ព័ត៌មានជាតិ

ខេត្តកំពង់ចាម ទទួលបានភ្ញៀវទេសចរជាង ៥.៣លាននាក់ រយៈពេល៤ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី

BY
Naren
April 17, 2024
ខេត្តកំពង់ចាម ទទួលបានភ្ញៀវទេសចរជាង ៥.៣លាននាក់ រយៈពេល៤ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី

(កំពង់ចាម)៖ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤ នៅទូទាំងខេត្តកំពង់ចាមទទួលបានភ្ញៀវទេសចរសរុបជាង ៥.៣លាននាក់។

យោងតាមរាយការណ៍របស់លោក ស៊ាន សុគន្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម ក្នុងព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល៤ថ្ងៃ ខេត្តកំពង់ចាមទទួលបានភ្ញៀវទេសចរមកចូលរួមលេងកម្សាន្ត នៅតាមកន្លែងកម្សាន្ត រមណីយដ្ឋាននានា និងស្នាក់នៅសរុប ៥,៣៥៥,៦៥៥នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ៥,៣៣៧,២៥៧នាក់ និងភ្ញៀវបរទេសមានចំនួន៥១៤នាក់។

លោកប្រធានមន្ទីរបានបញ្ជាក់ដែរថា ចំនួនភ្ញៀវទាំងនោះបានមកលេងនៅតាមកន្លែងកម្សាន្ត និងរមណីយដ្ឋាននានារួមមាន រមណីយដ្ឋានទឹកឆា រមណីយដ្ឋានកសិទេសចរណ៍-ថ្មដាទឹកឆា រមណីយដ្ឋានប្រាសាទភ្នំហាន់ជ័យ រមណីយដ្ឋានបែមប៊ូរីសត រមណីយដ្ឋានភ្នំប្រុស-ភ្នំស្រី រមណីយដ្ឋាននគរបាជ័យ រមណីយដ្ឋានប្រាសាទភ្នំជើងព្រៃ រមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន អាហារដ្ឋានស្មៅទន្លេ ក្រុងក្រុងកំពង់ចាម។ ក្រៅពីនោះ ភ្ញៀវមកចូលរួមទស្សនាការប្រគុំតន្ត្រីរបស់ក្រុមហ៊ុនស្រាបៀវឌ្ឍនៈ។

ដោយឡែក បញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈក្នុងរយៈពេល៤ថ្ងៃនេះ ពុំមានអ្វីកើតឡើងគួរឱ្យគាត់សម្គាល់នោះទេ ដោយការរៀបចំរបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដាក់កម្លាំងថែរក្សាសន្តិសុខសម្រាប់ធ្នាប់នៅតាមមូលដ្ឋានយ៉ាងហ្មត់ចត់ ធ្វើយ៉ាងណាបង្កលក្ខណៈឲ្យប្រជាពលរដ្ឋបានទទួលការសប្បាយរីករាយនៅគ្រប់ទីកន្លែងក្នុងភូមិសាស្ត្រខេត្តកំពង់ចាម៕ ផ្តល់សិទ្ធិដោយ៖ Fresh News

Share This Post: