ព័ត៌មានជាតិ

៤ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី គ្រោះអគ្គិភ័យកើតឡើង២០លើកនៅទូទាំងប្រទេស តែមិនមានមនុស្សបាត់បង់ជីវិត ឬរងរបួសនោះទេ

BY
Naren
April 17, 2024
៤ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី គ្រោះអគ្គិភ័យកើតឡើង២០លើកនៅទូទាំងប្រទេស តែមិនមានមនុស្សបាត់បង់ជីវិត ឬរងរបួសនោះទេ

(ភ្នំពេញ)៖ រយៈពេល៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ដែលទើបត្រូវបានបិទបញ្ចប់នេះ មានគ្រោះថ្នាក់អគ្គិភ័យកើតឡើងចំនួន២០លើកនៅទូទាំងប្រទេស តែមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះឡើយ ពោលគ្រាន់តែខូចខាតទ្រព្យសម្បត្តិប៉ុណ្ណោះ។

យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ចំនួនគ្រោះថ្នាក់អគ្គីភ័យទាំង២០លើកនេះ មានការកើនឡើងចំនួន៥លើក បើធៀបនឹងឆ្នាំមុន។

នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បានបន្ថែមទៀតថា ក្នុងចំណោមគ្រោះថ្នាក់នេះ បានកើតឡើងនៅខេត្តកំពត ចំនួន១លើក, កែប ចំនួន៣លើក, បន្ទាយមានជ័យ ចំនួន១លើក, មណ្ឌលគិរី ចំនួន២លើក, កំពង់ស្ពឺ ចំនួន១លើក, ស្វាយរៀង ចំនួន១លើក, កណ្ដាល ចំនួន២លើក, បាត់ដំបង ចំនួន៣លើក, ត្បូងឃ្មុំ ចំនួន១លើក, ស្ទឹងត្រែង ចំនួន១លើក, សៀមរាប ចំនួន២លើក, ព្រះសីហនុ ចំនួន១លើក និងរាជធានីភ្នំពេញ ចំនួន១លើក។

ក្នុងនោះ មូលហេតុបណ្ដាលមកពីឆ្លងចរន្ដអគ្គិសនី ចំនួន៦លើក, ផ្ទុះហ្គាស ចំនួន១លើក, ប្រើប្រាស់ភ្លើង ចំនួន៦លើក និងកំពុងធ្វើការស្រាវជ្រាវ ចំនួន៧លើក។ សម្រាប់ការខូចខាតវិញ អស់ផ្ទះចំនួន១៥ខ្នង, ហ្គារ៉ាសឡាន១, រថយន្ដ៩គ្រឿង, ម៉ូតូ៦គ្រឿង និងឆេះព្រៃ២១ហិចតា នៅខេត្តកែប៕ ផ្តល់សិទ្ធិដោយ៖ Fresh News

Share This Post: