ព័ត៌មានអន្តរជាតិ

ទីបំផុត! Tencent ព្រមបញ្ចេញហ្គេមថ្មីនៅលើទូរស័ព្ទដៃ ដែលខ្លួនបានអភិវឌ្ឍន៍អស់រយៈពេលជាង ៧ឆ្នាំ

BY
Khmerpress
April 22, 2024
ទីបំផុត! Tencent ព្រមបញ្ចេញហ្គេមថ្មីនៅលើទូរស័ព្ទដៃ ដែលខ្លួនបានអភិវឌ្ឍន៍អស់រយៈពេលជាង ៧ឆ្នាំ

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Tencent Holdings បាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួនគ្រោងនឹងចេញផ្សាយហ្គេមនៅលើទូរស័ព្ទដៃថ្មីមួយ ដែលមានឈ្មោះថា «Dungeon and Fighter» ខណៈពេលវេលារំពឹងទុកអាចនឹងមកដល់នៅថ្ងៃទី២១ ខែឧសភា បន្ទាប់ពីការអភិវឌ្ឍអស់រយៈពេល ៧ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។

ហ្គេមថ្មីនៅលើកំណែទូរស័ព្ទដៃនេះ ត្រូវបានគេឱ្យដឹងថា បានបង្កើតឡើងដោយការសហការរួមគ្នារវាងក្រុមហ៊ុន Tencent និងក្រុមហ៊ុនកូរ៉េ Nexon ហើយកន្លងមកមាននៅលើតែកំណែកុំព្យូទ័រប៉ុណ្ណោះ នឹងជាហ្គេមដែលរកចំណូលបានច្រើនបំផុតមួយរបស់ពិភពលោក។

បើតាមរបាយការណ៍ចេញផ្សាយហ្គេម «Dungeon and Fighter» នេះត្រូវបានចេញផ្សាយរួចហើយនៅក្នុងប្រទេសកូរ៉េខាងត្បូងកាលពីឆ្នាំ២០២២កន្លងទៅ ហើយវាបានក្លាយជាហ្គេមដ៏ពេញនិយមបំផុត។ ដោយឡែកចំពោះការចេញផ្សាយនៅក្នុងប្រទេសចិនផ្ទាល់ ត្រូវបានពន្យាពេល បន្ទាប់ពីរដ្ឋាភិបាលចិនបានបង្រ្គាបលើឧស្សាហកម្មហ្គេមរវាងឆ្នាំ២០១៨ និង ២០២២។

នៅក្នុងកំណត់ត្រាខែកុម្ភៈ ធនាគារវិនិយោគ Jefferies បានរំពឹងថាហ្គេមនេះនឹង «ទទួលបានចំណាត់ថ្នាក់កំពូលទាំង៥ នៅក្នុងចំណាត់ថ្នាក់ប្រាក់ចំណូល» នៅក្នុងប្រទេសចិន ហើយអាចរកប្រាក់ចំណូលបានពីចន្លោះពី ៦០០លានដុល្លារទៅ ១.១ពាន់លានដុល្លារ នៅក្នុងប្រាក់ចំណូលប្រចាំឆ្នាំនៅទីនោះ។ ប៉ុន្តែធនាគាររំពឹងថានឹងមាន «វិធីសាស្រ្តទប់ស្កាត់មួយចំនួនចំពោះការចូលរួម និងការរកប្រាក់»ក្នុងអំឡុងពេលចាប់ផ្តើមដំបូងរបស់ខ្លួន។

គួរជម្រាបដែរថា មុនពេលចេញផ្សាយជាសាធារណៈមកដល់ កាលពីខែមុននេះ Tencent បានធ្វើតេស្តលេងហ្គេមសាកល្បងជាមួយនឹងអ្នកប្រើប្រាស់ប្រមាណ ៣០០,០០០នាក់ ហើយទទួលបានលទ្ធផលល្អខ្លាំងគួរឱ្យកត់សម្គាល់៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: