនដៃបាញ់សម្លាប់ខ្លួនតាមក្រោយ និង BA ផលិតផលម្នាក់ឈ្មោះ សុខលីន រងរបួសធ្ងន់

BY
Naren
April 11, 2024
ចាប់ជំរិត និងបាញ់សម្លាប់ប្ដីម្ចាស់ប្រេន Lakamo នៅខណ្ឌជ្រោយចង្វារ រួចជនដៃបាញ់សម្លាប់ខ្លួនតាមក្រោយ និង BA ផលិតផលម្នាក់ឈ្មោះ សុខលីន រងរបួសធ្ងន់

(ភ្នំពេញ)៖ ផ្ទះម្ចាស់ប្រេន Lakamo ត្រូវបានជនសង្ស័យម្នាក់ប្រដាប់ដោយកាំភ្លើងខ្លីមួយដើម ធ្វើសកម្មភាពចូលចាប់ជំរិតទារលុយ២០ម៉ឺនដុល្លារ រួចបាញ់សម្លាប់បុរសជាប្ដី ហើយជនដៃដល់ក៏បាញ់សម្លាប់ខ្លួនតាមក្រោយ ខណៈអ្នកតំណាងផលិតផលម្នាក់ (BA) ត្រូវបានគេស្គាល់ឈ្មោះ សុខលីន ក៏រងរបួសធ្ងន់ផងដែរដោយលោតពីលើផ្ទះនោះ។

ហេតុការណ៍នេះ បានកើតឡើងតាំងពីម៉ោង១១យប់ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ប៉ុន្ដែទើបបង្កឲ្យមានការភ្ញាក់ផ្អើល និងធ្លាយព័ត៌មានជាសាធារណៈ នៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤នេះ។

ទាំងប្រភពព័ត៌មានពីសមត្ថកិច្ច និងប្រភពពីកន្លែងកើតហេតុ បានអះអាងថា នៅប្រហែលម៉ោង១១យប់ (វេលាកើតហេតុ) ជនដៃដល់បានផ្លោះរបងចូលផ្ទះវីឡាជនរងគ្រោះ ហើយយកកាំភ្លើងភ្ជង់អ្នកបើកបរនៅខាងក្រោម ដើម្បីឲ្យនាំជនដៃដល់ទៅបន្ទប់ជនរងគ្រោះ។

ពេលទៅដល់ជនដៃដល់បានធ្វើសកម្មភាពគំរាមមនុស្សនៅក្នុងផ្ទះ និងគំរាមបុរសជាប្ដីម្ចាស់ផលិតផល ត្រូវបានគេស្គាល់ឈ្មោះ ឈួរ ឈុនហួរ ហើយក៏បាញ់មួយគ្រាប់ចំក្បាលផ្នែកខាងក្រោយបណ្ដាលឲ្យស្លាប់ភ្លាមៗតែម្ដង។

ប្រភពព័ត៌មានបានបន្ថែមទៀតថា ក្រោយបាញ់សម្លាប់បុរសជាម្ចាស់ផ្ទះ ដែលជាប្ដីម្ចាស់ប្រេនឡេ Lakamo នោះរួច ជនដៃដល់បានជំរិតឲ្យជនរងគ្រោះ យកលុយមកប្រគល់ឲ្យខ្លួន ចំនួន២០ម៉ឺនដុល្លារ។

ការធ្វើសកម្មភាពរបស់ជនដៃដល់នៅក្នុងផ្ទះជនរងគ្រោះ បានបន្ដរហូតដល់ព្រឹកម៉ោងប្រមាណ៧ ថ្ងៃទី១១ ខែមេសា ហើយហេតុការណ៍នេះ បានដឹងដល់សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏ចេញទៅអន្ដរាគមន៍ និងបង្ក្រាបជនដៃដល់។

នៅពេលឃើញកម្លាំងអាវុធហត្ថទៅដល់ និងកំពុងឡោមព័ទ្ធផ្ទះនោះ ជនដៃដល់ទំនងអស់ផ្លូវដើម្បីតស៊ូ ក៏បាញ់សម្លាប់ខ្លួនឯងតែម្ដង។

យ៉ាងណាមិញ ក្រៅពីបុរសជាម្ចាស់ដែលត្រូវបានសម្លាប់ ហើយជនដៃដល់បាញ់សម្លាប់ខ្លួនឯងតាមក្រោយដែរនោះ ក៏មានជនរងគ្រោះម្នាក់ទៀតផងដែរ ដែលរងរបួសដោយសារភ័យ ហើយលោតពីលើផ្ទះទាក់ជាមួយរបងឈ្មោះ សុខលីន ដែលត្រូវបានគេស្គាល់ថាជាតារា TikTok និងជា BA ផលិតផលឡេ Lakamo។

រហូតមកដល់ពេលបច្ចុប្បន្ននេះ កម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ កំពុងស្ថិតនៅទីតាំងផ្ទះកើតហេតុខាងលើ ហើយកំពុងធ្វើការស្រាវជ្រាវ និងសួរនាំជនរងគ្រោះនៅក្នុងផ្ទះ សរុប១២នាក់ តាមនីតិវិធីជំនាញ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

Share This Post: